ប្រទេសចិន៖ ជំនន់ជនលិច អណ្តូងរ៉ែដែកខេត្ត ហ៊ឺប៉ី សម្លាប់ជីវិត មនុស្ស ១៤នាក់

ចិន៖ យោងតាមការផ្សាយ របស់បណ្តាញព័ត៌មានចិន ឧបទ្ទេវហេតុជនលិចទឹកជំនន់ នៅក្នុង អណ្តូងជីករ៉ែដែក ខេត្តហ៊ឺប៉ី(Hebei )ភាគខាងជើងប្រទេសចិន បានសម្លាប់ជីវិត មនុស្សសរុប ១៤នាក់ និង១នាក់ ទៀតបន្ត បាត់ខ្លួនតាំងពីដើមខែកញ្ញានេះ។

តំបន់ ជាច្រើននៅចិន កំពុងរងគ្រោះ ដោយបញ្ហាអាកាសធាតុ ដែល មានខ្យល់ព្យុះបោកបក់និងទឹកភ្លៀងធ្លាក់ជោគជាំក្នុងរយៈកាលចុងក្រោយនេះ ។
អាជ្ញាធរតំបន់ចិន តាមរយៈ សេចក្តីថ្លែងការណ៍ខ្លីមួយ នៅយប់ ថ្ងៃសៅរ៍ ទី ១៧ ខែកញ្ញា ឆ្នាំ២០២២ ប្រកាសបិទបញ្ចប់ដំណើររុករកសង្គ្រោះ ពលករនៅអណ្តូងរ៉ែដែក ដែលបានរងគ្រោះដោយ ទឹកជំនន់កាលពីថ្ងៃទី ២ ខែកញ្ញាកន្លងទៅ។

អាជ្ញាធរក្រុង Tangshan នៃខេត្ត Hebei បានបញ្ជាក់ថា ក្រុមជួយសង្គ្រោះបានរុករកឃើញសាកសពមនុស្សជាបន្តបន្ទាប់សរុប ចំនួន ១៤នាក់ បន្ទាប់ពីរកឃើញសាកសពទី១៤ នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២។ ហើយ នៅមានបាត់ខ្លួន១នាក់ទៀត ដែលគេសន្និដ្ឋានថា បានស្លាប់ដោយហេតុជនលិចទឹកជំនន់ដែលកើតឡើងកាលពីជាង ២សប្តាហ៍មុន ។

ត្បិតថាប្រតិបត្តិការជួយសង្គ្រោះ បិទ បញ្ចប់ ក៏ប៉ុន្តែ ការស្រាវជ្រាវ ស៊ើបអង្កេត លម្អិតនឹងធ្វើឡើងដោយក្រុមការងារមួយទើបបង្កើតដោយអាជ្ញាធរខេត្ត។ នៅក្នុងសេចក្តីថ្លែងការណ៍ អាជ្ញាធរអះអាងចាត់វិធានការតឹងរឹងតាមច្បាប់ទៅលើឧស្សាហកម្មរ៉ែដែកនោះ ប្រសិនបើរកឃើញថាមិនបានអនុវត្តក្រឹត្យក្រមដែលមានចែង។ នៅប្រទេស ចិន គ្រោះថ្នាក់ នៅ អណ្តូងរ៉ែ ឧស្សាហ៍កើតមាន ជា ញឹកញយ ដោយសារ គ្មាន ការគោរព ក្បួនច្បាប់ ការពារ សុវត្ថិភាពត្រឹមត្រូវ។

សូមជម្រាបថា អណ្តូងរ៉ែដែកខាងលើ មានចម្ងាយប្រហែល ១៦០គីឡូម៉ែត្រ ក្នុងខេត្ត Hebeiនៃប៉េកាំង។ ខេត្ត Hebei គឺជាឧស្សាហកម្ម ផលិតរ៉ែដែកនិងដែកថែបដ៏សំខាន់នៅប្រទេសចិន៕ ដោយ៖ បណ្ដូល ពេជ្រ

ads banner