ក្មេងស្ទាវពីរក្រុមបានវៃគ្នាផ្អើលដល់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យដេញចាប់ទាំងយប់បាន៦នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋចោមចៅទី១ បានសហការជាមួយកម្លាំងសមត្ថកិច្ចអន្តរាគមន៍ ខណ្ឌពោធិ៍សែនជ័យដេញចាប់ក្មេងស្ទាវពីរក្រុមកំពុងតែវាយតប់គ្នាមានទាំងដាវ ដំបង ដុំឥដ្ឋ បង្កឱ្យមានការ ភ្ញាក់ផ្អើលនៅវេលាម៉ោង ២និង ៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ ២០១៩ ត្រង់ចំណុច នៅផ្លូវបេតុងកែងនិងផ្លូវវេងស្រេង ច្រកចូលវត្តអង្គតាមិញ នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចឃាត់ជនសង្ស័យបានចំនួន៦នាក់ រួចបញ្ចូនទៅសួរនាំនៅអធិការខណ្ឌពោធិ៍សែនជ័យ។   យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាដំបូងឡើយគេឃើញក្មេងស្ទាវ ២ក្រុមបានវាយគ្នាមានដាវដំបងដុំថ្ម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ចុះមកអន្តរាគមន៍ភ្លាមៗ។

ខណៈពេលនោះកម្លាំងល្បាតប៉ុស្តិ៍ចោមចៅទី១ បានចូលទៅឃាត់ ស្រាប់តែក្មេងស្ទាវទាំងនោះបានតដៃវាយមកលើសមត្ថកិច្ចវិញ បណ្តាលឲ្យរងរបួសជើងមន្រ្តីនគរបាលម្នាក់ ទើបស្នើសុំកម្លាំងអន្តរាគមន៍ ខណ្ឌពោធិ៍សែនជ័យ មកបន្ថែមឲ្យដេញចាប់ក្មេងស្ទាវទាំងនោះរហូតដល់ស្តុបទួលពង្រ ទើបចាប់បានចំនួន៦នាក់ និងដកហូតម៉ូតូចំនួន៣គ្រឿង ព្រមទាំងដាវមួយដើមផង។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់រួមទាំងវត្ថុតាំងម៉ូតូ៣គ្រឿង និងដាវមួយដើម ត្រូវបានសមត្ថកិច្ចយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងបន្តចាត់ការទៅតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner