កូរ៉េខាងត្បូងព្រមានថា កូរ៉េខាងជើងនឹងបំផ្លាញខ្លួនឯង ប្រសិនបើហ៊ានប្រើអាវុធនុយក្លេអ៊ែរ

សេអ៊ូល៖ កូរ៉េខាងត្បូង នៅថ្ងៃអង្គារសប្តាហ៍នេះ បានព្រមានកូរ៉េខាងជើងថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង គឺស្មើនឹងការបំផ្លាញខ្លួនឯង ដែលនេះជាភាសាដ៏ឃោឃៅមិនធម្មតា ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានអនុម័តច្បាប់ថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យខ្លួនប្រើប្រាស់អាវុធនុយក្លេអ៊ែរជាមុន។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានលើកឡើងថា ច្បាប់របស់កូរ៉េខាងជើងនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពឯកោរបស់ប្រទេសខ្លួន ហើយជំរុញឱ្យកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កាន់តែពង្រឹងសមត្ថភាពទប់ស្កាត់ និងប្រតិកម្មតបតបន្ថែមទៀត។

ដើម្បីរារាំងកូរ៉េខាងជើងពីការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួននោះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា ទីក្រុងសេអ៊ូល នឹងជំរុញយ៉ាងខ្លាំងនូវផែនការវាយប្រហាររបស់ខ្លួន ការការពារមីស៊ីល និងសមត្ថភាពសងសឹកដ៏ធំ ខណៈដែលកំពុងស្វែងរកការប្តេជ្ញាចិត្តផ្នែកសន្តិសុខកាន់តែច្រើនឡើងរបស់អាមេរិក ដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន ជាមួយនឹងមធ្យោបាយដែលមានទាំងអស់ រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ។

អ្នកនាំពាក្យស្តីទីរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Moon Hong Sik បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា យើងសូមព្រមានថា រដ្ឋាភិបាលកូរ៉េខាងជើងនឹងប្រឈមមុខនឹងការឆ្លើយតបដ៏លើសលប់ដោយសម្ព័ន្ធយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ហើយកូរ៉េខាងជើងនឹងបន្តដើរលើមាគ៌ា នៃការបំផ្លិចបំផ្លាញខ្លួនឯង ប្រសិនបើខ្លួនព្យាយាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

កូរ៉េខាងជើងទំនងជានឹងមានការខឹងសម្បារ ចំពោះវោហាសាស្ត្ររបស់កូរ៉េខាងត្បូងខាងលើ ខណៈដែលទីក្រុងសេអ៊ូល ជាធម្មតា បានបដិសេធប្រើពាក្យសម្ដីខ្លាំងៗបែបនេះ ដើម្បីជៀសវាងការបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner