លោក សុន ឆ័យ៖ គណបក្សភ្លើងទៀន មិនទាន់មានភាពចាំបាច់រុញ បេក្ខភាពនាយករដ្ឋមន្ត្រីមកបង្ហាញតាមការស្នើ របស់ឯកឧត្តម ហ៊ុន ម៉ាណែត
ភ្នំពេញ៖ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានលើក ឡើងថា ពេលនេះគណបក្សភ្លើងទៀនមិន ទាន់មានភាពចាំបាច់អ្វី ត្រូវបង្ហាញបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតនោះទេ។ ការ លើក ឡើងរបស់លោក សុន ឆ័យ បែបនេះ គឺជាការឆ្លើយតបទៅការ លើក ឡើងរបស់ឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា ដែលស្នើឲ្យ គណបក្ស ភ្លើងទៀន រុះរើក្បាលម៉ាស៊ីនវ័យចាស់ ដាក់ក្បាលម៉ាស៊ីន វ័យក្មេង។
អនុប្រធានគណបក្សភ្លើងទៀន បានប្រតិកម្មទៅនឹងការលើក ឡើង របស់ឯកឧត្តម ហ៊ុន ម៉ាណែត ថា៖«គណបក្ស ភ្លើងទៀន ជា គណបក្សមួយដែលប្រកួតប្រជែង ដោយឈរលើគោលនយោបាយ របស់គណបក្សជាធំ។យើងដឹង ហើយថា ប្រទេសកម្ពុជាបោះឆ្នោត មិនមែនជាការបោះឆ្នោតរបៀបឯកកត្តនាមនោះទេគឺជាការបោះឆ្នោតដោយ ប្រើប្រាស់គណបក្សនយោបាយនៃការជ្រើសរើស សមាសភាពតំណាងរាស្ត្រនៅតាមមូលដ្ឋាន។ដូច្នេះយើងយល់ ថាវាមិនមែនជាការចាំបាច់នៅពេលនេះទេឬពេលខ្លីខាងមុននោះទេដែលយើងត្រូវតម្រូវឲ្យបង្ហាញបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ ការបោះឆ្នោត២០២៣នោះ»។
បើតាមលោក សុន ឆ័យ អ្វីដែលគណបក្សភ្លើងទៀនត្រូវរៀបចំ និងគិតគូពេលនេះ គឺសមត្ថភាពនិងឯកភាពផ្ទៃ ក្នុងរបស់បក្សដើម្បី ឆ្ពោះទៅរកការបោះឆ្នោតថ្នាក់ជាតិពេលខាងមុខ។លើសពីនេះ គណបក្សភ្លើងទៀនបាននិងកំពុងរៀបចំគោលនយោបាយរបស់ខ្លួន ឲ្យបានច្បាស់លាស់ ក្នុងការទាក់ទាញសំឡេងគាំទ្រពីមហាជន។នេះបើតាម លោក សុន ឆ័យ បញ្ជាក់។
សម្រាប់លោក សុន ឆ័យ គឺការគិតគូពីបញ្ហាមួយចំនួននេះហើយ ដែលគណបក្សមិនទាន់មានហេតុផលអ្វី ត្រូវបង្ហាញបេក្ខភាពនាយក រដ្ឋមន្ត្រីរបស់ខ្លួនជាសាធារណៈ។
បន្ថែមពីនេះ លោក សុន ឆ័យ បានឆ្លើយតបទៅនឹងការស្នើរបស់ ឯកឧត្តម ហ៊ុន ម៉ាណែតបេក្ខភាពនាយករដ្ឋមន្ត្រី របស់បក្សកាន់ អំណាចនាពេលបច្ចុប្បន្នទៀតថា៖ «គណបក្សភ្លើងទៀនយល់ថា អ្នកដឹកនាំប្រទេសមិនចាំបាច់តែ ក្មេងមិនចាំបាច់តែចាស់នោះទេតែ ជាវរជនខ្មែរណាមួយដែលមានគុណសម្បត្តិមានបទពិសោធន៍យល់ដឹងជ្រៅជ្រះអំពីការងារបម្រើប្រទេសជាតិ ហើយធ្លាប់បានបម្រើ ប្រទេសជាតិដោយស្មោះត្រង់»។
ការឆ្លើយតបរបស់លោក សុន ឆ័យ នេះគឺសំដៅដោយផ្ទាល់ ទៅកាន់ ឯកឧត្តម ហ៊ុន ម៉ាណែតបេក្ខភាព នាយករដ្ឋមន្ត្រីពេលអនាគត របស់ គណបក្សប្រជាជនកម្ពុជាដែលស្នើឲ្យគណបក្សភ្លើងទៀនរុះរើក្បាលម៉ាស៊ីនវ័យចាស់ តួយ៉ាងដូចជា លោក ទាវ វណ្ណុល ប្រធានគណបក្ស និងលោក សុន ឆ័យ អនុប្រធានគណបក្សហើយដាក់ បេក្ខភាពជា យុវជនមកប្រកួតប្រជែង។
ការស្នើរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ជាប្រតិកម្មតបតទៅនឹង លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្ស សង្រ្គោះជាតិ ដែល លើកឡើងថា អ្វីដែលលោក ហ៊ុន ម៉ាណែត មានសព្វថ្ងៃ ជាមរតកត ពីឪពុកគឺលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។
តាមរយៈខ្លឹបវីដេអូលើទំព័រហ្វេសប៊ុកនៅថ្ងៃពុធ ទី១៤ខែកញ្ញា ឯកឧត្តម ហ៊ុន ម៉ាណែតបច្ចុប្បន្នជាមេបញ្ជាការកងទ័ព ជើងគោក បានសរសរខ្លឹមសារភ្ជាប់ថា «ជូនលោកអ៊ំ អ្នកនយោបាយចាស់វស្សា នៅក្រៅស្រុកដែលតែងតែវាយ ប្រហារមើលងាយក្មេងជំនាន់ ក្រោយ» ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ខ្ញុំទទួលស្គាល់ក្នុងប្រទេស ខ្មែរ មានសមាសភាពអ្នកមានសមត្ថភាពច្រើន ហើយនៅក្នុង គណបក្ស ប្រជាជនកម្ពុជា ក៏មានសមាសភាពច្រើនដែរ ដែលមាន សមត្ថភាព។ប៉ុន្តែគណៈកម្មាធិការ កណ្តាលជាសមូហភាព បាន បោះឆ្នោតជ្រើសរើសមនុស្សម្នាក់ ព្រោះគេអាចរើសតែម្នាក់ ហើយ ផ្តល់ឱកាសឲ្យខ្ញុំ ហើយឥឡូវធ្វើម៉េច?»។
បើតាមឯកឧត្តម ហ៊ុន ម៉ាណែត គឺលោក សម រង្ស៊ី ក៏អាចធ្វើបែបនេះ ដូចគ្នា។ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើក ជាឧទាហរណ៍ អំពី គណបក្សភ្លើងទៀន ដែលលោក សម រង្ស៊ី បង្ហាញការគាំទ្រ និងដាក់ ជាចម្ងល់ថាហេតុអ្វីឲ្យតែ ចាស់ៗ ដូចជាលោក ទាវ វណ្ណុល និង លោក សុន ឆ័យ មិនឲ្យឱកាសដល់យុវជន៕
ដោយ៖សេក ប្រាក់