លោក ពូទីន ព្រមានអ៊ុយក្រែនថា សង្គ្រាមអាចកាន់តែធ្ងន់ធ្ងរបន្ថែមទៀត

សាម៉ាកាន់៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លា ឌីមៀ ពូទីន នៅថ្ងៃសុក្រសប្តាហ៍នេះ បានព្រមានថា រុស្ស៊ីនឹងឆ្លើយតបកាន់តែខ្លាំង ប្រសិនបើកងទ័ពរបស់ខ្លួនត្រូវបានដាក់សម្ពាធបន្ថែមទៀត។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង សាម៉ាកាន់ ប្រទេសអ៊ូសបេគីស្ថាន លោក ពូទីន បានចាត់ទុកប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែនជាជំហានចាំបាច់មួយ ដើម្បីការពារអ្វីដែលលោកបាននិយាយថា ជាផែនការរបស់លោកខាងលិចដើម្បីបំបែកប្រទេសរុស្ស៊ី។

លោក ពូទីន បានបញ្ជាក់យ៉ាងដូច្នេះថា រុស្ស៊ីមិនប្រញាប់ប្រញាល់ក្នុងសង្គ្រាមនៅអ៊ុយក្រែនទេ… ហើយគោលដៅរបស់វានៅតែមិនផ្លាស់ប្តូរ។ លោក ពូទីន បាននិយាយដោយញញឹមថា អាជ្ញាធរក្រុងកៀវ បានប្រកាសថា ពួកគេបានបើកដំណើរការ និងកំពុងធ្វើប្រតិបត្តិការប្រឆាំងយ៉ាងសកម្ម។ ហើយជាការឆ្លើយតប រុស្ស៊ីបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន រួមទាំងទំនប់អាងស្តុកទឹក និងការផ្គត់ផ្គង់អគ្គិសនី ហើយលោក ពូទីន បាននិយាយថា ការវាយប្រហារទាំងនោះអាចកាន់តែអាក្រក់ទៅៗ។

លោក ពូទីន បន្ថែមថា ថ្មីៗនេះកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានវាយលុកយ៉ាងរសើបមួយចំនួន ហើយពួកគេបានព្រមានថា ប្រសិនបើស្ថានការណ៍នៅតែបន្តវិវឌ្ឍន៍ដូចនេះ ការឆ្លើយតបនឹងកាន់តែធ្ងន់ធ្ងរ។ រុស្ស៊ីកំពុងគ្រប់គ្រងបន្តិចម្តងៗលើតំបន់ថ្មីរបស់អ៊ុយក្រែន។ លោកថា កិច្ចការចម្បងនៅតែមិនផ្លាស់ប្តូរ ហើយវាកំពុងត្រូវបានអនុវត្ត… គោលដៅសំខាន់ គឺការរំដោះទឹកដី ដុនបាស់ ទាំងមូល៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner