ក្រុមហ៊ុន ចំរើនសម្បត្តិ ផ្តល់អំណោយ ជូនអភិបាល ខណ្ឌពោធិ៍សែនជ័យ សម្រាប់យកប្រគល់ជូនដល់កងទ័ព និងគ្រួសារកងទ័ព
ភ្នំពេញ៖ ក្រុមហ៊ុន ចំរើនសម្បត្តិ បាននាំគ្រឿងឧបភោគបរិភោគ និងថវិកា ផ្តល់ជូនអភិបាលខណ្ឌពោធិ៍សែនជ័យ សម្រាប់ យក ប្រគល់ ជូនដល់ កងទ័ព និងគ្រួសារកងទ័ព នៅតាមបន្ទាត់ព្រំដែន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលខិតជិតចូលមកដល់នាពេល ខាងមុខ ។

លោក ស្រឿន ស្រ៊ាន អគ្គនាយករងក្រុមហ៊ុនចំរើនសម្បត្តិ តំណាងលោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ ប្រគល់ជូនអំណោយនេះកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ។

លោក ស្រឿន ស្រ៊ាន បានឲ្យដឹងថា ក្រុមហ៊ុន ចំរើនសម្បត្តិ តែង តែបានចូលរួមជាមួយរាជរដ្ឋាភិបាល រាល់សកម្មភាពមនុស្សធម៌ ការជួយសង្គ្រោះផ្សេងៗជួយការងារសង្គម ហើយនេះជាទឹកចិត្ត សប្បុរសធម៌ ឆ្លើយតបជាក់ស្តែងតាមការសំណូមពររបស់ រដ្ឋបាល រាជធានីភ្នំពេញ ។ ដូច្នេះលោក ឃិត ឈឿន អគ្គនាយក ក្រុមហ៊ុន ចំរើនសម្បត្តិ ក៏បានចាត់តំណាងយកគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងស្មារតី ចែករំលែកនិងចូលរួមលើកទឹកចិត្តដល់យុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ រួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ព ការពារទឹកដីនៅ តាមបន្ទាត់ព្រំដែនជួរមុខ។

ក្នុងឱកាសនេះលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ ពោធិ៍សែនជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ ដែលតែងតែបានយកចិត្តទុកដាក់ ក្នុងការចែករំលែកនូវធនធាន ផ្ទាល់ខ្លួន ក្នុងការរួមចំណែកដល់សង្គមជាតិ ៕ ដោយ ៖ គ្រី សម្បត្តិ
