រដ្ឋមន្រ្តីក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយនិស្សិត នៃសាកលវិទ្យាល័យចំនួន៥ ដែលនឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សា នៅប្រទេសអ៊ីស្រាអែល

ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិត មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ( RUA) វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងកំពង់ចាម សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ សាកលវិទ្យាល័យស្វាយរៀង និងសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចបាត់ដំបង ដែលនឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សារយ:ពេល ១១ខែ សម្រាប់ឆ្នាំសិក្សា២០២២- ២០២៣ ជំនាន់ទី១៥, ឆ្នាំនេះមានចំនួន ២៥០នាក់ នៅប្រទេសអ៊ីស្រាអែលក្នុងនោះមាន៖ RUA ចំនួន (២១២នាក់/នារី៣៤នាក់) វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ១៣នាក់ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ១៣នាក់ សាកលវិទ្យាល័យស្វាយរៀង ៦នាក់ និងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្ត បាត់ដំបង ៦នាក់។ ដោយឡែក វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបមានចំនួន៨៥នាក់/នារី ៤៣នាក់ ដែលបានចូលរួមក្នុងកម្មវិធី នាពេលនេះ។

មានមតិសំណេះសំណាលជាមួយក្មួយៗនិស្សិត ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ RUA និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយ:ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រុមហ៊ុន Agrostudie និងក្រុមហ៊ុន Sedol Negev Agriculture Training Center ក្នុងការផ្តល់ឱកាសឲ្យនិស្សិតឆ្នាំទី៣ បានទៅចូលរួមធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល ដើម្បីដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ លទ្ធផលជាផ្លែផ្កានេះ ទាំង RUA និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក៏ដូចជាក្រសួងសូមធ្វើការវាយតម្លៃខ្ពស់ជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាលអ៊ីស្រាអែលតាមរយ:ក្រុមហ៊ុន Agrostudies ដែលតែងតែយកចិត្តទុក ដាក់ គាំទ្រ និងផ្តល់ឱកាសឲ្យដល់និស្សិតយើងទៅធ្វើកម្មសិក្សារៀងរាល់ឆ្នាំ ហើយដែលចំនួននិស្សិតមានការកើនឡើងជាបន្តបន្ទាប់។

ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញអំពីការវិវឌ្ឍន៍រីកចម្រើននៃវិស័យកសិកម្ម បច្ចុបន្នភាពនៃស្ថានភាពសេដ្ឋកិច្ចក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩។ ស្ថិតក្នុងបរិបទនេះ វិស័យកសិកម្មកំពុងពង្រឹង និងពង្រីកតួនាទីរបស់ខ្លួនដើម្បីចូលរួមឲ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពក្នុងការធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ កំណើនប្រាក់ចំណូល ទិសដៅនាំចេញ និងជាពិសេសឲ្យស្របទៅតាមបរិបទនៃកំណើនសេដ្ឋកិច្ចជាតិ កំណើនប្រជាជន និងនិន្នាការនៃសេចក្តីត្រូវការផលិតផលកសិកម្មប្រកបដោយគុណភាពនៅលើទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។

ចំពោះកម្មសិក្សា ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្មួយៗនឹងទទួលបានឱកាសល្អសម្រាប់អភិវឌ្ឍសមត្ថភាពខ្លួនតាមរយ:ការសិក្សាទ្រឹស្តី និងហាត់ការផ្ទាល់នៅក្នុងមន្ទីរពិសោធន៍ រោងចក្រកែច្នៃ ចម្ការបន្លែ ផ្លែឈើ និងពូជដំណាំ ថ្នាលពិសោធន៍ និងកសិដ្ឋានទំនើបៗដែលពាក់ព័ន្ធនឹងវិស័យផលិតកម្មកែច្នៃ បង្កាត់ពូជ វារីវប្បកម្ម ផលិតកម្មសត្វ និងទឹកដោះ និងសាកវប្បកម្មជាដើម ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner