របាយការណ៍៖ រុស្ស៊ីបានចំណាយលុយរាប់លានដុល្លារ លើ យុទ្ធនាការ នយោបាយពិភពលោកដោយសម្ងាត់
រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានផ្ដល់ថវិកាយ៉ាងហោច ៣០០លានដុល្លារ ជាសម្ងាត់ដល់គណបក្ស និងបេក្ខជននៃបក្សនយោបាយនៅ ក្រៅប្រទេសចាប់តាំងពីឆ្នាំ២០១៤មក។ ការផ្តល់ហិរញ្ញវត្ថុនេះ ត្រូវបានធ្វើ ឡើងដើម្បីរៀបចំព្រឹត្តិការណ៍នយោបាយនៅក្រៅបន្ទាត់ព្រំដែនរបស់ខ្លួន។ នេះបើយោងតាមរបាយការណ៍របស់ចារកម្មអាមេរិក និង ត្រូវបាន ចុះផ្សាយដោយសារព័ត៌មានវ៉ាស៊ីនតោន ប៉ុស្តិ៍ (Washington Post)នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។
ទីក្រុងមូស្គូ បានគ្រោងចំណាយប្រាក់រាប់រយលានដុល្លារបន្ថែមទៀត ដែលជាផ្នែកមួយនៃយុទ្ធនាការសម្ងាត់របស់ខ្លួន ដើម្បីធ្វើឱ្យប្រព័ន្ធ ប្រជាធិបតេយ្យពិភពលោកចុះខ្សោយ និងលើកកម្ពស់កម្លាំង នយោបាយ ដែលត្រូវបានគេមើលឃើញថាស្របតាមផលប្រយោជន៍ របស់វិមានក្រឹមឡាំង។ នេះបើយោងតាមរបាយការណ៍ចារកម្ម ដដែល។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះថា រដ្ឋបាលរបស់លោក បៃដិន បានសម្រេចចិត្តបើកបង្ហាញ ផ្នែកខ្លះនៃរបាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍អាមេរិក ក្នុងគោលបំណងប្រឆាំងនឹងការបង្កព្យុះភ្លៀងរបស់រុស្ស៊ីទៅលើប្រព័ន្ធនយោបាយនៅក្នុងប្រទេសនានា ដូចជានៅអឺរ៉ុប អាហ្រ្វិក និងកន្លែង ផ្សេងទៀតនៅជុំវិញពិភពលោក។
មន្ត្រីរូបនេះបាននិយាយថា “តាមរយៈការបង្ហាញជាសាធារណ អំពី ការផ្តល់ហិរញ្ញប្បទាននយោបាយសម្ងាត់របស់រុស្ស៊ី និងការប៉ុនប៉ង របស់រុស្ស៊ី ក្នុងការធ្វើឱ្យខូចដំណើរការប្រជាធិបតេយ្យ យើងកំពុង ដាក់ ឱ្យបក្សនយោបាយបរទេស និងបេក្ខជននយោបាយទាំងនោះ ដឹងជាមុនថា ប្រសិនបើពួកគេទទួលយកប្រាក់របស់រុស្ស៊ី ដោយសម្ងាត់ យើងអាចនឹងលាតត្រដាងពីរឿងទាំងនោះ។”
ប្រទេសដែលពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្ងាត់របស់រុស្ស៊ីត្រូវអាមេរិកបានកំណត់អត្តសញ្ញាណបាន រួមមាន អាល់បានី ម៉ុងតេណេហ្គ្រោ ម៉ាដាហ្គាស្ការ និងអេក្វាឌ័រ។ នេះបើយោងតាមប្រភពដែលស្និទ្ធ នឹងរដ្ឋបាលរបស់លោក បៃដិន។
មន្ត្រីអាមេរិកបញ្ជាក់ថា គេក៏បានរកឃើញប្រទេសនៅអាស៊ីមួយ ដែល ឯកអគ្គរដ្ឋទូតរុស្ស៊ីបានផ្តល់ប្រាក់រាប់លានដុល្លារ ដល់បេក្ខជន ប្រធានាធិបតីនៃប្រទេសនោះ។ ក្រុមមន្ត្រីដដែលក៏បានឲ្យដឹងទៀតថា ក្រុមមនុស្សដែលស្និទ្ធនឹង វិមាន ក្រឹមឡាំងបានប្រើប្រាស់ឈ្មោះក្រុមហ៊ុនក្រៅស្រុកគ្មាន អាជីវកម្ម (shell companies) និងមធ្យោបាយផ្សេងទៀត ដើម្បីធ្វើយ៉ាងណាបង្កើនឥទ្ធិពលលើព្រឹត្តិការណ៍នយោបាយ ដើម្បីផលប្រយោជន៍របស់ក្រុមស្តាំនិយមជ្រុល។
មន្ត្រីជាន់ខ្ពស់អាមេរិកនិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបាន រកឃើញការកើនឡើងនៃហិរញ្ញប្បទាននយោបាយសម្ងាត់របស់រុស្ស៊ីក្នុងឆ្នាំ២០១៤។ ប៉ុន្តែរបាយការណ៍ដដែលនេះ មិនបានបញ្ជាក់ សកម្មភាព របស់រុស្ស៊ីនៅក្នុងសហរដ្ឋអាមេរិកនោះទេ។
ការបោះផ្សាយព័ត៌មានលម្អិតអំពីយុទ្ធនាការនយោបាយសម្ងាត់របស់រុស្ស៊ីនាពេលនេះត្រូវបានធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិកពង្រីកការគាំទ្រផ្នែកយោធារបស់ខ្លួនសម្រាប់អ៊ុយក្រែន ក្នុងសង្គ្រាមរបស់ អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។
ចាប់តាំងពីដើមឆ្នាំ២០២២នេះមក សេតវិមានអាមេរិកបាន ចាត់ វិធានការពិសេសរបស់ខ្លួន ក្នុងការចេញរបាយការណ៍សម្ងាត់ ម្តងហើយម្តងទៀតពាក់ព័ន្ធនឹងសកម្មភាពរបស់រុស្ស៊ី។ ចំពោះអាមេរិក ការទម្លាយរបាយការណ៍សម្ងាត់ក៏ជាចេតនាមួយ ប្រឆាំងនឹងរុស្ស៊ីជុំវិញការឈ្លាននៅអ៊ុយក្រែន និងប្រឆាំងចំពោះ អ្វីដែល មន្ត្រីអាមេរិកបានពិពណ៌នាថាជាព័ត៌មាន ក្លែងក្លាយ របស់រុស្ស៊ី៕ ដោយ៖ យ៉ាន អាន