រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអំពាវនាវស្ដីពីការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីអំពាវនាវមួយ ស្ដីពីការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅក្នុងឱកាសបុណ្យ កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ។ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលចាប់ផ្តើម ពីថ្ងៃទី១១ខែកញ្ញា រហូត២៣ខែកញ្ញាខាងមុខ។

នៅក្នុងសេចក្ដីអំពាវនាវកម្រាស់២ទំព័រដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និង ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវ គោក បានលើកឡើងថា អត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ហាក់មាននិន្នាការកើនឡើងគួរឲ្យព្រួយបារម្ភ បន្ទាប់ពីស្ថានភាព ប្រទេស ជាតិបានត្រឡប់មកដំណើរការវិញយ៉ាងសកម្មើលគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មីតាមរយៈការបើកដំណើរការប្រទេសឡើងវិញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសារតែការឆ្លងជំងឺ កូវីដ២៩ មានសភាពធូរស្រាល។

ដោយក្ដីបារម្ភ សម្តេចក្រឡាហោម ស ខេងបាន អំពាវនាវដល់ សាធារណជនដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ខិតខំយកចិត្ត ទុកដាក់ បង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ លោកស្នើដល់អ្នកបើកបរ ត្រូវបន្ថយល្បឿនបើកបរទៅ តាមច្បាប់ កំណត់ និងតាមស្ថានភាពជាក់ស្ដែង, គោរពសិទ្ធិអាទិភាពនៅ ត្រង់ផ្លូវប្រសព្វ ហើយមុននឹងបើកបរវ៉ាជែង អ្នកបើកបរត្រូវដឹង ច្បាស់ថា ផ្លូវខាងមុខទំនេរ អាចជែងបានដោយសុវត្ថិភាព ចៀស វាងការវ៉ាជែងដោយប្រថុយប្រថាន ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ចរាចរណ៍ជាយថាហេតុ។

ដោយឡែក ចំពោះរថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ លោកអំពាវនាវសូមកុំឲ្យផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ជាពិសេសរថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុកមនុស្សនៅលើដំបូល និងមិនត្រូវតម្លើងថ្លៃធ្វើដំណើរជាដើម។

មុនពេលធ្វើដំណើរ ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ស្នើឲ្យអ្នកបើកបរត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន ជំនិះរបស់ខ្លួន ហើយត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព ឲ្យបានត្រឹមត្រូវ ជាប់ ជា ប្រចាំ។ ចំណែកអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ត្រូវពាក់ មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ បើទោះបីជាធ្វើដំណើរជិតឬឆ្ងាយក្ដី, មិនត្រូវបើកបរពេលងោកងុយ ឬកក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន ព្រមទាំងត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ សីលធម៌ និងការអធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ចរាចរណ៍ និងសម្រួលស្ថានភាពកក ស្ទះចរាចរណ៍។

សូមបញ្ជាក់ថា តាមរបាយការណ៍ស្ដីពីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ក្នុងរយៈពេល៦ខែ ឆ្នាំ២០២២ ស្ថានភាព គ្រោះថ្នាក់ចរាចរណ៍កើតឡើង ១.៦០០លើក។ ចំនួននេះ មានការកើនឡើង៣៤៨លើកបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលប្រាំមួយខែនៃឆ្នាំ២០២២នេះ បានបណ្ដាលឲ្យមនុស្សស្លាប់៩៤២នាក់ និងរបួសធ្ងន់ស្រាល ចំនួន២.២៣៥នាក់។ មូលហេតុបង្កគ្រោះទាំងនោះកើតឡើងដោយសារតែល្មើសល្បឿន បើកបរមិនគោរពសិទ្ធិ បើកបរស្ថិតក្រោមស្ថានភាពស្រវឹង បើកបរ មិនប្រកាន់ស្ដាំ បើកបរវ៉ាជែង បើកបរស្ថិតក្រោមភាពងងុយដេក និងបណ្ដាលមកពីកត្តាយានយន្ត៕
ដោយ៖កែវ កិរិយា

ads banner