ជំនន់ទឹកភ្លៀង និងទឹកហូរកាត់តំបន់ភាគច្រើននៃប្រទេសថៃ រហូតដល់ថ្ងៃពុធ
បាងកក៖ ភ្លៀងធ្លាក់ដ៏ខ្លាំក្លា ត្រូវបានគេព្យាករណ៍ថា នឹងនាំមកនូវជំនន់ទឹកភ្លៀង និងទឹកហូរកាត់តំបន់ភាគច្រើននៃប្រទេសថៃ រហូតដល់ថ្ងៃពុធ សប្តាហ៍ក្រោយ នេះបើតាមមន្ត្រីជំនាញអះអាងនាថ្ងៃអាទិត្យទី១៨ កញ្ញានេះ ។

នាយកដ្ឋានឧតុនិយមថៃ បាននិយាយថា ភ្លៀងកាន់តែច្រើនជាមួយនឹងខ្យល់បក់បោកទំនងជានៅតំបន់ភាគច្រើននៃប្រទេស ជាមួយនឹងភ្លៀងធ្លាក់ពីមួយទៅមួយកម្រិត ដែលនឹងកាន់តែខ្លាំង កើតមាននៅតំបន់ភាគខាងជើង ភាគឦសាន តំបន់កណ្តាល រួមទាំងទីក្រុងបាងកក និងតំបន់ជុំវិញ ភាគខាងកើត និងខាងត្បូង។

នាយកដ្ឋានបានបន្តថា៖ «ប្រជាពលរដ្ឋគួរតែប្រយ័ត្នចំពោះស្ថានភាពធ្ងន់ធ្ងរដែលអាចបង្កជាទឹកជំនន់ភ្លាមៗ និងទឹកហៀរ ជាពិសេស នៅតាមតំបន់វាលទំនាប ជិតផ្លូវទឹក និងដីទំនាប»។

នាយកដ្ឋានឧតុនិយមបន្ថែមថា ខ្យល់បក់ពីបង្គួរនៅសមុទ្រ Andaman និងឈូងសមុទ្រថៃភាគខាងលើនឹងបង្កើតបានជារលកកម្ពស់ពី ១ ទៅ ២ ម៉ែត្រ ដែលនឹងមានភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងផ្គរ រន្ទះ។ នាយកដ្ឋានឧតុនិយមបានព្រមានថា នាវានានាត្រូវបន្តប្រុងប្រយ័ត្ន និងការពារពីបាតុភូតផ្គររន្ទះ៕ ប្រភពពី The Nation , ដោយ៖ សារ៉ាត
