គ្រោះរញ្ជួយដីកម្រិត ៦,៩រ៉ិចទ័រនៅតៃវ៉ាន់ បណ្ដាលឲ្យមានការ ព្រមានពីលទ្ធភាពនៃរលកយក្សស៊ូណាមិ
តៃវ៉ាន់៖គ្រោះរញ្ជួយដីកម្រិត ៦,៩រ៉ិចទ័រ បានវាយប្រហារភាគ អាគ្នេយ៍នៃកោះតៃវ៉ាន់ នារសៀលថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ នេះ បានបង្កឲ្យមានការព្រួយបារម្ភនិងព្រមានអំពី លទ្ធភាព នៃការកើតរលកយក្សស៊ូណាមិ។
បើតាមទីភ្នាក់ងារភូមិសាស្ត្រអាមេរិក គ្រោះរញ្ជួយដីបានកើតឡើងម នៅវេលាម៉ោង ២:៤៤រសៀល ម៉ោងនៅក្នុងតំបន់ ចម្ងាយ ប្រហែល៥០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Taitung ក្នុងជម្រៅ១០គីឡូម៉ែត្រ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញពីរូបភាពនៃការខូចខាត ដោយសារតែគ្រោះរញ្ជួយដីនេះ ដូចជា ការរលំបាក់អគារ និង ពលរដ្ឋក្នុងតំបន់រងគ្រោះ ដែលរត់ប្រសេចប្រសាចចេញពីអគារ ដើម្បីគេចផុតពីគ្រោះថ្នាក់ ព្រមទាំងផ្សែងធូលីហុយទ្រលោម ដោយសារការរលំបាក់នៃអគារជាច្រើន។
ចំណែករដ្ឋបាលទទួលបន្ទុកអយស្ម័យយានតៃវ៉ាន់ បានបញ្ជាក់ថា ទូរថភ្លើងចំនួន៣ បានខ្ទាតចេញពីគន្លងផ្លូវដែក នៅស្ថានីយ Dongli ភាគខាងកើតកោះតៃវ៉ាន់។ ដំបូលនៃទូរថភ្លើងខ្លះរបើកចេញ ហើយ អ្នកដំណើរជាង២០នាក់ដែលធ្វើដំណើរតាមទូរថភ្លើងនោះ ត្រូវ ជម្លៀសចេញ។
គួររំឭកថា មុននេះមួយថ្ងៃ។ ពោលគឺនៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា គ្រោះរញ្ជួយដីបានកើតឡើងនៅក្នុងតំបន់នេះម្ដងរួចហើយ ក្នុង កម្រិត ៦,៦រ៉ិចទ៍រ តាមពីក្រោយដោយការរញ្ជួយរន្ធើនៗជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃអាទិត្យនេះ ដែលការរញ្ជួយមានកម្រិតខ្លាំងបំផុត រហូតដល់ទៅ ៦,៩រ៉ិចទ័រ។

ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញសេចក្ដីណែនាំឲ្យ មានការ ប្រុងប្រយ័ត្ន អំពីលទ្ធភាពនៃរលកយក្សស៊ូណាមិ នៅតាម បណ្ដា កោះរបស់ខ្លួនមួយចំនួន ដែលមានទីតាំងនៅក្បែរកោះតៃវ៉ាន់។ បើតាមការព្យាករណ៍របស់ទីភ្នាក់ងារឧតុនិយមជប៉ុន កម្ពស់ទឹក រលកអាចហក់ឡើងដល់ទៅជាង១ម៉ែត្រ នៅវេលាម៉ោង៤:១០ល្ងាច ម៉ោងនៅក្នុងតំបន់។
ជាការកត់សម្គាល់ តំបន់របស់តៃវ៉ាន់ដែលរងគ្រោះ ដោយការ រញ្ជួយដីនេះ មានចម្ងាយប្រហែល២ពាន់គីឡូម៉ែត្រ ភាគនិរតី នៃទីក្រុងតូក្យូ។ មន្ដ្រីឧតុនិយមជប៉ុន បានជំរុញឲ្យប្រជាជន នៅ តំបន់ទាំងនោះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងនៅឲ្យឆ្ងាយពីតំបន់ ឆ្នេរសមុទ្រ។
សូមរំឭកដែរថា តៃវ៉ាន់ធ្លាប់រងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះ រញ្ជួយ ដីចំនួនពីរដង។ ម្ដងនៅក្នុងឆ្នាំ២០១៦ គ្រោះរញ្ជួយដីកើត ឡើងនៅ ភាគខាងត្បូងកោះតៃវ៉ាន់ និងបានបណ្ដាលឲ្យមនុស្សជាង១០០ នាក់ បាត់បង់ជីវិត។ ចំណែកគ្រោះរញ្ជួយដីនៅក្នុងឆ្នាំ១៩៩៩ ដែលមាន កម្រិត ៧,៣រ៉ិចទ័រ បានឆក់យកជីវិតមនុស្សអស់ជាងពីរពាន់នាក់៕ ដោយ៖កែវ កិរិយា