អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការគាំទ្រឲ្យមានការលើកកម្ពស់ការងារសម្រាប់ជនមានពិការភាពក្នុងវិស័យទេសចរណ៍

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ គាំទ្រឱ្យមាន ការវិនិយោគ ចំពោះជនមានពិការភាព ក្នុងវិស័យទេសចរណ៍ ដើម្បី បង្កើននូវឱកាសការងារសម្រាប់ជនមានពិការភាព និងចូលរួមអនុវត្ដ គោល នយោបាយ របស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនមាន ពិការភាព តាមរយៈការលើកកម្ពស់កំណើនការងារ នៅក្នុងវិស័យ ទេសចរណ៍»នៅថ្ងៃទី១៥ ខែកញ្ញា ក្នុងខេត្តក្រចេះ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើក ឡើងថា វិស័យទេសចរណ៍នៅកម្ពុជាកំពុងតែមានសក្តានុពល យ៉ាង ខ្លាំង ហើយក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង កម្ពុជា ឱ្យបានរីកចម្រើនផងដែរ។

លោកថ្លែងដូច្នេះថា៖ «ការធ្វើវិនិយោគទុនចំពោះជនមានពិការភាព ក្នុងវិស័យទេសចរណ៍ គឺជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់ អាជីព សមស្រប និងកំណើនការងារសម្រាប់ជនមានពិការភាពនៅកម្ពុជា មានដូចជា អាជីវករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ម្ចាស់កន្លែងកម្សាន្តជាដើម»។

ឯកឧត្តមបន្តថា កន្លងមករដ្ឋាភិបាលតែងតែជំរុញឱ្យផ្នែកឯកជន រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ ដែលបានផ្តល់ឱកាស ការងារដល់ជនដែលមានពិការភាព ត្រូវអនុវត្តដោយស្ម័គ្រចិត្ត និង ភ្ញាក់ រលឹកនូវកាតព្វកិច្ច ដែលមានចែងក្នុងច្បាប់ស្ដីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងគាំទ្រដល់ការធ្វើសមាហរណកម្ម ជនពិការ ដោយដាក់បញ្ចូលបញ្ហាពិការក្នុងសកម្មភាពរបស់ខ្លួន។

លោកបញ្ជាក់ថា ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជនទាំងអស់ដែល ត្រូវគោរពអត្រាចូលបំរើការងាររបស់ជនមានពិការភាពគឺ២ភាគរយ សម្រាប់ក្រសួង ស្ថាប័នរដ្ឋ និង១ភាគរយ សម្រាប់វិស័យឯកជន នៃចំនួនបុគ្គលិកសរុប។

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើក ឡើងថា កន្លងមកក្រសួងទេសចរណ៍ ក៏បានចេញសេចក្តីណែនាំ មួយស្តីពី ការចូលរួមលើកកម្ពស់សិទ្ធិជនមានពិការភាព ដោយក្នុង បានលើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋាន បៀរហ្គាឌិន ជួយបង្ក លក្ខណៈងាយស្រួលអនុញ្ញាតឲ្យជនមានពិការភាព អាចចូលច្រៀង និងសម្តែងទស្សនីយភាពសិល្បៈខ្លីៗជាដើម។
លោកបន្តថា ក្រសួងបានជំរុញឲ្យមន្ទីរទេសចរណ៍ អនុវត្តការងារ នេះឲ្យបានកាន់តែប្រសើរថែមទៀត ដោយត្រួវរៀបចំបណ្ណសរសើរ លើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ ដែលចូលរួម ចំណែកជួយដល់ការកាត់បន្ថយភាពក្រីក្រជនមានពិការភាព តាម រយៈ ការលើកកម្ពស់ការងារ និងអាជីពសមស្របសម្រាប់ជនពិការ។
លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ បានលើកឡើង ថា ខេត្តនឹងយកចិត្តទុកដាក់ខ្ពស់លើជនមានពិការភាព ក្នុងការ បង្កើត ការងារ និងការបង្កលក្ខណៈងាយស្រួលគ្រប់បែប យ៉ាងជូន ពួកគាត់ សំដៅកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាព រស់នៅរបស់ជនពិការភាព។
លោកបន្តថា ខេត្តនឹងជំរុញដល់គ្រប់មូលដ្ឋានអាជីវកម្មសេវា កម្ម ទេសចរណ៍ក្នុងខេត្តក្រចេះ ត្រូវចូលរួមជាកាតព្វកិច្ចក្នុងការផ្តល់ ឱកាសការងារធ្វើជូនដល់ជនមានពិការភាពនៅក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួនដោយមិនមានការរើសអើងនោះឡើយ ដោយការងារ ទាំងឡាយដែលផ្តល់ជូនពួកគាត់ត្រូវស្របទៅតាមចំណេះដឹង ជំនាញ និងសមត្ថភាពផងដែរ។

ឯកឧត្តម ឯម ច័ន្ទមករា បានសង្កេតឃើញថា បើទោះបីកម្ពុជា សម្រេច បាននូវសមិទ្ធផលល្អ លើវិស័យសុខុមាលភាពជន ពិការ ក៏ដោយ ជនមានពិការភាពនៅតែបន្តជួបឧបសគ្គជាច្រើនទៀត ដែលត្រូវតែយកចិត្តទុកដាក់ដោះស្រាយដូចជា ខ្វះការសម្រប សម្រួលសមស្រប ឧបសគ្គពាក់ព័ន្ធនឹងអាកប្បកិរិយាក្នុងសង្គម ការរើសអើង និងការមាក់ងាយចំពោះជនមានពិការភាព និង សមត្ថភាពទទួលយកចំណេះដឹង និងជំនាញវិជ្ជាជីវៈរបស់បងប្អូនជន ពិការនៅមានកម្រិតជាដើម។

លោកបាន ស្នើឲ្យម្ចាស់ ឬអ្នកគ្រប់គ្រងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ខារ៉ាអូខេ មជ្ឈមណ្ឌលកំសាន្តនានា សហគមន៍ ទេសចរណ៍ និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទាំងអស់ ចូលរួមយកចិត្តទុកដាក់រៀបចំការបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព ចាស់ជរា ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានកុមារតូច ដោយបង្កើតឲ្យមានចំណតយានយន្ត ស្លាកសញ្ញា ជំរាលដែលមានធ្នាក់ដៃ បន្ទប់ទឹក ដែលពួកគាត់ អាចប្រើប្រាស់បាន នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងសេវាកម្មទេសចរណ៍ជាដើម៕ ដោយ៖ហ្វីន ហ្វ្រីដា

ads banner