ជួបជុំភ្ជុំបិណ្ឌ៖ អ្នកជំនាញសុខាភិបាលបារម្ភនៅពេល ដែលពលរដ្ឋ ខ្មែរមិនសូវទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសជំរុញ

ភ្នំពេញ៖នៅកម្ពុជា ដ្បិតតែការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូស មូលដ្ឋាន សម្រេចបានដល់ចំនួនជិត៩៥ភាគរយ នៃចំនួនប្រជាជន សរុប១៦លាននាក់ហើយក៏ដោយ ក៏អត្រាចាក់វ៉ាក់សាំងដូសជំរុញ នៅតែមានចំនួនកើនឡើងច្រើននៅឡើយ។

ដោយសារតែការចាក់វ៉ាក់សាំងដូសជំរុញ មិនមានសន្ទុះទៅមុខ ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវម្ដងហើយម្ដងទៀត ឲ្យ ប្រជាពលរដ្ឋ អញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញ ទី៣ និងទី៤។

ខណៈដែលកម្ពុជាកំពុងតែប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខ ក្រសួងសុខាភិបាល បានអំពាវនាវ និងជំរុញឲ្យ អាជ្ញាធរមូលដ្ឋានខេត្ត-ស្រុកទាំងអស់ ចូលរួមបន្តចាក់វ៉ាក់សាំងដល់ ប្រជាពលរដ្ឋ។

ការចាក់វ៉ាក់សាំងដូសជំរុញ បើតាមក្រសួងសុខាភិបាល គឺដើម្បីឲ្យ ប្រជាពលរដ្ឋចូលរួមបង្ការ និងទប់ស្កាត់ កុំឲ្យមានការរីករាលដាល ឆ្លងជំងឺកូវីដ-១៩ ជាលក្ខណៈសហគមន៍ម្ដងទៀត នៅក្នុងប្រទេស កម្ពុជា។

ជុំវិញរឿងនេះ លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន វេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងប្រាប់ នៅថ្ងៃទី១៤ ខែកញ្ញានេះថា៖ «បច្ចុប្បន្ននេះ កម្រិត នៃការឆ្លងជំងឺកូវីដ-១៩នៅប្រទេសកម្ពុជា គឺនៅមាន កម្រិត ទាបទេ ហើយវាគ្មានអ្វីដែលគួរឱ្យព្រួយបារម្ភឡើយ ដោយសារតែនៅ តាម មូលដ្ឋាន ប្រជាពលរដ្ឋស្ទើរតែគ្រប់ គ្នាបានទទួលវ៉ាក់សាំង។ ប៉ុន្តែអ្វី ដែលជាការព្រួយបារម្ភនោះ គឺវ៉ាក់សាំងដូសជំរុញ ប្រជាពលរដ្ឋមួយ ចំនួននៅមិនទាន់បានទៅចាក់ តាមការអំពាវនាវរបស់ក្រសួង សុខាភិបាល នៅឡើយ។»

លោកលើកឡើងថា៖ «ក្នុងកំឡុងពេលពិធីកាន់បិណ្ឌនេះ ចំនួន ប្រជាពលរដ្ឋដែលទៅចាក់វ៉ាក់សាំងមិនមានការកើនឡើងទេ។ ខ្ញុំមានការព្រួយបារម្ភដែរ នៅពេលពលរដ្ឋមិនបានទៅចាក់វ៉ាក់សាំង ខ្លាចមានការចម្លងក្នុងសហគមន៍ទៀត ព្រោះពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ គឺជាបុណ្យដែលមានការជួបជុំគ្នាច្រើន»។
លោកបន្ថែមទៀតថា ក្រសួងសុខាភិបាលនៅតែបន្ត និងជំរុញ ឲ្យអាជ្ញាធរមូលដ្ឋាន បន្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដដែល មិនមានការផ្អាកឡើយ នៅក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ បើទោះបីជាប្រជាពលរដ្ឋ ពួកគាត់មើលឃើញថាស្ថានភាព ជំងឺ កូវីដ-១៩ មានលក្ខណៈស្ងប់ស្ងាត់ មិនមានករណីស្លាប់ក៏ដោយ តែការបន្តចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ គឺសំខាន់ណាស់ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ម្ដង ទៀត។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ ចំនួនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់ ស្មើនឹង ៩៤.៩០ភាគរយ៕
ដោយ៖ជា សុខនី

ads banner