បារាំង នឹងលើកយកជម្លោះអាមេនី-អាស៊ែបៃហ្សង់ ទៅពិភាក្សាក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប

បារាំង៖ បារាំង នឹងស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប)ពិភាក្សាអំពីជម្លោះរវាងអាមេនី និងអាស៊ែបៃហ្សង់ បន្ទាប់ពី ប្រទេសទាំងពីរបានផ្ទុះអាវុធដាក់គ្នាសាជាថ្មីនៅព្រំដែន។ ការផ្ទុះអាវុធ ថ្មីនេះ បានកើតឡើងនៅថ្ងៃអង្គារ ទី១៣ខែកញ្ញា និងបានបណ្តាល ឲ្យទាហានអាមេនី ៤៩នាក់បាត់បង់ជីវិត។

ភ្លាមៗក្រោយ អាមេនី និងអាស៊ែបៃហ្សង់ដែលជាអតីតប្រទេស សហភាពសូវៀត ផ្ទុះអាវុធដាក់គ្នាសាជាថ្មី ប្រទេសបារាំង បាន បង្ហាញពីក្តីបារម្ភ និងចង់ជួយដោះស្រាយបញ្ហារវាងប្រទេស ដៃគូជម្លោះប្រវត្តិសាស្ត្រទាំងពីរ។

ជាក់ស្តែង បារាំងនឹងលើកយកស្ថានការណ៍នៅព្រំដែនអាមេនី និង អាស៊ែបៃហ្សង់ ទៅជជែកពិភាក្សា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នៃអ.ស.បដែលបច្ចុប្បន្នបារាំង កំពុងកាន់តំណែងជា ប្រធានផ្លាស់ វេន។ នេះបើតាមការឲ្យដឹងពីការិយាល័យប្រធានាធិបតីបារាំង ក្រោយការហៅទូរសព្ទរវាងលោក អេម៉ានុយអែល ម៉ាក្រុង និង សមភាគីអាមេនីលោក នីកុល ផាស្ហ៊ីនៀន (Nikol Pashinyan)។

លោកប្រមុខដឹកនាំនៃប្រទេសបារាំង ម៉ាក្រុង បានអំពាវនាវឲ្យមាន ទាំងបទ ឈប់បាញ់ និងការគោរពយ៉ាងខ្ជាប់ខ្ជួន នូវបូរណភាពទឹកដី របស់ប្រទេសអាមេនី។ ជាមួយគ្នានេះ លោកប្រមុខរដ្ឋាភិបាលបារាំង បានត្រៀម ពេល វេលាដែរសម្រាប់ការពិភាក្សាជាមួយ ប្រធានាធិបតី អាស៊ែបៃហ្សង់ លោក អ៊ីលហាំ អាលីយ៉េវ (Ilham Aliyev) ក៏ដូចជា កិច្ចពិភាក្សាផ្សេងទៀត ដើម្បីស្វែងរកច្រកផ្លូវដោះស្រាយជម្លោះ រវាងអាមេនី និង អាស៊ែបៃហ្សង់ ដោយការចរចា។
គួរជ្រាបថា ការផ្ទុះអាវុធដាក់គ្នាចុងក្រោយរវាងប្រទេសអាមេនី & អាស៊ែបៃហ្សង់ បានបណ្តាលឲ្យទាហានអាមេនីស្លាប់ ៤៩ នាក់។ នេះបើតាមនាយករដ្ឋមន្ត្រីអាមេនី លោក នីកុល ផាស្ហ៊ីនៀន។ ចំណែកពីខាង អាស៊ែបៃហ្សង់ ឲ្យដឹងថា ទាហានរបស់ខ្លួនក៏បានរងរបួសដែរ ប៉ុន្តែមិនបានបញ្ជាក់ចំនួនអ្នកស្លាប់នោះទេ។
ទាំងអាមេនី និងអាស៊ែបៃហ្សង់ បានស្តីបន្ទោសគ្នាទៅវិញទៅមក ថាជាអ្នកបានចាប់ផ្តើមការវាយប្រហារមុន រហូតធ្វើឲ្យបាត់បង់ជីវិតទាហានរាប់សិបនាក់៕
ដោយ៖ លី លីយ៉ា
ប្រភព៖ France to raise Armenia-Azerbaijan conflict at UN Security Council

ads banner