អតីតយុទ្ធជនពិការ បានទទួល ផ្ទះថ្មីខ្នងទី២១០ អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញចុះប្រគល់ផ្ទះមួយខ្នង ដែលជាខ្នងផ្ទះលើកទី២១០ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនពិការនៅភូមិពោធិ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ។
លោកពលបាលឯក ចាន់ អ៊ត អាយុ ៦៥ឆ្នាំ បានចូលបម្រើ កងទ័ពនៅឆ្នាំ១៩៩០ អង្គភាពយោធាស្រុកកំពង់ស្វាយ របួសពិការនៅក្នុងសមរភូមិប្រហូត ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក អំឡុងឆ្នាំ១៩៩៣ ភរិយានិងកូនបន្ទុកចំនួន ៥នាក់ ពុំមានជម្រកស្នាក់នៅសមរម្យ ព្រោះតែជីវភាពខ្វះខាត គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សម្រេចសាងសង់ផ្ទះថ្មីទី២១០ សាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណូមពរអតីតយុទ្ធជន និងប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព និងប្រកបមុខរបររកទទួលទានដោយសុច្ចរិតទៀងត្រង់ ថែរក្សាសុខភាព អនុវត្តវិធានការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ៣ការពារនិង ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកអំណោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភមានអង្ករ ៥០គ.ក មី២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ និងសម្ភារៈសម្រាប់ ប្រើប្រាស់ក្នុងផ្ទះបាយមាន ចាន ឆ្នាំង ស្លាបព្រា ចានដែក និងសម្ភារៈផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួនផងដែរ ។
លោកពលបាលឯក ចាន់ អ៊ត បានសូមគោរពថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សូមបានជួប តែនិងពុទ្ធពរទាំង៥ប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែនលុះអវសាន្តជីវិត ៕ ដោយ៖ ប៊ុន រដ្ឋា