លោក ពូទីន ប្រាប់អឺរ៉ុបថា ប្រសិនបើអ្នកត្រូវការហ្គាស ដូច្នេះគួរតែបើកបំពង់បង្ហូរឧស្ម័ន Nord Stream 2
សាម៉ាកាន់៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រសប្តាហ៍នេះបានថ្លែងថា រុស្ស៊ីនឹងមិនមានអ្វីដែលត្រូវធ្វើជាមួយវិបត្តិថាមពលរបស់អឺរ៉ុបទេ ហើយថា ប្រសិនបើសហភាពអឺរ៉ុបចង់បានឧស្ម័នបន្ថែមទៀត ខ្លួនគួរតែដកទណ្ឌកម្មរារាំងការបើកគម្រោងបំពង់បង្ហូរឧស្ម័ន Nord Stream 2 របស់រុស្ស៊ី។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃនៅប្រទេសអ៊ូសបេគីស្ថាន លោក ពូទីន បានស្តីបន្ទោសនូវអ្វីដែលលោកហៅថា “របៀបវារៈបៃតង” សម្រាប់វិបត្តិថាមពល ហើយបានទទូចថា រុស្ស៊ីនឹងបំពេញកាតព្វកិច្ចថាមពលរបស់ខ្លួន។
លោក ពូទីន បានបញ្ជាក់យ៉ាងដូច្នេះថា ចំណុចសំខាន់ គឺប្រសិនបើវាពិបាកសម្រាប់អ្នក អ្នកគ្រាន់តែដកទណ្ឌកម្មលើ Nord Stream 2 ដែលរ៉ាប់រងឧស្ម័នរហូតដល់ ៥៥ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ដោយគ្រាន់តែចុចប៊ូតុង នោះអ្វីៗនឹងដំណើរការទៅមុខយ៉ាងរលូន។
គួរបញ្ជាក់ថា គម្រោងបំពង់បង្ហួរឧស្ម័ន Nord Stream 2 របស់រុស្ស៊ី ដែលដាក់នៅសមុទ្របាល់ទិកស្ទើរតែស្របទៅនឹងគម្រោង Nord Stream 1 ត្រូវបានសាងសង់កាលពីមួយឆ្នាំមុន ប៉ុន្តែអាល្លឺម៉ង់បានសម្រេចចិត្តមិនបន្តជាមួយគម្រោងនេះ ប៉ុន្មានថ្ងៃមុនពេលដែលរុស្ស៊ីបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ តម្លៃឧស្ម័ននៅអឺរ៉ុបបានហក់ឡើងជាងទ្វេដងចាប់ពីដើមឆ្នាំមក ចំពេលមានការធ្លាក់ចុះនៃការផ្គត់ផ្គង់របស់រុស្ស៊ី៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

