វិមានក្រឹមឡាំង៖ លោកពូទីន និងលោក ស៊ី យកបញ្ហាអ៊ុយក្រែន និងតៃវ៉ាន់មកជជែកគ្នា
រុស្ស៊ី៖លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន នឹងពិភាក្សាអំពីបញ្ហាអ៊ុយក្រែន និងតៃវ៉ាន់ នៅក្នុង កិច្ច ប្រជុំមួយក្នុងប្រទេសអ៊ូសបេគីស្ថាន នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញានេះ។
របៀបវារៈទាំងពីរនេះត្រូវបានវិមានក្រឹមឡាំងបញ្ជាក់ថា ជាប្រធាន រឿងដ៏មានសំខាន់ជាពិសេស ដោយសារស្ថានភាពភូមិសាស្ត្រ នយោបាយ។
បន្ទាប់ពីខកខានមិនបានធ្វើទស្សនកិច្ចក្រៅប្រទេសជាងពីរឆ្នាំ លោក ប្រធានាធិបតី ស៊ី ជីនពីង នឹងចាកចេញពីប្រទេសចិនជាលើក ដំបូង ក្នុងដំណើរទស្សនកិច្ចមួយ នាសប្តាហ៍នេះទៅកាន់អាស៊ីកណ្តាល។ អាស៊ីកណ្តាល ជាទីដែលលោកនឹងជួបលោក ពូទីន។
ដំណើរទស្សនកិច្ចក្រៅប្រទេសជានាពេលនេះ ក៏ធ្វើឡើងមុនមួយ ខែប៉ុណ្ណោះ ដែលលោក ស៊ី នឹងត្រូវបានកំណត់ជាផ្លូវការ ថាជា មេដឹកនាំចិនដ៏មានឥទ្ធិពលបំផុត ចាប់តាំងពីលោក ម៉ៅ សេទុង។
ប្រធានាធិបតីទាំងពីរនឹងពិភាក្សាទាំងរបៀបវារៈទ្វេភាគី និងប្រធាន បទសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ។
នេះបើតាមការបញ្ជាក់ពីជំនួយការនៃវិមានក្រឹមឡាំង លោក Yuri Ushakov តាមរយៈសន្និសីទកាសែតមួយនៅទីក្រុងមូស្គូ។ លោកបានបន្ថែមថា៖ «ជាធម្មតា មេដឹកនាំទាំងពីរនឹងផ្តល់នូវការវាយ តម្លៃជាវិជ្ជមាន ចំពោះការជឿជាក់ និងទុកចិត្តខ្ពស់ ដែលមិនធ្លាប់មាន ពី មុនមក នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី។»
ភាពជាដៃគូ «គ្មានដែនកំណត់» កាន់តែស៊ីជម្រៅ រវាងមហាអំណាច ចិន និងរុស្ស៊ី ដែលសំបូរដោយធនធានធម្មជាតិនោះ គឺជាការអភិវឌ្ឍ ភូមិសាស្ត្រនយោបាយមួយ ដែលប្រទេសលោកខាងលិចកំពុងមើល ដោយក្តីបារម្ភ។
កិច្ចប្រជុំនេះនឹងផ្តល់ឱកាសឱ្យលោក ស៊ី គូសបញ្ជាក់ អំពីអំណាច របស់លោក ខណៈដែលលោកពូទីនអាចបង្ហាញពីទំនោរ របស់រុស្ស៊ី ខិតមករកអាស៊ី។ មេដឹកនាំទាំងពីរអាចបង្ហាញពីការមិនពេញចិត្តរបស់ពួកគេ ចំពោះ សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបញ្ហាទណ្ឌកម្មជាដើម។ ជាពិសេស ទណ្ឌកម្មដែលលោកខាងលិចដាក់មកលើរុស្ស៊ីចំពោះអ្វីដែលទីក្រុងម៉ូស្គូហៅថាជា «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែន។
របាយការណ៍របស់វិមានក្រឹមឡាំងបានបញ្ជាក់ថា ពាណិជ្ជកម្ម ទ្វេភាគីរវាងប្រទេសទាំងពីរនេះ បានកើនឡើងដល់ ១៤០ ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២១ ខណៈទំហំពាណិជ្ជកម្មរវាង ប្រទេសទាំងពីរក្នុងរយៈពេល ៧ខែឆ្នាំ២០២២នេះ បានកើនឡើង ដល់ប្រមាណ ៩៣ប៊ីលានដុល្លារ។
ប្រទេសចិនគឺជាអ្នកទិញប្រេងដ៏ធំបំផុតរបស់រុស្ស៊ី ដែលជាប្រភព ចំណូលដ៏សំខាន់មួយរបស់ទីក្រុងម៉ូស្គូ។ រុស្ស៊ីក៏កំពុងខិតខំជំរុញ ការលក់ឧស្ម័នរបស់ខ្លួនទៅឱ្យប្រទេសចិន និងសាងសង់បំពង់បង្ហូរ ប្រេងថ្មី ទៅកាន់ប្រទេសនេះ។ ការជំរុញទាំងនេះកើតមានឡើង ខណៈដែលការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុបត្រូវបានកាត់បន្ថយយ៉ាងខ្លាំងចំពេលមានជម្លោះនៅអ៊ុយក្រែន៕
ដោយ៖យ៉ាន អាន