ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងកិច្ចការងារផ្សេងៗដំណើរការទៅយ៉ាងរលូន គ្មានអ្វីមកបង្អាក់បំណងប្រាថ្នាអ្នកទេ ប៉ុន្តែសូមរក្សាចិត្តសប្បុរស បំភ្លេចរឿងមួយចំនួនដែលគ្មានប្រយោជន៍។ ថ្ងៃនេះលោកអ្នកមានមនុស្សចាំមើលបំណាំ និងរកវិធីបង្អាក់ភាពជោគជ័យរបស់អ្នកផងដែរ ដូច្នេះសូមគ្រប់គ្រងស្ថានការណ៍។ ដោយឡែក ក្នុងរយៈពេល ព្រឹកសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការខាតបង់ទ្រព្យដោយការជឿជាក់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរជួញដូរ និងកិច្ចការងារចម្រើនលូតលាស់ជាធម្មតា។ ចូររក្សាទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន កុំធ្វើដឹងជាមួយរឿងដែលមិនបានការ ជាពិសេសរាល់ករណីជម្លោះ ឬមតិរិះគន់ត្រូវជៀសវាងជាដាច់ខាត។ ប្រសិនបើចង់សម្រេចចិត្តលើកិច្ចការធំ ចូរពិគ្រោះយោបល់នឹងមនុស្សជិតស្និទ្ធ ពិសេសជាមួយក្រុមការងារដែលយល់ដឹងស្ថានការណ៍។ ក្រៅពីនេះ សូមលោកអ្នករក្សាការងារអោយនៅក្នុងកំរិតធម្មតា សិនទើបជាការប្រសើរជាង។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានសំណាងល្អណាស់ក្នុងជីវិតនៅថ្ងៃនេះ។ កុំបោះបង់ការប្រឹងប្រែង បន្ថែមកំលាំងឆ្ពោះទៅមុខឲ្យខ្លាំង។ ត្រូវចេះសំលឹងមើលហេតុការផ្សេងៗដែលបានកើតឡើង និងរៀនដោះស្រាយដោយឆ្លាតវ័យ។ លោកអ្នកអាចសម្រេចចិត្តបណ្តាក់ទុន ឬចាប់ផ្តើមធ្វើកិច្ចការងារថ្មីបាន ចំណែកពិធីមង្គលនានាអាចធ្វើទៅបានគ្រប់ពេល។ ដោយឡែក សូមព្យាយាមចូលអោយកាន់តែកៀកនឹងថ្នាក់លើ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការងារ និងអាជីវកម្មហាក់នៅទ្រឹង ព្រមទាំងប្រឈមជាមួយការបាត់បង់ឳកាសក្នុងជំនួញ។ សូមយកចិត្តទុកដាក់គ្រប់អ្វីៗដែលបានកើតឡើង ហើយដោះស្រាយឲ្យបានម៉ត់ចត់។ ក្នុងស្ថានភាពខ្លះ ប្រសិនបើអ្នកមិនអាចរកវិធីដោះស្រាយទេ ចូរកុំបង្អង់យូរ អ្នកគួររកមនុស្សដែលទុកចិត្តមកពិភាក្សា។ ទន្ទឹមនឹងនោះ ចូរធ្វើទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនឲ្យបានច្រើន ហើយក្នុងនោះមិនគួរបណ្តោយខ្លួន អោយនៅក្នុងស្ថានភាពទ្វេរមុខនោះទេ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យពេញមួយថ្ងៃ។ ការងារ រកទទួលទានមានបាន នឹងរីកចម្រើនយ៉ាងខ្លាំង។ លោកអ្នកអាចចាប់ផ្តើមកិច្ចការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារដែលខ្លួនបានគ្រោងទុក។ ដោយឡែកក្នុងថ្ងៃនេះជម្លោះ ឬបញ្ហាកន្លងមកនឹងអាចដោះស្រាយបានយ៉ាងងាយ ប៉ុន្តែត្រូវមានភាពទន់ភ្លន់ និងគោរពភាពពិត។ សូមចាប់យកកិច្ចការងារឲ្យបានឆាប់រហ័សមុនគេ ដើម្បីជោគជ័យ។ ប៉ុន្តែ ស្របពេលជាមួយគ្នា សូមកុំបាត់បង់ជំនឿលើខ្លួនឯងអោយសោះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ចូរចាប់ផ្តើមថ្ងៃនេះជាមួយភាពរួសរាយរាក់ទាក់។ សុភមង្គលក្នុងចិត្តនៅថ្ងៃនេះ នឹងបណ្តាលវាសនាអ្នកទៅរកសំណាង និងលាភធំក្នុងមុខរបរ និងការងារ។ សូមចងចាំថា បរាជ័យក្នុងវិជ្ជាជីវៈ មិនមែនជាហេតុផលឲ្យអ្នកថយក្រោយ ឬឈប់ទ្រឹងនោះទេ។ ចូររក្សាចិត្តគំនិតស្មោះត្រង់ជានិច្ច។ ក្រៅពីនេះ សូមព្យាយាម កុំចូលទៅក្នុងទំនាក់ទំនងផ្ទាល់ខ្លួនណាមួយក្នុងការិយាល័យអោយសោះ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ រកស៊ីជួញដូររបស់អ្នកនឹងទទួលបានផ្លែផ្កាជាទីគាប់ចិត្ត ព្រោះតែភាពស្មោះត្រង់របស់អ្នក។ លោកអ្នកមានមនុស្សជាច្រើនចាំគាំទ្រ និងលើកទឹកចិត្ត។ សញ្ញាណនៃភាពស្មុគ្រស្មាញកើតឡើងបន្តិចបន្តួច ដូច្នេះសូមដោះស្រាយដោយសន្តិវិធី និងត្រូវមានការប្រុងប្រយ័ត្ន។ កុំចូលទៅពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃ ពិសេសរឿងជម្លោះ។ ក្រៅពីនេះ សូមមានភាពស្ងៀមស្ងាត់ ហើយបោះបង់ការស្រមើស្រមៃ ដែលនៅឆ្ងាយពីដៃរបស់អ្នកទើបជាការល្អប្រសើរជាង។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកអាចមានបញ្ហាតិចតួចរាំងស្ទះ ប៉ុន្តែចូរកុំបារម្ភ លោកអ្នកមានសមត្ថភាពដោះស្រាយវាបានដោយរលូន តាមរយៈការប្រើប្រាស់ ទេពកោសល្យ និងចំណេះដឹងដែលអ្នកមាន។ សូមរក្សាចិត្តគំនិត និងអាកប្បកិរិយា កុំធ្វើឲ្យហួសហេតុ ព្រោះបណ្តាលឲ្យកាត់លាភ និងមានគ្រោះក្នុងការងារ។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពគ្រប់គ្រាន់យល់ដឹងពីស្ថានការណ៍បានលឿន ហើយក៏អាចសម្របខ្លួនបានគ្រប់ កាលទេសផងដែរ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកល្អឡើងខ្ពស់ត្រដែត។ ថ្ងៃនេះកិច្ចការងាររបស់លោកអ្នកនឹងអាចសម្រេចទៅបានដោយទិន្នផលយ៉ាងល្អប្រសើរជាទីបំផុត។ លោកអ្នកមានលាភមានជ័យ លុយកាក់ហូរចូលមហាសាល ដូច្នេះបើចង់រករបរ ឬការងារអ្វីថ្មីកុំបង្អង់យូរ។ ថ្ងៃនេះរូបរាង និងស្នាមញញឹមរបស់អ្នកទាក់ទាញមនុស្សផងគ្នាឲ្យជួយគាំទ្រ និងយកអាសារ។ ដោយឡែក សូមរកពេល សម្រាកខ្លះ ពីព្រោះសុខភាពរបស់អ្នកកំពុងរងផលប៉ះពាល់ព្រោះការមមាញឹក និងស្ថាន ភាពស្មុគ្រស្មាញកន្លងមក។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់កិច្ចការដែលអ្នកបានធ្វើនឹងអាចសម្រេចបានតាមបំណងប្រាថ្នា ដូច្នេះកុំមានក្តីបារម្ភឡើយ។ លោកអ្នកអាចនឹងទទួលបានដំណឹងសម្រាប់ដំណើរផ្លូវឆ្ងាយផងដែរ។ ថ្ងៃនេះរឿងល្អៗនឹងចូលក្នុងជីវិតអ្នក ដូច្នេះសូមរៀបចំគម្រោងការទទួលយកលាភសំណាងមករក្សាទុក។ ដោយឡែក ចំពោះលោកអ្នក ដែលមានបំណងផ្លាស់ប្តូរការងារសូមធ្វើទៅតាមបំណងចុះ ហើយប្រសិនបើកាន់តែល្អ សូមចូលរួមអោយសកម្មក្នុងកិច្ចសហការ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងយ៉ាងច្រើនក្នុងមុខរបរអាជីវកម្ម និងកិច្ចការងារ។ លោកអ្នកជាម្ចាស់ ឬជាអ្នកដឹកនាំក្រុមការងារទៅរកភាពជោគជ័យ ប៉ុន្តែត្រូវគោរពមនុស្សនៅជុំវិញខ្លួនឲ្យបានច្រើន។ លោកអ្នកនឹងទទួលបានទំនុកចិត្តខ្លាំងពីមនុស្សជុំវិញខ្លួន ពិសេសមិត្តរួមការងារ ដូច្នេះសូមកុំខ្វាយខ្វល់ លោកអ្នកនឹងទទួលបានជោគជ័យ។ លើសពីនេះ បើអ្នកអាចមានលទ្ធភាពចេញទៅប្រឈមនឹងស្ថានភាព ខាងក្រៅគឺកាន់តែប្រសើរ ពីព្រោះឳកាសកំពុងកើនឡើងច្រើន។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នកមានដំណើរការទៅដោយរលូន និងមានអ្នកគាំទ្រច្រើនណាស់។ សូមខំប្រឹងប្រែងធ្វើកិច្ចការងារដោយដៃអ្នកផ្ទាល់ ហើយធ្វើទំនាក់ទំនងល្អជាមួយមនុស្សជាច្រើននៅជុំវិញខ្លួន ពិសេសជាមួយថ្នាក់លើ។ កុំធ្វើឲ្យខកខានឳកាសរៀនសូត្រថ្មីៗ ប៉ុន្តែចូរធ្វើឲ្យល្មមកុំឲ្យលើស។ ដោយ ឡែក សូមលោកអ្នកប្រយ័ត្នចំពោះការរំខានផ្លូវអារម្មណ៍ក្នុងការសម្រេចចិត្តនានា។
ចំណាំៈ
ឆ្នាំទាំង៥ ខាល រោង វក រកា ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះសម្រួលដល់ការធ្វើទំនាក់ទំនង និងអនុញ្ញាតអោយមានភាពរលូនក្នុងដំណើរការការងារ។ ក្នុងនោះ លាភសំណាងច្រើន ដែលទាក់ទងនឹងសម្ភារៈ។