របាយការណ៍៖ Tik tok ផ្ដល់មាតិកាផ្ទុកព័ត៌មានខុស និងបំភាន់ នៅពេលអ្នកប្រើប្រាស់ស្វែងរកព័ត៌មាន
បរទេស៖ ស្ថាប័នអ្នកឃ្លាំមើលព័ត៌មានលើអ៊ិនធឺណិត NewsGuard បានចេញរបាយការណ៍មួយកាលពីថ្ងៃពុធ ទី ១៤ ខែកញ្ញាឆ្នាំ២០២២ ដោយរកឃើញថា កម្មវិធីទូរស័ព្ទ Tiktok ផ្ដល់មាតិកា ដែលមានផ្ទុក ព័ត៌មានខុស (Misinformation) និងបំភាន់ (Misleading) ទៅដល់អ្នកប្រើប្រាស់ នៅពេលពួកគេស្វែងរក (Search) មាតិកា ព័ត៌មានទាក់ទងនឹងនយោបាយ ការប្រែប្រួលអាកាសធាតុ កូវីដ-១៩ សង្រ្គាមនៅអ៊ុនក្រែន និងប្រធានបទផ្សេងៗទៀត។
NewsGuard ដែលធ្វើការវាយតម្លៃពីភាពជឿទុកចិត្ត លើព័ត៌មាន នៅលើអ៊ិនធឺណិត បានអះអាងថា ការអះអាងខុស ឬថកស៊ិក គឺជា ការគំរាមកំហែងដ៏ធំ នៅលើ Tiktok ដែលជាកម្មវិធីពេញនិយម សម្រាប់ក្រុមមនុស្សវ័យក្មេង ក្នុងការស្វែងរកព័ត៌មាន។
របាយការណ៍របស់ NewsGuard បានធ្វើការវិភាគទៅលើលទ្ធផល Search ដែលលោតចេញមកដំបូងចំនួន ២០ លើកន្លែង Search ចំនួន ២៧ និងប្រធានបទព័ត៌មានផ្សេងៗគ្នា ហើយលទ្ធផលបាន បង្ហាញថា ១៩,៥ ភាគរយនៃវិឌីអូដែលលោតចេញមក មានផ្ទុក ព័ត៌មាន ខុស ឬព័ត៌មានបំភាន់។
NewsGuard អះអាងថា បើទោះបីជា វិឌីអូដែលលោតចេញមក ខ្លះគ្មានផ្ទុកព័ត៌មានបែបនេះក៏ដោយ ក៏វាមានលក្ខណៈខុសគ្នាខ្លាំង បើប្រៀបធៀបនឹងលទ្ធផល Search នៅលើហ្គូហ្គល។
ជុំវិញការរកឃើញនេះ ក្រុមហ៊ុន Tiktok បាននិយាយច្រានចោលថា វិធីសាស្រ្តដែល NewsGuard ប្រើក្នុងការវិភាគមិនសូវជាត្រូវនោះទេ ហើយថាវាផ្តល់អាទិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានខុសច្រើនជាង។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនប្រកែកប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ «គោលការណ៍ណែនាំរបស់យើង បញ្ជាក់យ៉ាងច្បាស់ថា យើង មិនអនុញ្ញាតឱ្យមានព័ត៌មានខុសដែលបង្កគ្រោះថ្នាក់នោះទេ យើង នឹងលុបមាតិកាដែលមានព័ត៌មានខុសចេញ»៕ ដោយ៖ ហួន ឌីណា