រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ៖ យើងជាមនុស្សចាស់ ចង់ធ្វើអ្វីត្រូវធ្វើឲ្យហើយ ព្រោះពេលវេលារបស់យើងនៅតិចណាស់

ខេត្តពោធិ៍សាត់៖ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា យើងទាំងអស់គ្នាជាមនុស្សចាស់ ចង់ធ្វើអ្វីត្រូវធ្វើឲ្យហើយទៅ ព្រោះពេលវេលារបស់យើងនៅតិចណាស់ ប្រយ័ត្នដល់ពេលហូបលែងកើត ដើរលែងរួច ទើបស្ដាយក្រោយ។ ឯកឧត្តមលើកឡើងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកបណ្ដាញនិវត្តជនទូទាំងស្រុកបាកានចំនួន ៣៥៧នាក់ នាថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២។

ឯកឧត្តម ស៊ុយ សែម បានសម្ដែងទឹកចិត្តសប្បាយរីករាយដែលបានជួបជាមួយបងប្អូននិវត្តជនស្រុកបាកានជាថ្មីម្ដងទៀត ព្រមទាំងបានកោតសរសើរដល់បេះដូងស្រលាញ់រាប់អាន និងរួមសុខរួមទុក្ខជាមួយគ្នាពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានភាពស្និទ្ធស្នាល។ ការបង្កើតបណ្ដាញនិវត្តជននេះពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ ក្នុងការជួយគ្នាទៅវិញទៅមក បានជួបជុំសួរសុខទុក្ខគ្នាសម្រាប់ជីវិតចុងក្រោយរបស់មនុស្សចាស់។

ឯកឧត្តមមានប្រសាសន៍ថា យើងទាំងអស់គ្នាពិតជាមានមោទនភាពណាស់ ដែលបានបម្រើការងារជូនជាតិមាតុភូមិនិងប្រជាជន រហូតដល់ពេលចូលនិវត្តនាពេលនេះ។ យើងបានបន្សល់ទុក្ខនូវស្នាដៃនិងសមិទ្ធផលជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយដែលជាអ្នកបន្តវេណ។ យើងអស់កម្លាំងក៍ពិតមែន តែយើងនៅមានចំណេះដឹងនិងបទពិសោធន៍ សម្រាប់ជួយតម្រង់ទិសឲ្យក្មេងៗធ្វើតាមគន្លង ដែលយើងធ្លាប់ធ្វើកន្លងមកទទួលបានជោគជ័យ និងបានសេចក្ដីសុខមកដល់សព្វថ្ងៃនេះ។ យើងបានឆ្លងកាត់បញ្ហារាប់ម៉ឺនជំពូក អ្វីៗដែលកើតមានសព្វថ្ងៃនេះមិនមែនធ្លាក់ពីលើមេឃនោះទេ គឺមនុស្សជំនាន់មុននិងជំនាន់តៗគ្នាជាអ្នកធ្វើ ដូច្នេះសូមក្មេងៗជំនាន់ក្រោយបន្តវប្បធម៌នេះឲ្យបានជារៀងរហូត។

ឯកឧត្តម ស៊ុយ សែម បន្តទៀតថា យើងចាស់ៗហើយត្រូវថែរក្សាសុខភាពនិងធ្វើជីវិតឲ្យរីករាយ។ លុយដែលយើងមានសព្វថ្ងៃនេះ មិនមែនជារបស់យើងយកទៅជាមួយបានទេ។ បើយើងឃ្លានអ្វីត្រូវតែហូបទៅតាមលទ្ធភាពដែលយើងមាន ហើយបើចង់ទៅលេងកំសាន្តនៅកន្លែងណា ឬចង់ទៅជួបមិត្តភក្កិបងប្អូនដើម្បីជជែកគ្នាលេង យើងត្រូវតែទៅឲ្យហើយទៅ ព្រោះយើងនៅសល់ពេលតិចណាស់ កុំចាំដល់ពេលដើរលែងរួច ហូបលែងកើត ទើបស្ដាយក្រោយ។

ឯកឧត្តម ស៊ុយ សែម បានជម្រាបជូនថា ឥឡូវនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកគោលការណ៍ថា ចាប់ពីអាណត្តិក្រោយឆ្នាំ២០២៣ទៅ អ្នកដែលមានអាយុលើសពី៦០ឆ្នាំទៅ ត្រូវតែសម្រាកពីការងារ ទុកឲ្យក្មេងៗជំនាន់ក្រោយដែលមានលក្ខណៈសម្បត្តិនិងចំណេះដឹងពេញលេញជាអ្នបន្តវេណ។

សូមបញ្ជាក់ថា ថវិកាមូលនិធិបណ្ដាញនិវត្តជនឆ្នាំនេះប្រមូលបានចំនួន ៣៧លាន៣សែនរៀល ក្នុងឱកាសនោះ ឯកឧត្តម ឈុំ សុជាតិ, ឯកឧត្តម ខូយ សុខា, ឯកឧត្តម ញ៉ូវ សុង និងឯកឧត្តម សារី កោសល្យ បានចូលរួមម្នាក់ ១លានរៀល សរុបបានចំនួន ៤១លាន៣សែនរៀល ហើយឯកឧត្តម ស៊ុយ សែម និងលោកជំទាវ ក៍បានបន្ថែម ៨លាន៧សែនរៀលទៀតគ្រប់ ៥០លានតែម្ដង។

ជាមួយគ្នានេះឯកឧត្តម ស៊ុយ សែម និងលោកជំទាវ បានឧត្ថម្ភកម្មវិធីចំនួន ១លានរៀល កម្លាំងនគរបាល ១លានរៀល ក្រុមគ្រូពេទ្យ ១លានរៀល ដោយឡែកនិវត្តជនចំនួន ៣៥៧នាក់ ម្នាក់ៗទទួលបានសម្ភារៈមួយកន្ត្រក ដែលក្នុងនោះមានសំលៀកបំពាក់ ក្រមា បំពង់ទឹកក្ដៅ សាប៊ូម្ស៉ៅ សាប៊ូក្រអូប អន្សមជ្រូក នំប៉ាវ ប្រេងខ្យល់ ទឹកសុទ្ធ និងថវិកា ៥ម៉ឺនរៀល ៕ ចេង ពុំ

ads banner