ឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបង និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំសំខាន់ៗនិងមន្ត្រីរាជការ ចំណុះរដ្ឋបាលខេត្ត ចូលរួមកាន់បិណ្ឌវេនទី៧នៅវត្តគិរីសាលវ័ន្ត ហៅ”វត្តភ្នំស្លឹក ” ស្ថិតក្នុងស្រុករតនមណ្ឌល
នៅព្រឹក ថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ថ្មីៗនេះ ឯកឧត្តម ងួន រតន: អភិបាល ខេត្តបាតដំបង និងលោកជំទាវ ព្រមទាំង មន្រ្តីរាជ ការជុំវិញនៃរដ្ឋបាលខេត្ត បណ្តាមន្ទីរអង្គភាពនានាក្នុងខេត្តនិងកងកម្លាំង ទាំង៣ប្រភេទ បានអញ្ញើញចូលរួមកាន់បិណ្ឌវេនទី៧ និងរាប់បាតឆ្លងនៅវត្តគិរីសាលវ័ន្ត ហៅវត្តភ្នំស្លឹក ស្ថិតនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង ។
នៅក្នុងឱកាសចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧នេះ ឯកឧត្តមអភិបាលនៃគណ:អភិបាលខេ ត្ត បាត់ដំបង បានប្រគេននូវទេយ្យទាន-ទេយ្យវត្ថុនិងបច្ច័យ មួយចំនួន ដែលកើតឡើងពីទឹកចិត្តស ទ្ធាជ្រះថ្លាផ្ទាល់ របស់ ឯកឧត្តម និង លោកជំទាវព្រមទាំងសប្បុរសជននិងអ្នកចូលរួម នូវទឹកប្រាក់សរុបចំនួន ៨លានរៀល ដល់ព្រះគ្រូចៅអធិការ វត្តសម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍ក្នុងការកសាងនូវសមិទ្ធផលនានានៅក្នុងវត្ត។
នៅក្នុងពិធីបុណ្យកាន់បិណ្ឌនេះ ឯកឧត្តមនិង
លោកជំទាវ ព្រមទាំងញាតិញោម ដែលជាពុទ្ធបរិ ស័ទមកពីគ្រប់ទិសទី បានអញ្ជើញរាប់បាត្រ និង វេរនូវចង្ហាន់រួមជាមួយនិងប្រគេនទេយ្យទានដល់ព្រះសង្ឃ ដើម្បីឧទ្ទិសនូវកុសលផលបុណ្យ ដល់បុព្វការីជន ជីដូនជីតា និងញាតិការទាំង៧សន្តាន រៀងៗខ្លួន ដែលបានចែកឋានទៅកាន់លោកខាង មុខហើយនោះ សូមឲ្យមកទទូលនូវផល្លានិសង្ឃ ដែលកូនចៅបានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ពីបុណ្យកាន់បិណ្ឌទី៧នេះដើម្បីបានទៅកាន់ទីឋានបរមសុខ នឹងឲ្យពរកូនចៅ ទទួលបាននូវសេចក្តី សុខ សេចក្តីចម្រើន រកស៊ីមានបាន និងសម្រេចតាមបំណងប្រាថ្នារៀងៗខ្លួនកុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ។
ពិធីបុណ្យភ្ជុំបិណ្ឌ គឺ៖ជាពិធីបុណ្យមួយនៅក្នុង ចំណោមពិធីបុណ្យប្រពៃណីជាតិខ្មែរ ដែលប្រជាពុទ្ធសាសនិកជនគ្រប់រូបចាត់ទុកជាបុណ្យដ៏មានសារៈសំខាន់សំរាប់ពុទ្ធសាសនិក និង ជនានុជនគ្រប់ៗរូប។ ហើយពិធីនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោជដល់ថ្ងៃ១៥រោជ ខែភទ្របទ ។ ដោយក្នុងនោះចាប់ពីថ្ងៃ១រោជ ដល់ថ្ងៃ១៤រោជ គេហៅថា”ថ្ងៃដាក់បិណ្ឌ ឬ “ថ្ងៃកាន់បិណ្ឌ”។ហើយ
នៅថ្ងៃ១៥រោជជាថ្ងៃបង្ហើយ គេហៅថា ថ្ងៃភ្ជុំបិណ្ឌ ឬប្រជុំបិណ្ឌ ដែលមានន័យថា ជាថ្ងៃជួបជុំគ្នាចុង ក្រោយ នៃពិធីបុណ្យកាន់បិណ្ឌ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )






