រយៈពេលប្រាំបីខែនៃឆ្នាំ២០២២ កម្ពុជានាំចេញអង្ករបានជិត ៣៩ម៉ឺនតោន ,ចិនឈរនៅលំដាប់លេខ១ក្នុងចំណោម៥៤ប្រទេស

ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករសរុបប្រមាណជិត ៣៩ម៉ឺនតោន ក្នុង ទំហំទឹកប្រាក់ជិត ២៤៣លានដុល្លារ។ ចិន គឺជាប្រទេសដែល ទទួលការនាំចូលពីកម្ពុជាច្រើនជាងគេ ឈរនៅលំដាប់ទី១ បន្ទាប់ពី បារាំង ក្នុងអាត្រា ៤៦ភាគរយ នៃការនាំចេញអង្ករសរុបក្នុង ចំណោម ប្រទេស៥៤។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសហព័ន្ធស្រូវអង្ករកម្ពុជា(Cambodia Rice Federation – CRF) នាដើមខែកញ្ញានេះ ក្នុងរយៈពេលប្រាំបីខែនៃឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅ ក្រៅប្រទេសសរុប ៣៨៩ ០០០ តោន ដែលគិតជាទឹកប្រាក់ មានចំនួន ២៤២,៨០ លានដុល្លារ។

ប្រទេសចិន បានឈរនៅលំដាប់ទី១ ដែលស្មើនឹងអត្រា ៤៦ភាគរយ បារាំង នៅលំដាប់ទី២ ក្នុងអាត្រា ១៥ភាគរយហើយម៉ាឡេស៊ី ឈរ នៅ លំដាប់ទី៣ ក្នុងអាត្រា ៦ភាគរយព្រមទាំងបណ្តាប្រទេស ៥១ផ្សេង ទៀតក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក។

សម្រាប់ទ្វីបអឺរុប កម្ពុជាបាននាំចេញអង្ករទៅបណ្តាប្រទេសចំនួន ២៦ ក្នុងរង្វង់ ១៤១ ៤៨៣តោន គិតជាទឹកប្រាក់សរុប ៩៨,៧៤ លាន ដុល្លារ។ ចំណែកក្នុងទ្វីបអាហ្វ្រិកសរុបចំនួន ប្រាំបួនប្រទេស មានចំនួន ១៣ ៤៩២ តោន គិតជាទឹកប្រាក់ចំនួនជាង ១២,១២ លានដុល្លារ។ តំបន់មជ្ឈិមបូព៌ាមាន ៤ប្រទេស បានចំនួន ៦ ២០៨តោន គិតជាទឹកប្រាក់ចំនួន ៥,៤៥ លានដុល្លារ។

ក្នុងតំបន់អាស៊ានវិញ សរុបចំនួន ៤ ប្រទេស នាំចេញក្នុងបរិមាណ ៣៤ ៦៣៣តោន គិតជាទឹកប្រាក់ចំនួន ២៣,៥៧ លានដុល្លារ។
តាមរយៈរបាយការណ៍ដដែលបានលម្អិតពីប្រភេទអង្ករដែលនាំចេញ ដូចជា អង្ករក្រអូបគ្រប់ប្រភេទនាំចេញបានចំនួន ៦៥,៨ភាគរយ អង្ករសចំនួន ២៩,៩១ភាគរយ អង្ករសរីរាង្គចំនួនជិត ២ភាគរយ អង្ករចំហ៊ុយ ចំនួនជាង២ភាគរយ និងអង្ករដំណើបចំនួន ០,០១ ភាគរយ ។

យោងតាមរបាយការណ៍ដែលផ្តល់ឲ្យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំចេញអង្ករដែលកម្ពុជាសម្រេចបានចំនួន ៣៨៩ ពាន់តោន ក្នុងរយៈពេល ៨ខែនេះ បានកើនក្នុងអាត្រា ១៣,២៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ ការនាំចេញអង្ករបាន ថមថយ ចុះរហូត ១០,៦៨ភាគរយ បើធៀបនឹងឆ្នាំ២០២០ ដោយមន្ត្រី ជំនាញពីក្រសួងកសិកម្មបានអះអាងថា មកពីបញ្ហាជំងឺរាតត្បាត សកលកូវីដ១៩ ដែលរាំងស្ទះដល់ការនាំចេញ និងវិស័យដឹកជញ្ជូន។

ជុំវិញកំណើននៃការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ លោកថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បែរយល់ឃើញថា ចំពោះស្ថានភាពផលិតស្រូវអង្ករ នៅក្នុង ស្រុក គឺស្ថិតក្នុងភាពដុនដាប។

ដុបដាបនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្រាប់ប្រជាកសិករ ស្រូវនៅតាមបណ្តាខេត្តនានា ព្រោះកត្តាប្រែប្រួលអាកាសធាតុ ដែល យាយីរំខានដល់កសិករដែលតំបន់ខ្លះ លោកថា ជួបញ្ហា ទឹកជំនន់ តំបន់ខ្លះជួបបញ្ហាគ្រោះរាំងស្ងួត ដោយហេតុភាគច្រើន ប្រជាកសិករ នៅប្រកបការងារស្រែស្រូវនេះតាមបែបប្រពៃណី ពោលគឺធ្វើស្រែ ប្រវាស់មេឃ ឬធ្វើស្រែពឹងទឹកភ្លៀង។

លោកថេង សាវឿន មានប្រសាសន៍បន្តចំពោះបញ្ហាតម្លៃ ទីផ្សារស្រូវ របស់កសិករដូច្នេះថា៖ «កន្លងមក មានការត្អូញត្អែរចំពោះបញ្ហា ស្រូវអង្ករ គឺទីផ្សារនៅពេលប្រមូលផល អាត្រាទិញស្រូវមានតម្លៃទាប ធ្វើឲ្យពួកគាត់ទូទាត់ទៅមិនអាចរួចថ្លៃទុនដើម ដោយសារពួកគាត់ លក់ទៅបានតម្លៃទាប តែចំណាយច្រើនលើការផលិត តួយ៉ាង តម្លៃប្រេងឥន្ធនៈ ជី ឈ្នួល សម្ភារកសិកម្ម មានតម្លៃថ្លៃ»។

ប្រធាន CCFC រូបនេះ បានអំពាវដល់ស្ថាប័នពាក់ព័ន្ធ រដ្ឋាភិបាល អង្គការសង្គមស៊ីវិល ឈ្មួញកសិកម្ម និងប្រជាកសិករទាំង ឡាយ ឲ្យធ្វើការរួមគ្នាដើម្បីដោះស្រាយវិបត្តិដែលនៅជាប់គាំងក្នុងវិស័យកសិកម្មនេះ ដើម្បីធ្វើឲ្យវិស័យស្រួវអង្ករ និយាយដោយឡែក និង វិស័យកសិកម្មទាំងមូលនិយាយជារួម ដោយរួមគ្នាស្វែងរកកង្វល់ ដែលមានសម្រាប់ពិភាក្សារកច្រកចេញ ជាជាងធ្វើការម្ខាងៗ។

លោកថេង សាវឿន បន្ថែមថា ដើម្បីឲ្យវិស័យកសិកម្មកម្ពុជា កាន់តែមានការរីកចម្រើន ចាំបាច់ត្រូវរៀបចំឲ្យមានទុន ឬប្រាក់កម្ចីដែលមានអាត្រាការប្រាក់ទាបសម្រាប់គាំទ្រវិស័យកសិកម្ម ជាពិសេសប្រជាកសិករខ្នាតតូច ការរៀបចំប្រព័ន្ធធារាសាស្ត្រ បច្ចេកទេសកសិកម្ម និងជាពិសេសការធ្វើពាណិជ្ជកម្ម-ទីផ្សារ កសិកម្ម ដែលត្រូវជួយសម្របសម្រួលដល់កសិករបន្ថែមទៀត ព្រម ទាំងផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយដល់ប្រជាកសិករទាក់ទង លក្ខខណ្ឌទីផ្សារនាំចេញ-នាំចូល ផលិតផលកសិកម្ម៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner