អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ដែលបង្ករឱ្យជនលិចផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ៣៧ខ្នង ក្នុងស្រុកគងពិសី
ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វ៉ី សំណាង គណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ស្ថិតនៅភូមិក្រប៉ៅ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបង្កមកពីទឹកភ្លៀង បណ្តាលឲ្យមានការជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ៣៧ខ្នង។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ចំពោះមុខការជន់លិចមន្ទីរ និងអាជ្ញាធរមូលដ្ឋានត្រូវតែវាយទម្លាក់ទ្វារតំកល់ទឹក ធ្វើពីបេតុងចំនួនមួយម៉ែត្រចេញពីមាត់ទ្វាទឹក ដើម្បីបើកមុខទឹកឲ្យមានលំហូរលឿន ដើម្បីបញ្ជៀសការជន់ទឹកភ្លៀងនេះ ។

ឯកឧត្តម អភិបាលខេត្តបានស្នើសុំឲ្យ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា នៅថ្ងៃទី២១ និង ទី២៧ ខែកញ្ញា ឆ្នាំ២០២២ ភ្លៀងនឹងបន្តធ្លាក់ខ្លាំងនៅក្នុងស្រុកគងពិសី (តាមការព្យាករណ៍របស់មន្ទីរធនធានទឹក) ដូច្នេះសូមពុកម៉ែ បងប្អូន មេត្តាយកចិត្តទុកដាក់ខ្ពស់អំពីផលវិបាកដែលអាចកើតឡើងជាយថាហេតុ ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង។

ឯកឧត្តម អភិបាលខេត្ត សង្កត់ធ្ងន់ថា ទន្ទឹមនឹងនេះសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈរកទីទួលសុវត្ថិភាព ថ្នាំបង្ការ ក៏ដូចជាពូជស្រូវ ពូជដំណាំ ឲ្យបានរួចរាល់សម្រាប់ត្រៀមបង្ការជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀងទៅទីទួលសុវត្ថិភាពនោះ និងចែកពូជជូនពួកគាត់ផងដែរ ៕ ដោយ ៖ ម៉ុន សំអាត

