ក្នុងរយៈពេល៣០ឆ្នាំ ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់ហិរញ្ញប្បទាន ដល់កម្ពុជាប្រមាណ៤,៣ពាន់លានដុល្លារ សម្រាប់កិច្ចអភិវឌ្ឍន៍ ប្រទេស
ភ្នំពេញ៖នារយៈពេល៣០ឆ្នាំមកនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ថា អេ ឌី ប៊ី(ADB) បានផ្តល់ជំនួយហិរញ្ញប្បទានដល់កម្ពុជា លើ គម្រោង អភិវឌ្ឍន៍ជាង៤០០ ដែលមានទំហំទឹកប្រាក់ប្រមាណ ៤,៣ពាន់ លានដុល្លារ សម្រាប់ដំណើរការកសាងប្រទេសក្រោយភ្នក់ ភ្លើងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងកិច្ចអភិវឌ្ឍន៍នានា តាំងពីឆ្នាំ១៩៩២ មក។ នេះគឺជាការគូសបញ្ជាក់ពីឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការ បរទេសកម្ពុជា។
កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន បាន ទទួលលោកស្រីយ៉ុតសាណា វ៉ាម៉ា(Jyotsana Varma) នាយក នៃ ស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីថ្មីប្រចាំកម្ពុជា ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ។
នាជំនួបនោះ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងពីការជួយជ្រោម ជ្រែងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ជំនួយហិរញ្ញប្បទាន ដល់កម្ពុជាលើគម្រោងអភិវឌ្ឍន៍ជាង៤០០ ដែលមានទំហំទឹកប្រាក់ ប្រមាណ ៤,៣ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ១៩៩២ មក ក្នុងការម ចូល រួមចំណែកអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ច ពោលគឺបន្ទាប់ពីមានកិច្ច អន្តរាគមន៍របស់អង្គការសហប្រជាជាតិ(អ.ស.ប)នៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងការរទេសកម្ពុជា ក៏បានថ្លែងអំណរគុណដល់កិច្ច ខិតខំជួយជ្រោមជ្រែងកម្ពុជា ពីសំណាក់ធនាគារអភិវឌ្ឍន៍អាស៊ី នាពេលន្លងមក ចំពោះការអភិវឌ្ឍន៍នានា ជាពិសេសនាអំឡុងការ រាតត្បាត ជាសាកលនូវជំងឺកូវីដ១៩ ដែលអេឌីប៊ី បានជួយរដ្ឋាភិបាល កម្ពុជា តាមរយៈកម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល បង្កើនការគាំទ្រ សង្គម ដល់ជនក្រីក្រនិងជនងាយរងគ្រោះ និងផ្តល់ការជំរុញសេដ្ឋកិច្ច ដល់ អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម (SME)។
ឆ្លើយតបទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាវិញ លោកស្រី យ៉ុតសាណា វ៉ាម៉ា បានសម្តែងការពេញចិត្តចំពោះចំណង កិច្ច សហប្រតិបត្តិការល្អរវាង អេឌីប៊ី និងកម្ពុជា ហើយលោកស្រី បាន កោតសរសើរកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ ដែល បានរៀបចំកិច្ចប្រជុំនានាដោយជោគជ័យ កាលពីដើមខែសីហា។ ជោគជ័យនេះ ត្រូវបានលោកស្រីសង្កត់ធ្ងន់ថា ជាការឆ្លុះបញ្ចាំង ពី កិត្តិស័ព្ទកម្ពុជាក្នុងសហគមន៍អន្តរជាតិ។
តំណាងរបស់ អេឌីប៊ី ថ្មីប្រចាំកម្ពុជារូបនេះ បង្ហាញសុទិដ្ឋិនិយមលើ អនាគតនៃសេដ្ឋកិច្ចកម្ពុជា ដោយលោកស្រីបានគូសបញ្ជាក់ពី ការ ត្រៀមលក្ខណៈរួចរាល់របស់លោកស្រីនិង អេឌីប៊ី លើកិច្ច សហប្រតិបត្តិ ការ ជាមួយកម្ពុជា សំដៅបន្តជំរុញកំណើន ប្រកប ដោយបរិយាប័ន្ន និងចីរភាព ក្រោយវិបត្តិជំងឺរាតត្បាតជាសាកល កូវីដ១៩។
ឯកឧត្តម ប្រាក់ សុខុន បានរៀបរាប់នៅលើទំព័រហ្វេសប៊ុក ផ្លូវការ របស់លោកទាក់ទងការប្តេជ្ញារវាងភាគីទាំងពីរដូច្នេះថា៖ «យើង ទាំងពីរបានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា និងបានបញ្ជាក់នូវការប្តេជ្ញា ចិត្តក្នុងការធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ »។
ចំពោះជំនួយរបស់អេឌីប៊ី លោកបណ្ឌិតសេង សារី គូសបញ្ជាក់ថា ការផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ៤,៣ពាន់លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី គឺជាលទ្ធផលនៃកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស កាលពីឆ្នាំ១៩៩១ ដែលអេឌីប៊ី និងស្ថាប័នអន្តរជាតិ ផ្សេងៗ រួមទាំងបណ្តាប្រទេស ដែលជាម្ចាស់ហត្ថលេខានៃ កិច្ចព្រមព្រៀងនេះ សន្យាជួយកម្ពុជាដើម្បីស្តារនីតិសម្បទា រុញច្រានចេញពីបន្ទាត់ក្រីក្រ ជួយអភិវឌ្ឍន៍សេដ្ឋកិច្ច កសាង ហេដ្ឋារចនាសម្ព័ន្ធ លើកស្ទួយវិស័យអប់រំ សុខាភិបាល និងនយោបាយ ជាដើម បន្ទាប់ពីកម្ពុជាព្រមព្រៀង បញ្ចប់ជម្លោះ សង្គ្រាមស៊ីវិល។
លោកបណ្ឌិតសេង សារី បន្ថែមថា កម្ពុជាមានថ្ងៃនេះ មិនអាច បដិសេធបានឡើយចំពោះការជួយជ្រោមជ្រែងពីធនាគារអភិវឌ្ឍន៍អានិងដៃគូរអភិវឌ្ឍន៍នានាទៀត ដែលភាពរីកចម្រើនរបស់ កម្ពុជាមិនអាច ផាត់ចេញនូវកិច្ចខិតខំប្រឹងប្រែងនិងជំនួយរបស់ អេឌីប៊ី បានឡើយ។
គួរបញ្ជាក់ផងដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាប្រភពទុនដ៏ធំបំផុត មួយរបស់កម្ពុជា ដែលជំនួយអភិវឌ្ឍន៍ផ្លូវការនានា រួមជាមួយនឹងការ ផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យម មានចំនួនប្រមាណ ៣២៩,៨លាន ដុល្លារ ចាប់តាំងពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២១៕
ដោយ៖សំបាន ច័ន្ទដារ៉ា