តំណាងមនុស្សចាស់មកពី២៥ខេត្ត-រាជធានី ចង់បានមណ្ឌលថែទាំ មនុស្សចាស់នៅកម្ពុជា

បាត់ដំបង៖ មណ្ឌលថែទាំមនុស្សចាស់បង្កើតឡើងដោយរដ្ឋ បាន ក្លាយជាក្ដីប្រាថ្នារបស់តំណាងមនុស្សចាស់មកពី២៥រាជធានី-ខេត្ត។ក្ដីប្រាថ្នានេះត្រូវបានលើកបង្ហាញនៅក្នុងវេទិកាមនុស្សចាស់ថ្នាក់ជាតិ ក្រោមប្រធានបទ «សោធនសង្គម សម្រាប់មនុស្សវ័យចាស់» ដែលរៀបចំនៅមហាស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២២។

ថ្លែងនៅក្នុងវេទិកាថ្នាក់ជាតិនេះ ឯកឧត្តម សំហេង បុរស ប្រតិភូអម នាយករដ្ឋមន្ត្រី និងជារដ្ឋលេធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទានប្រាប់ថា លោកធ្លាប់ពាំនាំសំណើនេះទៅ កាន់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ តែសម្តេច តេជោបារម្ភ ខ្លាចថា បើមានមណ្ឌលមនុស្សចាស់នៅកម្ពុជា នោះកូនលែងមាន ទំនួលខុសត្រូវចំពោះឪពុក-ម្ដាយ។

នៅក្នុងវេទិកានេះ អ្នកស្រី ហៀង យ៉ាត មកពីសមាគមសេដ្ឋ កិច្ចក្រៅប្រព័ន្ធ លើកឡើងដោយខ្លីថា មណ្ឌល ថែទាំមនុស្ស ចាស់សំខាន់ និងចាំបាច់សម្រាប់មនុស្សចាស់ ដែលគ្មានកូន និងមនុស្សចាស់ទុរគត។

ចំណែកលោក ហែម ផាន តំណាងមនុស្សចាស់ក្នុងសង្កាត់ភ្នំពេញថ្មី ឯកភាពចំពោះកង្វល់របស់សម្តេចតេជោ ហ៊ុន សែន ខ្លាចវត្តមាន មណ្ឌល ថែទាំមនុស្សចាស់នាំ ឲ្យកូនលែងមានទំនួលខុសត្រូវ។ តែលោកថា បើមើលលើទិដ្ឋភាពជាក់ស្ដែងមនុស្សចាស់នៅកម្ពុជា កាន់តែចាស់មានបន្ទុកច្រើនដូចជា៖ បន្ទុកនៃការថែទាំចៅ បន្ទុកជំងឺ និងគ្មានសំឡេងនៅក្នុងសហគមន៍។

លោកថា៖ «មនុស្សចាស់នៅបរទេស កាន់តែចាស់កាន់តែស្រណុក អង្គុយហូបតែ។ រីឯខ្មែរយើង កាន់តែចាស់ នៅអង្គុយមើលចៅ។ អ៊ីចឹងហើយ សំណូមពររបស់ខ្ញុំ សុំឲ្យឯកឧត្តម សំហេង បុរស ពាំនាំ ពាក្យមនុស្សចាស់ទៅកាន់រដ្ឋាភិបាល បង្កើតមណ្ឌលណាមួយ ដើម្បី ជួយសម្រាលបន្ទុកមនុស្សចាស់បានខ្លះ ព្រោះកាន់តែចាស់ទៅ យើង ចង់ទៅរកកន្លែងណាដែលស្រួលដែរហើយយើងចង់ឲ្យមណ្ឌលនោះផ្ដល់សេវាហូបចុក ពេទ្យព្យាបាល និងកន្លែងធ្វើលំហាត់ប្រាណ។»
ឯកឧត្តម សំហេង បុរស បានគូសបញ្ជាក់ទៀតថា ប្រមុខរដ្ឋាភិបាល មិន ដាច់ណាត់ថា មិនឲ្យបង្កើតមជ្ឈមណ្ឌលថែទាំមនុស្សចាស់ទេ តែ ធាតុពិតជាក់ស្ដែងលោកបានអនុញ្ញាតរួចហើយ។

លោកបន្ថែមថា៖ «មកដល់ម៉ោងនេះ ក្រសួងសង្គមកិច្ចរបស់យើង បានរៀបចំមណ្ឌលខ្លះហើយនិងអនុញ្ញាតឲ្យមានមជ្ឈមណ្ឌលឯកជនទៀត សម្រាប់មនុស្សចាស់មានលទ្ធភាព មនុស្សចាស់មិនមាន លទ្ធភាពប្រើប្រាស់របស់រដ្ឋ។

ឯកឧត្តម សំហេង បុរស បញ្ជាក់ថា រដ្ឋាភិបាលមិនមានលុយសាង សង់មណ្ឌលថែទាំមនុស្សចាស់គ្រប់ភូមិទេ ព្រោះមនុស្សចាស់ នៅកម្ពុជាមានចំនួនដល់ទៅ១,២លាននាក់ទូទាំងប្រទេស។

ឯកឧត្តម សំហេង បុរស បានបញ្ជាក់ថា «បើបង្កើតមណ្ឌល គ្រប់ភូមិអស់លុយច្រើន បើសូម្បីតែសាលាឃុំយើងសង់ មិនទាន់បានអស់ផង។ ជាយោបល់ខ្ញុំត្រឡប់ទៅវិញ នៅគ្រប់ ភូមិយើងមានវត្តអារាមស្ទើរតែទាំងអស់។ គ្រាន់តែថាវត្តអត់មាន ប្រព័ន្ធគ្រប់គ្រងក្នុងការជួយមនុស្សចាស់នៅឡើយ។ តែយើងអាច ធ្វើបែបនេះវិញ ដោយរដ្ឋាភិបាលផ្ដល់កញ្ចប់ថវិកាដល់ សមាគមថែទាំមនុស្សចាស់នៅតាមវត្តវិញ។ តើធ្វើអ៊ីចឹងបានអត់? ហើយខ្ញុំនឹងសាកល្បងវិធីនេះជាមួយអង្គការ HelpAge Cambodia និង UNDP ប្រើប្រាស់វត្តជាទីកន្លែងថែទាំមនុស្សចាស់ សាកសិនធ្វើបានឬមិនបាន»។

បន្ថែមពីលើនេះ តំណាងមនុស្សចាស់ ២៥រាជធានី-ខេត្ត អំពាវនាវ ដល់រដ្ឋាភិបាល ពិចារណាផ្តល់ប្រាក់ឧបត្ថមវ័យចាស់ទូទៅ ជា អាទិភាព ដើម្បីជួយដោះស្រាយបញ្ហា ជីវភាព សុខភាព ទាំងក្នុងអំឡុង និងក្រោយផលប៉ះពាល់នៃជំងឺកូវីដ១៩។

លោកស្រី អ៊ូ វណ្ណដា អាយុ ៦៧ឆ្នាំ និងជាប្រធានបណ្តាញ មនុស្សវ័យចាស់កម្ពុជា ដែលតំណាងអោយសមាជិកជាងពីរ ម៉ឺននាក់ថ្លែងថា ប្រាក់ឧបត្ថម្ភសង្គមសម្រាប់មនុស្សវ័យចាស់ ពិតជាចាំបាច់ និងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគាត់ ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីជៀសផុតការធ្លាក់ ចូល ទៅក្នុងភាពក្រីក្រ និងងាយរងគ្រោះ។

លោក ទុំ វីរ៉ា នាយកប្រតិបត្តិ អង្គការមនុស្សចាស់កម្ពុជា មើល ឃើញថា ទោះជារាជរដ្ឋាភិបាលបានខិតខំ យកចិត្តទុកដាក់ជួយ ដោះស្រាយ បញ្ហាប្រជាជនងាយរងគ្រោះរួមទាំងមនុស្ស ចាស់យ៉ាង ណាក្ដី ក៏មនុស្សចាស់នៅតែប្រឈមនឹងបញ្ហា និងមានតម្រូវការ ជាច្រើន ដែលពុំទាន់ទទួលបានការដោះស្រាយ។ លោកថា៖ «តាមរយៈវេទិកាមនុស្សចាស់ថ្នាក់ជាតិលើកទីមួយ កាលពីដើម ខែកុម្ភៈ ឆ្នាំ២០២១ មនុស្សចាស់បានលើកពីបញ្ហាប្រឈម និងតម្រូវការដែលបានស្នើរទៅរាជរដ្ឋាភិបាល ក្នុងនោះមានដូចជា ការផ្តល់ប្រាក់ឧត្ថមដល់មនុស្សវ័យចាស់គ្រប់ៗគ្នា ទោះជាប្រាក់មាន ចំនួនតិច ឬច្រើន និងក្នុងអាយុណាមួយ។ នេះគឺជាអាទិភាពទីមួយ។ បើយើងប្រៀបធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលរួមទាំងប្រទេសទីម័រ ផងដែរនោះ គឺមានតែ ប្រទេសកម្ពុជា និង ប្រទេស ឡាវ តែប៉ុណ្ណោះ ដែលពុំទាន់មានកម្មវិធីសោធនសង្គម ឬកម្មវិធីឧបត្ថមសាច់ប្រាក់សម្រាប់មនុស្សចាស់ទូទៅ។»

ឯកឧត្តម សំហេង បុរស បានគូសបញ្ជាក់ថា រដ្ឋាភិបាលកំពុង គិតគូរ លើបញ្ហានេះហើយ។ សូមជម្រាបជូនថា វ័យរាប់ថា ចាស់មានអាយុចាប់ ពី៦០ឆ្នាំឡើងទៅ។ ក្នុងឆ្នាំ២០១៩ មនុស្សចាស់នៅកម្ពុជាសរុប១,២លាននាក់ និងជាង៨ភាគរយ នៃប្រជាជនសរុប១៥លាននាក់ ហើយចំនួនមនុស្ស ចាស់នឹង កើនឡើងបួនលាននៅឆ្នាំ២០៥០៕
ដោយៈអេង រាជនី
រូបថត៖ទិដ្ឋភាពវេទិកាមនុស្សចាស់ថ្នាក់ជាតិ ក្រោមប្រធានបទ «សោធនសង្គម សម្រាប់មនុស្សវ័យចាស់» ដែលរៀបចំនៅមហាស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២២

ads banner