សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីអភិវឌ្ឍន៍តំបន់រុនតាឯក ទៅជាទីក្រុងមួយ

សៀមរាប៖ ថ្លែងនៅក្នុងវេទិកាសាធារណៈក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋនៅក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបំពេញតម្រូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីដូចជា៖ ការស្ថាបនាផ្លូវ ការផ្គត់ផ្គង់សេវាទឹកស្អាត អគ្គិសនី មន្ទីរពេទ្យ សាលារៀន ផ្សារ និងសេវាអ៊ីនធើណេតសម្រាប់ប្រើប្រាស់។ ក្នុងនោះសម្ដេច បានបញ្ជាឱ្យមានការក្រាលផ្លូវកៅស៊ូដែលតភ្ជាប់ពីផ្លូវកៅស៊ូស្រាប់ចូលមកក្នុងភូមិ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សម្ដេចបានបន្តថា៖ ផ្លូវដែលតភ្ជាប់តាមភូមិត្រូវឈូសឆាយវា យើងបានធ្វើចំនួន ១៨គីឡូម៉ែត្រ ហើយនៅក្នុងចំណោម ១៤០គីឡូម៉ែត្រ ប៉ុន្តែខ្ញុំសំណូមពរទាមទារឱ្យមានការចាក់កៅស៊ូតភ្ជាប់ពីផ្លូវចាក់កៅស៊ូហ្នឹង!ចូលមកក្នុងតំបន់នេះជាបឋម។

ជាមួយគ្នានេះ សម្ដេចតេជោ នាយកររដ្ឋមន្ត្រី ក៏បានធ្វើការអនុម័ត ដោយឱ្យមានការរៀបចំតភ្ជាប់នូវគម្រោងទឹកស្អាតប្រើប្រាស់ ដើម្បីអាចធ្វើឱ្យតំបន់នេះក្លាយទៅជាកូនក្រុងមួយនិងមានមូលដ្ឋានទឹកស្អាតផងដែរ។

សម្ដេចតេជោបន្ថែមថា៖ ការរៀបចំហ្នឹង ដើម្បីធ្វើឱ្យ រុនតាឯក ក្លាយទៅជាកូនក្រុងមួយ ថ្ងៃក្រោយដាក់ក្រុងរុនតាឯក។ ឥឡូវហ្នឹងជីកអណ្ដូងក៏ជីកទៅ ប៉ុន្តែប្រភពទឹកស្អាត និងត្រូវមកដល់តែ ១៨គីឡូម៉ែត្រទេ ដែលដាក់ទុយោហើយតម្លៃវាត្រឹមតែ ៣លាននោះទេធ្វើទៅ! ដើម្បីឱ្យប្រជាពលរដ្ឋនៅតំបន់នេះ មានមូលដ្ឋានទឹក យកទឹកស្អាតយកមកប្រើ ផ្គត់់ផ្គង់តំបន់នេះ។

សម្រាប់វិស័យអប់រំសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យមានការបង្កើតជា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលអាចបំពេញនូវតម្រូវការប្រជាពលរដ្ឋនៅក្នុងភូមិ ក៏ដូចជាដើម្បីធានានូវការបណ្ដុះបណ្ដាលមួយយ៉ាងពេញលេញផងដែរ។

សូមបញ្ជាក់ថា គម្រោងកសាងបន្ថែមនេះមានដូចជា៖ អគារសិក្សាចំនួន ១ខ្នងដែលមាន ៣ជាន់ និង១៨បន្ទប់ និងអគារទីចាត់ការ ១ខ្នង ដែលមាន៣បន្ទប់ ដែលនឹងរៀបចំទៅជាវិទ្យាល័យ-អនុវិទ្យាល័យ និងអគារស្នាក់នៅសម្រាប់គ្រូបង្រៀនចំនួន ១ខ្នង ដែលមាន ២ជាន់និង២០បន្ទប់សម្រាប់គ្រូចំនួន ២០នាក់។

មួយវិញទៀត សម្រាប់វិស័យសុខាភិបាល គឺនឹងសាងសង់មណ្ឌលសុខភាពចំនួន ៣ខ្នងដែល មានមួយខ្នងសម្រាប់ជំងឺទូទៅ មួយខ្នងសម្រាប់អគារសម្ភព និងមួយខ្នងទៀតសម្រាប់អគារស្នាក់នៅដែលមាន ២០បន្ទប់។ ក្រៅពីនេះ គឺការសាងសង់ផ្សារចំនួន ៨ខ្នងសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់អាចធ្វើអាជីវកម្ម បាន ក៏ដូចជាសេវាទូរស័ព្ទនិងអ៊ីនធើណេតផងដែរ។

សម្ដេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ វានឹងធ្វើឱ្យភូមិរុនតាឯក ប្រែក្លាយទៅជាភូមិអភិវឌ្ឍមួយនាពេលខាងមុខ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner