តុលាការកំពូល ជម្រះបណ្តឹងសាទុក្ខ បុរសម្នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជាង ៩គីឡូក្រាម

ភ្នំពេញ ៖ តុលាការកំពូល កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅផ្ទះលេខ២៧ ផ្លូវ១១ ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨កន្លងទៅ។

លោក យូរ ឧត្តរា ជាប្រធានចៅក្រមប្រឹក្សា ជំនុំជម្រះ នៃតុលាការកំពូល បានអោយដឹងថា ជនជាប់ចោទ រូបនេះ មានឈ្មោះ ហេង សុខឡាយ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ជាគ្រូរបើកឡាន។

ក្នុងសំណុំរឿងនេះ ជនជាប់ចោទ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់គុកកំណត់២០ឆ្នាំ ពីបទ ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន យោងទៅតាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន។ ប៉ុន្តែ ជនជាប់ចោទ បានប្តឹងរឧទ្ទរណ៍ ខណៈសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដដែល។ គាត់ ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលថែមទៀតផងដែរ។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយពីធ្វើការឃាត់ខ្លួនបាន សមត្ថកិច្ចជំនាញ ដកហូតបាន គ្រឿងញៀន ប្រភេទម៉ាទឹកកក ទម្ងន់ ៩១២១,៣៩ ក្រាម, ទូរសព្ទដៃចំនួន ២គ្រឿង, និងជញ្ជីងសម្រាប់ថ្លឹងចំនួន ២គ្រឿង។

សូមបញ្ជាក់ថា សំណុំរឿងក្តីខាងលើនេះ ត្រូវបានតុលាការកំពូល លើកពេល ដើម្បីប្រកាសសាលដីកា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខវិញ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner