សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ត្រូវតែពង្រឹងផ្នែកធនធានមនុស្ស ដើម្បីសម្រេចជោគជ័យរបស់ខ្លួន

ភ្នំពេញ៖ កត្តាធនធានមនុស្សជាផ្នែកដ៏សំខាន់ ដែលបង្ហាញពីចំណុចខ្វះខាតរបស់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត គឺកត្ដាធនធានមនុស្ស ត្រូវពង្រឹងបន្ថែម ដើម្បីសម្រួចគោលដៅរបស់ខ្លួន នេះការលើកឡើងរបស់លោក Oliver Scheer ជំនាញការអន្ដរជាតិ មកពីស្ថាប័នកីឡាអត្តពលកម្មពិភពលោក (World Athletics) បន្ទាប់ពីបានចូលរួមគម្រោងការអភិវឌ្ឍប្រព័ន្ធកីឡាជាតិ សម្រាប់កីឡាអត្តពលកម្ម ដែលជាគម្រោងក្រោមជំនួយឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិក តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយស្ថាប័នអត្តពលកម្មពិភពលោក និងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នេះ។

អ្នកជំនាញរូបនេះ បានបញ្ជាក់ថា «អ្វីដែលយើងមើលឃើញ គឺកត្ដាធនធានមនុស្ស ដើម្បីធ្វើការជារួម និងការបង្កើតជាគម្រោង តែដោយសារយើងខ្វះធនធានមនុស្ស ធ្វើឲ្យគម្រោងពិបាកនឹងដំណើរការ។ ក្នុងនោះកម្រិតថ្នាលយើង មិនទាន់មានអ្វីច្បាស់លាស់។ ធ្វើអោយយើងមិនអាចមានលទ្ធផលល្អ។ ក្រោយពីបានវាយតម្លៃហើយ ក៏មើលឃើញថា ស្ថានភាពកន្លែងណាខ្លះ ដែលយើងត្រូវលូតលាស់បន្ថែម ហើយអ្វីខ្លះដែលយើងត្រូវបង្កើត ដោយសារជាការសម្រួចគោលដៅទៅថ្ងៃមុខ»។

លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC បានបញ្ជាក់ថា គម្រោងខាងលើ ផ្ដោតសំខាន់លើ ២ចំណុច គឺទី១-ពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធនៃការបង្ហាត់របស់គ្រូបង្វឹក និងទី២-ការរៀបចំកែសម្រួល និងអភិវឌ្ឍ គ្រប់គ្រងរចនាសម្ព័ន្ធរបស់សហព័ន្ធ។ តាមការបញ្ជាក់របស់អ្នកជំនាញការអន្ដរជាតិរូបនេះ គឺមានចំណុចជាច្រើន ដែលសហព័ន្ធត្រូវធ្វើការពិនិត្យ និងកែសម្រួល ហើយលោកនឹងរៀបចំផែនការយុទ្ធសាស្ដ្រ និងការបណ្ដុះបណ្ដាល ដើម្បីអភិវឌ្ឍទៅតាមអ្វីដែលលោកមើលឃើញ តាមរយៈកិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោកបន្ដថា «សម្រាប់គម្រោងនេះ មានសារសំខាន់ ដោយសារយើងត្រូវការមានជំនាញការមកពីអន្ដរជាតិ មានន័យថា ជំនាញការរបស់សហព័ន្ធពិភពលោកតែម្ដង ដើម្បីធ្វើការវាយតម្លៃស្របទៅតាមប្រព័ន្ធ និងស្ដង់ដាររបស់គាត់ ដែលគាត់មានជាសូចនាករសំខាន់ៗ និងច្បាស់លាស់ ដើម្បីកំណត់ថា តើស្ថានភាពរបស់សហព័ន្ធខ្មែរអត្តពលកម្ម ស្ថិតនៅកម្រិតណា? ហើយចំណុចណា ដែលគាត់ត្រូវធ្វើការកែសម្រួល? ហើយត្រូវការកែសម្រួលតាមវិធីណា? គាត់នឹងមានវិធីសាស្ដ្រច្បាស់លាស់ ដើម្បីរៀបចំ និងពង្រឹងសហព័ន្ធខ្មែរអត្តពលកម្មផងដែរ»។

សូមបញ្ជាក់ថា តាមរយៈគម្រោង ដែលឧបត្ថម្ភគាំទ្រដោយអង្គការសាមគ្គីអូឡាំពិកនេះដែរ លោក Oliver Schee នឹងធ្វើដំណើរទស្សនកិច្ចមកកម្ពុជាម្ដងទៀត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ខាងមុខ ដើម្បីធ្វើសិក្ខាសាលា ស្ដីពីការវាយតម្លៃរចនាសម្ព័ន្ធ/យុទ្ធសាស្ដ្រគម្រោង និងរៀបចំប្រព័ន្ធនៃការបង្វឹក ដល់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ព្រមទាំងការរៀបចំសិក្ខាសាលា បណ្ដុះបណ្ដាលគ្រូបង្វឹកប្រចាំចំនួន ១២លើក តាមរយៈប្រព័ន្ធ Online ផងដែរ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner