ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ពិចារណានាំចូលប្រេង ពីរុស្ស៊ី

ឥណ្ឌូនេស៊ី៖ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ កំពុងតែ ពិចារណានូវរាល់ជម្រើសទាំងអស់ ក្នុងការនាំចូលប្រេងពីរុស្សី ដែលការពិចារណានេះទៀតសោត ប្រមុខដឹកនាំឥណ្ឌូនេស៊ីថា មិនមែនធ្វើឡើងតែឥណ្ឌូនេស៊ីតែឯងទេ ប៉ុន្តែក៏មានការចូលរួម ផងដែរជាមួយប្រទេសមហាយក្សក្នុងតំបន់ផ្សេងទៀតនៅអាស៊ី ដូចជាឥណ្ឌា និងចិន ជាដើម។ នេះបើតាមការស្រង់សម្ដីលោកប្រធានាធិបតី ចូកូ វីដូដូ ផ្សាយ លើកាសែត Financial Time នៅថ្ងៃចន្ទ ទី១៣ ខែកញ្ញា។

ការពិចារណារបស់ប្រមុខដឹកនាំឥណ្ឌូនេស៊ីដូច្នេះ ធ្វើឡើងដើម្បី ទប់ទល់ នឹងតម្លៃថាមពលដែលរដ្ឋាភិបាលរបស់លោក ត្រូវបង្ខំចិត្ត ដំឡើងថ្លៃប្រេងឥន្ធនៈ ក្នុងអត្រាមួយខ្ពស់ រហូតដល់ទៅ៣០ភាគរយ នៅក្នុងខែកញ្ញានេះ។ ប៉ុន្តែការសម្រេចចិត្តទិញប្រេងពីរុស្ស៊ី ក្នុងតម្លៃ លើស ពីតម្លៃដែលកំណត់ដោយក្រុមប្រទេស G7 អាចធ្វើឲ្យ ឥណ្ឌូនេស៊ី ត្រូវប្រឈមមុខនឹងសម្ពាធ ឬទណ្ឌកម្មណាមួយពី សំណាក់ ប្រទេសលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកតែម្ដង ខណៈដែលឥណ្ឌូនេស៊ីខ្លួនឯង កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំកំពូល G20 នៅកោះបាលី ក្នុងខែវិច្ឆិកាខាងមុខ។ ជាកិច្ចប្រជុំដែលលោកប្រធានាធិបតីឥណ្ឌូនេស៊ី បានអញ្ជើញមេ ដឹកនាំ ពិភពលោក ដែលក្នុងនោះរួមមានទាំងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងលោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀ ហ្សេលេនស្គី មកចូលរួមផង។

ការទិញប្រេងពីរុស្ស៊ី បើតាមលោក ចូកូ វីដូដូ គឺជារឿងដែល ទាមទារឲ្យមានការគិតគូរឲ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្ត ហើយឥណ្ឌូនេស៊ីនឹងពិចារណាទៅលើជម្រើសទាំងអស់។ និងថា ប្រសិនបើមានប្រទេសផលិតប្រេង ដែលអាចផ្គត់ផ្គង់ប្រេងក្នុង តម្លៃមួយសមរម្យ នោះវាជារឿងល្អសម្រាប់រដ្ឋាភិបាល។ រដ្ឋាភិបាល ដែលបើតាមការសង្កត់ធ្ងន់របស់លោក ចូកូ វីដូដូ គឺមានកាតព្វកិច្ច ស្វែង រកប្រភពផ្សេងៗ ដើម្បីបំពេញតម្រូវការថាមពលរបស់ប្រជាជន ដែលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិថាមពលឡើងថ្លៃ ធ្វើឲ្យ ប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងអាជីវកម្មរបស់ពួកគេ។

ឥណ្ឌូណេស៊ី ដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេនៅ អាស៊ីអាគ្នេយ៍ បានអនុវត្តតាមគោលនយោបាយមិនចូលបក្សសម្ព័ន្ធ ជាមួយប្រទេសមហាអំណាចយូរមកហើយ ដោយលោក វីដូដូ បានធ្វើ ទស្សនកិច្ចនៅទីក្រុងមូស្គូ និងកៀវក្នុងខែមិថុនា ពោលគឺត្រឹម តែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងខែកុម្ភៈ ដើម្បីអញ្ជើញមេដឹកនាំរុស្ស៊ីចូលរួមកិច្ចប្រជុំ G20។

លោក David Sumual ប្រធានសេដ្ឋវិទូនៃធនាគារកណ្តាលអាស៊ី កណ្តាលបានគូសបញ្ជាក់ថា៖ «ប្រសិនបើឥណ្ឌូនេស៊ីទិញប្រេង ពីរុស្ស៊ី ជាជម្រើសមិនល្អប៉ុន្មានទេ ដោយសារប្រទេសឥណ្ឌូនេស៊ី ជាប្រទេសមិនចូលបក្សសម្ព័ន្ធ ហើយថែមទាំងជាស្ថាបនិកនៃចលនា ប្រជាជាតិមិនចូលបក្សសម្ព័ន្ធទៀតផង។»
យ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានដាក់សំណើលក់ប្រេង ទៅទីក្រុង ចាកាតា ក្នុងតម្លៃទាបជាងអត្រាទីផ្សារអន្តរជាតិចំនួន ៣០ភាគរយ។ ប៉ុន្តែ Pertaminaដែលជាក្រុមហ៊ុនប្រេងរដ្ឋរបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងកាលពីខែសីហាថា ខ្លួនកំពុងពិចារណា ពិសេសគឺពិនិត្យ មើលពីហានិភ័យនៃការទិញប្រេងពីរុស្ស៊ី។ នោះក៏ដោយសារ តែ សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន បានគំរាមដាក់ទណ្ឌកម្មលើ ប្រទេស ដែលហ៊ានទិញប្រេងពីរុស្ស៊ី ក្រោមតម្លៃដែលប្រទេស លោកខាងលិចបានកំណត់។

សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីបានជួបវិបត្តិថាមពល ដោយសារ ការប្រើប្រាស់ក្នុងស្រុកមានបរិមាណច្រើន ហើយតម្លៃថាមពល ក៏ខ្ពស់ទៀត សម្រាប់បម្រើដល់វិស័យចម្បងចំនួនពីររបស់ខ្លួន គឺធ្យូងថ្ម និងប្រេងដូង។
ការឡើងថ្លៃប្រេងនៅឥណ្ឌូនេស៊ី ជំរុញអតិផរណាឱ្យកើនឡើង ខ្ពស់ជាងមុន ហើយបង្ខំឱ្យធនាគារកណ្តាលឥណ្ឌូនេស៊ី បង្កើន អត្រាការប្រាក់ ដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។

គួរកត់សម្គាល់ថា ប្រសិនបើឥណ្ឌូណេស៊ី ចូលរួមជាមួយឥណ្ឌា និង ចិន ទិញប្រេងពីរុស្ស៊ី នោះវានឹងជួយឱ្យទីក្រុងមូស្គូ បានទទួល ប្រាក់ចំណូល ជំនួសឲ្យការខាតបង់របស់ខ្លួនពីទណ្ឌកម្ម និងការធ្លាក់ ចុះនៃអត្រាលក់ប្រេងទៅអឺរ៉ុប។

ក្រៅពីសំណុំរឿងទិញប្រេងនេះ ឥណ្ឌូណេស៊ីនិងរុស្ស៊ី មានគម្រោង ថាមពលធំៗជាច្រើនដែលត្រូវបានគ្រោងទុក ពីពេលមុនរួច ទៅ ហើយ ដែលរួមមានរោងចក្រចម្រាញ់ប្រេងតម្លៃរាប់ពាន់លានដុល្លារ នៅកោះជ្វាខាងកើត ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុន Pertamina និង Rosneft របស់រុស្ស៊ី។ ក្រុមហ៊ុន Zarubezhneft គ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី មានភាគហ៊ុនពាក់កណ្តាលនៅក្នុងប្លុក រុករកប្រេង និងឧស្ម័ន Tuna នៅសមុទ្រចិនខាងត្បូង ដែលជាតំបន់ នៅជិតព្រំដែនសមុទ្រឥណ្ឌូនេស៊ីជាមួយវៀតណាម។

ទាក់ទងនឹងកិច្ចប្រជុំកំពូល G20 នៅកោះបាលី លោកប្រធានាធិបតី ឥណ្ឌូនេស៊ី គូសបញ្ជាក់ថា លោកពូទីន និងលោកហ្សេលេស្គី នឹង ចូលរួម ជាមួយមេដឹកនាំពិភពលោកផ្សេងទៀត ដូចជាប្រធានាធិបតី ចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក ចូ បៃដិន ដោយ បន្ថែម ថា វេទិកាកិច្ចប្រជុំកំពូល G20 នៅកោះបាលីនេះ នឹងបើក ឱកាស ឲ្យប្រធានាធិបតីអ៊ុយក្រែន អាចថ្លែងសុន្ទរកថាលោកបាន ប្រសិនបើលោកចង់ថ្លែង៕
ដោយ៖កែវ កិរិយា

ads banner