អគ្គិភ័យលេបត្របាក់អគារកម្ពស់ ៤២ជាន់មួយកន្លែងនៅប្រទេសចិន

ប៉េកាំង៖ នៅល្ងាចថ្ងៃសុក្រទី១៦ ខែកញ្ញានេះ អគ្គិភ័យដ៏ធំសម្បើមមួយបានឆាបឆេះអគារខ្ពស់កប់ពពកមួយកន្លែង ដែលមានកម្ពស់ ៤២ជាន់នៅក្នុងទីក្រុង Changsha ខេត្ត Hunan ភាគខាងត្បូងប្រទេសចិន ខណៈដែលពុំទាន់មានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ និងរបួសក្នុងហេតុការណ៍នេះនៅឡើយទេ។

នាយកដ្ឋានពន្លត់អគ្គីភ័យរបស់ខេត្ត Hunan បានរាយការណ៍ថា ការស៊ើបអង្កេតបឋមបានបង្ហាញថា ជញ្ជាំងខាងក្រៅនៃអគារកម្ពស់ ៤២ជាន់នេះត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយថា ពេលនេះ អគ្គិភ័យត្រូវបានពន្លត់ហើយ តែមិនមានអ្នកស្លាប់ ឬរងរបួសត្រូវបានរកឃើញទេ។ ភ្លាមៗ រថយន្តពន្លត់អគ្គិភ័យចំនួន ៣៦គ្រឿង និងអ្នកពន្លត់អគ្គិភ័យចំនួន ២៨០នាក់ត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់កន្លែងកើតហេតុ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV របស់ចិន ការិយាល័យរាប់សិបជាន់នៃអគារទូរគមនាគមន៍ចិន ដែលមានកម្ពស់ ២០០ម៉ែត្រត្រូវបានអគ្គិភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅ ធ្វើឱ្យមានផ្សែងខ្មៅយ៉ាងក្រាស់សាយភាយទៅលើផ្ទៃមេឃ។

ជាមួយគ្នានេះ ខ្សែអាតិ៍វីដេអូដែលថតបានដោយសាក្សីនៅនឹងកន្លែងកើតហេតុជាច្រើន ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ហើយត្រូវបានចែករំលែកបន្តយ៉ាងច្រើន ដែលបង្ហាញពីទិដ្ឋាភាពនៅខាងក្រៅអគារត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner