លោក ហ្សេលេនស្គី ចោទប្រកាន់រុស្ស៊ីជាថ្មីពីបទឧក្រិដ្ឋកម្មសង្គ្រាម

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានចោទប្រកាន់រុស្ស៊ីពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅភាគឦសាននៃប្រទេសអ៊ុយក្រែន ហើយថា វាលឿនពេកក្នុងការនិយាយថា សង្រ្គាមអាចនឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ បើទោះបីជាកងកម្លាំងរបស់លោកទើបរំដោះបានទឹកដីយ៉ាងឆាប់រហ័សក្នុងខែនេះក៏ដោយ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានប្រាប់កាសែតរ៉យទ័រនៅក្នុងបទសម្ភាសន៍មួយថា លទ្ធផលនៃសង្គ្រាមជាមួយរុស្ស៊ី ឥឡូវនេះនៅក្នុងខែទី ៧ របស់វា គឺត្រូវពឹងផ្អែកលើការបញ្ជូនអាវុធពីបរទេសឱ្យបានលឿនមកកាន់ប្រទេសរបស់លោក។

ជាមួយគ្នានេះ លោក ហ្សេលេនស្គី បានប្រៀបធៀបស្ថានភាពនៅក្នុងតំបន់រំដោះថ្មីនៃភាគឦសាន ទៅនឹងល្ខោនខោលបង្ហូរឈាមបន្ទាប់ពីទីក្រុងប៊ូចា ដែលជាក្រុងនៅជិតទីក្រុងកៀវ ជាទីដែលលោកបានចោទប្រកាន់កងកម្លាំងរុស្ស៊ីថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមជាច្រើននៅក្នុងដំណាក់កាលដំបូងនៃសង្រ្គាម។ ប៉ុន្តែរុស្ស៊ីបានច្រានចោលការចោទប្រកាន់នេះ។

លោក ហ្សេលេនស្គី បានបញ្ជាក់យ៉ាងដូច្នេះថា គិតត្រឹមថ្ងៃនេះ មានមនុស្សស្លាប់ចំនួន ៤៥០នាក់ត្រូវបានកប់នៅតំបន់ខាកៀវ ភាគឦសាន។ ប៉ុន្តែមានកន្លែងផ្សេងទៀត ក៏មានការបញ្ចុះសពដាច់ដោយឡែកពីគ្នារបស់មនុស្សជាច្រើនទៀតផងដែរ។

នៅពេលសួរថាតើមានភស្តុតាងនៃឧក្រិដ្ឋកម្មសង្គ្រាមដែរឬទេ លោក ហ្សេលេនស្គី បានឆ្លើយតបថា ទាំងអស់នេះមាននៅទីនោះ… មានភស្តុតាងខ្លះ ហើយការវាយតម្លៃកំពុងត្រូវបានធ្វើឡើងដោយអ៊ុយក្រែន និងអន្តរជាតិ ហើយសកម្មភាពនេះមានសារៈសំខាន់ណាស់សម្រាប់យើង និងសម្រាប់ពិភពលោកក្នុងការទទួលស្គាល់រឿងនេះ។

យ៉ាងណាមិញ វិមានក្រឹមឡាំងមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការចោទប្រកាន់ថ្មីនេះរបស់លោក ហ្សេលេនស្គី នោះទេ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner