ចិនព្រមានពីការគំរាមកំហែង នៃការរីកសាយភាយអាវុធនុយក្លេអ៊ែរ

វ៉ាស៊ីនតោន៖ ចិនបានចោទប្រកាន់សហរដ្ឋអាមេរិក ចក្រភព អង់គ្លេស និងអូស្ត្រាលី ពីការផ្ទេរសម្ភារៈនុយក្លេអ៊ែរប្រកបដោយ ហានិភ័យទៅឱ្យសម្ព័ន្ធមិត្ត ស្ថិតក្រោមកតិកាសញ្ញា AUKUS ដោយ ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យ អង្គការឃ្លាំមើលថាមពលអាតូមិកអន្តរជាតិ ទទួលបន្ទុកការត្រួត ពិនិត្យ លើកិច្ចព្រមព្រៀងនេះ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ (IAEA) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បេសកជនចិន ប្រចាំអង្គការសហប្រជាជាតិ លោក Wang Qun បាននិយាយថា បេសកកម្មរបស់ចិនបានស្នើសុំការពិភាក្សាជាផ្លូវការមួយ ស្តីអំពី ការផ្ទេរសម្ភារៈនុយក្លេអ៊ែរ នៅក្នុងបរិបទនៃកតិកាសញ្ញា AUKUS និងការការពាររបស់វាក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ស្ថិតក្រោម សន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT)។

ជាមួយគ្នានេះ លោក Wang បានជំរុញឱ្យ IAEA រក្សា “អព្យាក្រឹត” ខាងនយោបាយ និង “បន្តផ្តល់វេទិកាសម្រាប់ដោះស្រាយ ហានិភ័យ នៃការរីកសាយភាយ នៃកតិកាសញ្ញា AUKUS” ដោយបន្តចោទ ប្រកាន់ប្រទេសទាំងបីថា បានរារាំងការអនុវត្តកាតព្វកិច្ចរបស់ IAEA និងធ្វើឱ្យអន្តរាយដល់អន្តរជាតិ រួមទាំងសណ្តាប់ធ្នាប់ពហុភាគីនិយម និងសន្តិភាពពិភពលោក។

សូមរម្លឹកផងដែរថា សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង “AUKUS” ត្រីភាគីកាលពីឆ្នាំមុន ក្នុងនោះប្រទេសពីរបានប្តេជ្ញាថា នឹងជួយទីក្រុងកង់បេរ៉ា ទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

កិច្ចព្រមព្រៀងនេះមានភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅពេលនោះ ដែលនាំឱ្យអូស្ត្រាលីបោះបង់កិច្ចសន្យាពីមុន ដើម្បីទទួលបាននាវា មុជទឹកដែលផលិតដោយបារាំង ដែលជាទង្វើបង្កឱ្យមានកំហឹង ការទូតពីទីក្រុងប៉ារីស៕
ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner