លោកជំទាវ ឧបការីទេសាភិបាលធនាគារជាតិកម្ពុជា កោតសរសើរប្រជាពលរដ្ឋ ខេត្តបាត់ដំបង បានប្រើប្រាស់ និងចរាចរប្រាក់រៀល ៨០%នៃការចំណាយប្រចាំថ្ងៃ នៅក្នុងខេត្តរបស់ខ្លួន
ខេត្តបាត់ដំបង៖ ថ្លែងនៅក្នុងឱកាសបើកយុទ្ធនាការផ្សព្វផ្សាយប្រាក់រៀល នៅខេត្តបាត់ដំបង នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ជា សិរី ឧបការីទេសាភិបាលធនាគារជាតិកម្ពុជា និងជាអគ្គនាយិកាបច្ចេកទេសធនាគារជាតិ បានថ្លែងនូវការកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ប្រជាជនក្នុងខេត្តបាត់ដំបង ទាំងអស់ ក្នុងការចូលរួមលើកកម្ពស់ក្នុងការប្រើប្រាស់ប្រាក់រៀល ដើម្បីធ្វើការចាយវាយនិងទូទាត់ខណៈ៨០ភាគរយ នៃការចំណាយប្រចាំថ្ងៃ ក្នុងខេត្ត ត្រូវបានធ្វើឡើងជា “ប្រាក់រៀល”…។
លោកជំទាវ ជា សិរី ថ្លែងសង្កត់ធ្ងន់បន្ថែមទៀតថា៖ជាមួយគ្នានេះផងដែរ រាល់ចំណូល ចំណាយរបស់ប្រតិបត្តិការ នៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងខេត្តបាត់ដំបង ការធ្វើចរាចរជាសាច់ប្រាក់រៀល ក៏កាន់តែមានការកើនឡើងគួរឱ្យកត់សម្គាល់ថែមទៀតផងដែរ។
ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងគូសបញ្ជាក់ឱ្យដឹងថា ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិនិយាយជារួម និងនិយាយដោយឡែកខេត្តបាត់ដំបង គឺមិនអាចប្រព្រឹត្តទៅដោយរលូនបាននោះទេ? ប្រសិនបើ មិនមានរូបិយវត្ថុជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ប្រៀបបាននឹងប្រេងរំអិល ក្នុងការជួយសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានសកម្មភាពរស់រវើកប្រចាំថ្ងៃ…។
ឯកឧត្តម បន្ថែមថា ការប្រើប្រាស់ការចរាចរចាយវាយ”ប្រាក់រៀល”នៅក្នុងខេត្តបាត់ដំបងពីសំណាក់បងប្អូនប្រជាពលរដ្ឋ មានកាយល់ដឹង និងកើនឡើងយ៉ាងច្រើន និងគួរជាទីមោទនៈ ជាពិសេសការចំណាយនិងទូទាត់សាច់ប្រាក់រៀលប្រចាំថ្ងៃ ដូចជា៖ម្ហូបអាហារ ភេសជ្ជៈ សម្លៀកបំពាក់ និងការធ្វើដំណើរជាដើម បើទោះបីខេត្តបាត់ដំបងជាខេត្តទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរបរទេស ដែលបាននាំមក នូវប្រភពចំណូលជារូបិយ ប័ណ្ណបរទេសយ៉ាងច្រើនក៏ដោយនោះ ។
ឯកឧត្តអភិបាលរងខេត្ត បានអំពាវនាវផ្តល់ការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក្រុមហ៊ុន សហគ្រាស សូមឲ្យចូលរួមប្រើប្រាស់នូវរូបិយប័ណ្ណ”ប្រាក់រៀល” របស់ជាតិ ឲ្យបានទូលំទូលាយ ដើម្បីជំនួសពីការប្រើប្រាស់ នូវរូបិយប័ណ្ណបរទេស ដែលធ្វើឲ្យខាតបង់ដល់សេដ្ឋកិច្ចជាតិយ៉ាងច្រើនក្នុង១ឆ្នាំៗ។
លោកជំទាវឧបការីទេសាភិបាល បានគូសបញ្ជាក់ថា ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះប្រាក់រៀលក្នុងការចរាចរ បានកើនឡើង ១៦ភាគរយ, ប្រាក់បញ្ញើជារៀល កើនឡើង២៩ភាគរយ និងឥណទានជាប្រាក់រៀល កើន៣៨ភាគរយ ជាមធ្យមក្នុងមួយឆ្នាំៗ។ ហើយលទ្ធផលអង្កេត របស់ធនាគារជាតិ នៃកម្ពុជា សហការជាមួយទីភ្នាក់សហប្រតិបត្តិការអន្តរជាតិជប៉ុន (ចៃកា) កាលពីឆ្នាំ២០១៧កន្លងមក បានបង្ហាញថា៖ ប្រាក់រៀលបានទទួលការទុកចិត្ត និងប្រើប្រាស់កាន់តែច្រើនឡើង ជាពិសេសចំពោះចំណាយប្រចាំថ្ងៃ ហើយនៅតាមតំបន់ជនបទ”ប្រាក់រៀល” បានដើរតួនាទីចម្បង និងយ៉ាងទូលំទូលាយនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ ៕ ដោយ៖ អ៊ុក សំអាន