អ៊ុយក្រែនអំពាវនាវសុំជំនួយសព្វាវុធបន្ថែមពីលោកខាងលិច ខណៈខ្លួនមានប្រៀបច្រើនលើរុស្ស៊ីនៅសមភូមិ

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យលោកខាងលិចពន្លឿនការផ្គត់ផ្គង់ប្រព័ន្ធសព្វាវុធបន្ថែមទៀត ខណៈដែលកងទ័ពអ៊ុយក្រែនកំពុងបន្តឆ្ពោះទៅមុខ ដើម្បីពង្រឹងការគ្រប់គ្រងលើទឹកដីភាគឦសានដ៏ធំដែលរំដោះបានមកវិញពីកងកម្លាំងរុស្ស៊ី។

ថ្លែងនៅក្នុងសុន្ទរកថា ប្រចាំថ្ងៃមួយ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ដើម្បីប្រឆាំងនឹងពួកភេរវកររុស្ស៊ី។

ជាមួយគ្នានេះ លោក ហ្សេលេនស្គី ក៏បានអះអាងដែរថា ចាប់តាំងពីដើមខែកញ្ញាមក ទាហានរបស់យើងរំដោះបានទឹកដីអ៊ុយក្រែនប្រហែល ៦,០០០គីឡូម៉ែត្រក្រឡាហើយ នៅភាគខាងកើត និងភាគខាងត្បូងនៃប្រទេស ហើយយើងកំពុងបន្តឆ្ពោះទៅមុខ។

គិតមកទល់ពេលនេះ កងកម្លាំងអ៊ុយក្រែនបានបន្តវាយរំដោះទឹកដីរបស់ខ្លួនកាន់តែច្រើនកាលពីថ្ងៃចន្ទសប្តាហ៍នេះ និងបានចាប់ខ្លួនកងទ័ពរុស្ស៉ីជាច្រើននាក់ផងដែរ ព្រមទាំងរឹបអូសបានអាវុធមួយចំនួនធំ។

ចាប់តាំងពីរុស្ស៊ីបានបោះបង់ចោលបន្ទាយសំខាន់របស់ខ្លួននៅភាគឦសានប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ ដែលជាការបរាជ័យដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីដើមដំបូងនៃសង្គ្រាមមក កងទ័ពអ៊ុយក្រែនបានដណ្តើមយកទីក្រុងជាច្រើនមកវិញ ក្នុងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងសន្ទុះលើសមរភូមិ៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner