ប្រជាពលរដ្ឋឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល អរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជួយស្ថាបនាផ្លូវបេតុងជូនពួកគាត់
កណ្តាល ៖ ផ្លូវបេតុងឆ្អឹងដែកជាង៣គីឡូម៉ែត្រអំណោយសម្តេចតេជោដែលទើបស្ថាបនារួចជូនប្រជាពលរដ្ឋឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្ដាលបានសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋមូលដ្ឋានបានយ៉ាងល្អប្រសើរនិងកំពុងរួមចំណែកលើកកម្ពស់សោភ័ណភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានប្រកបដោយផាសុខភាព។
សមិទ្ធិផលផ្លូវបេតុងថ្មីជាង៣គីឡូម៉ែត្រនេះ ស្ថិតតាមបណ្ដោយមាត់ទន្លេរមេគង្គចាប់ពីភូមិកណ្ដាល ឃុំព្រែកអញ្ចាញទៅដល់ព្រំប្រទល់ ឃុំបាក់ខែង ស្រុកមុខកំពូល ដែលបានស្ថាបនាទទឹង ៧ម៉ែត្រ ចាក់បេតុងកម្រាស់ ០,២ម៉ែត្រប្រើឆ្អឹងដែក ១០លី និងត្រូវបំពាក់លូប្រអប់១កន្លែងឆ្លងកាត់ផ្លូវមានប្រវែង ៨ម៉ែត្រគុណនឹង ៦ម៉ែត្រ ព្រមទាំងដាក់លូអ៊ុយតាមចញ្ចើមផ្លូវប្រវែង ២៧០ម៉ែត្រ។
ប្រជាពលរដ្ឋឃុំព្រែកអញ្ចាញ អរគុណដឹងគុណក្រៃលែងចំពោះសម្តេចតេជោដែលបានជួយធ្វើផ្លូវបេតុងដែលជាសមិទ្ធិផលដ៏ធំធេងមួយទៀត ជូនពួកគាត់។
ឯកឧត្តម គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកអញ្ចាញ ក្នុងឱកាសអញ្ជើញចុះពិនិត្យផ្លូវនេះនាព្រឹងថ្ងៃទី១៩ កញ្ញា បានឱ្យដឹងថា ផ្លូវនេះបានស្ថាបនារួចរាល់ជាស្ថាពរ ប្រកបដោយគុណភាព និងសោភ័ណភាព មុនរដូវបុណ្យភ្ជំបិណ្ឌដូចការគ្រោងទុកដើម្បីបង្កលក្ខណ:ងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
នាព្រឹកថ្ងៃដដែលនេះ ឯកឧត្តម អនុរដ្ឋលេខាធិការ គង់ អៀង ក៏បានអញ្ជើញសូរសុខទុក្ខ អតីតយុទ្ធជន និង និវត្តន៍ជន នៅក្នុងឃុំព្រែកអញ្ចាញសរុប ១៥៦នាក់ដែលក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំជំនាន់ក្រោយក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមកុំឲ្យរើសអើងនិវត្តន៍និងអតីតយុទ្ធជនព្រមទាំងគ្រួសាររបស់ពួកគាត់ ។ ឯកឧត្តម គង់ អៀង សង្កត់ធ្ងន់ថា បើមិនមានពួកគាត់ពីអតីតកាលក៏មិនមានបច្ចុប្បន្ននេះដែរ។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភអតីតយុទ្ធជននិងនិវត្តន៍ជនទាំង ១៥៦នាក់ដោយម្នាក់ៗថវិកាបួនម៉ឺនរៀល ៕ ប្រភព ៖ កណ្តាល