រដ្ឋមន្ត្រីក្រសួងកសិម្ម ចែកប័ណ្ណកម្មសិទ្ធិក្បាលដីជូនមន្ត្រីរាជការ និវត្តន៍ជន និងប្រជាពលរដ្ឋ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចែកប័ណ្ណកម្មសិទ្ធិក្បាលដីជូនមន្ត្រីរាជការ និវត្តន៍ជន និងប្រជាពលរដ្ឋ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ខេត្តបាត់ដំបង យោងតាមអនុក្រឹត្យលេខ ១៣៣អនក្រ.បក ចុះ ថ្ងៃ ទី១០ ខែសីហា ឆ្នាំ២០២១ ស្តីពី “ការធ្វើអនុប្បយោគដើម្បីកាត់ដីទំហំ ៣៦ ៧៨៣ម៉ែត្រការ៉េ សម្រាប់ធ្វើប្រទានកម្មជូនមន្ត្រីរាជការ និវត្តន៍ជន និងប្រជាពលរដ្ឋចំនួន៤៤គ្រួសារ” ដែលជាអតីតមន្រ្តីបម្រើការងារ និងស្នាក់នៅ ក្នុងបរិវេនមជ្ឈមណ្ឌលជាច្រើនឆ្នាំមកហើយ។
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចតេជោ ដែលសម្តេចបានឆ្វេងយល់អំពីបញ្ហារបស់បងប្អូន និងបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការដោះស្រាយបញ្ហាជូនមន្រ្តីរាជការ និវត្តន៍ជន និងប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ជាក់ស្តែងគឺប័ណ្ណកម្មសិទ្ធិក្បាលដីដែលចែកជូននាពេលនេះ។
ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរខេត្ត ស្រុក ដែលបានសហការ និងផ្តល់ធាតុចូលសំខាន់ៗជាគន្លឹះដោះស្រាយវិវាទក្នុងកសិដ្ឋានកន្លងមក សម្រេចទទួលបានលទ្ធផលល្អប្រសើរនាថ្ងៃនេះ។ លទ្ធផលនេះក៏មិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែង យកអស់ស្មារតីទទួលខុសត្រូវរបស់ឯកឧត្តមថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម អង្គភាពពាក់ព័ន្ធ និងលោកប្រធានកសិដ្ឋានតាំងពីឆ្នាំ២០១៧ ដែលបានគិតគូ ដោះស្រាយបញ្ហាជូនបងប្អូនឲ្យទៅតាំងទីលំនៅថ្មីក្រៅកសិដ្ឋាន ដើម្បីយកទីតាំងនេះធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រោងសម្ងួត និងឃ្លាំងស្តុកពូជស្រូវ ក្នុងបំណងពង្រីកសក្តានុពលផលិតពូជស្រូវទាំងបរិមាណ និងគុណភាព សមស្របតាមសេចក្តីត្រូវការពូជស្រូវនាពេលបច្ចុប្បន្ន។
តមក ឯកឧត្តមរដ្ឋមន្ដ្រី ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង និងលោកស្រី Akiyama San តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជា បានបន្តមកសម្ពោធដាក់ឲ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិត សម្រាំងគ្រាប់ពូជស្រូវនៅសហគមន៍កសិកម្មចំរើនផលរាំងកេសី ស្ថិតនៅឃុំរាំងកេសី ស្រុកសង្កែរ ។
ចំពោះសមិទ្ធផលនេះ ឯកឧត្តម វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយឧបត្ថម្ភ របស់អង្គការ JICA និងការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសជំនាញការជប៉ុនដែលបានជួយជ្រោមជ្រែងទាំងបច្ចេកទេស និងហិរញ្ញវត្ថុធ្វើឲ្យសហគមន៍កសិកម្មចម្រើនផលរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។
ឯកឧត្តមបន្តថា ឃ្លាំង លានហាលស្រូវ និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវ ដែលដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះ នឹងចូលរួមចំណែកជំរុញការអនុវត្តគោលនយោបាយពូជស្រូវបានទូលំទូលាយ បង្កើនបរិមាណផលិតពូជស្រូវកាន់តែមានប្រសិទ្ធភាព តាមរយៈគម្រោងជំរុញផលិតកម្ម និងការប្រើប្រាស់គ្រាប់ពូជស្រូវ (RSPP) បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ JICA កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ។
ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន ក៏បានផ្តាំផ្ញើឲ្យអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានដំណាំស្រូវ និងមន្ទីរកសិកម្ម បន្តខិតខំប្រឹងប្រែងជួយដល់សហគមន៍កសិកម្មទូទាំងខេត្តគោលដៅទាំងបច្ចេកទេស ការងារគ្របគ្រងផលិតកម្ម រដ្ឋបាល និងហិរញ្ញវត្ថុ ធ្វើយ៉ាងណាឲ្យសហគមន៍ផលិតគ្រាប់ពូជស្រូវមាននិរន្តរភាព ធានាបានបរិមាណផលិត និងគុណភាពគ្រាប់ពូជខ្ពស់ ៕ សេឌី