ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯកជាង ៥០០គ្រួសារបានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន

សៀមរាប ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើផ្ទះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ឯកឧត្តម ទៀ សីហា បានធ្វើការថ្លែងអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងលំនៅដ្ឋានថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី តាមរយៈនៃចាប់ឆ្នោតទទួលយកដីឡូតិ៍ ដែលផ្តល់ដោយរាជរដ្ឋាភិបាល។

ការដែលអោយបងប្អូនប្រជាពលរដ្ឋចាកចេញពីតំបន់រមណីយដ្ឋានអង្គរនេះ គឺជាបំណងការពារសម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អង្គរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ក្នុងតម្លៃប្រកបដោយមោទនភាព សម្រាប់ការចូលរួមអភិវឌ្ឍក្រុងទេសចរណ៍ វប្បធម៌ដ៏ទាក់ទាញ ហើយដែលការចូលរួមនេះ វាបានបង្កើតឡើងនូវជីវភាពថ្មីរស់នៅលើដីកម្មសិទ្ធិស្របច្បាប់ដ៏កក់ក្តៅបំផុត ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៍បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ កាន់កាប់ដីធ្លី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលបានស្ម័គ្រចិត្តរុះរើចេញពីទីតាំងនោះ ដើម្បីមករស់នៅតំបន់ថ្មី នឹងជួយធ្វើឱ្យប្រាសាទអង្គរវត្ត មិនប្រឈមនឹងការដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

ជំនួសមុខឱ្យបងប្អូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តមករស់នៅក្នុងភូមិធម្មជាតិរុនតាឯកទាំងអស់ ឯកឧត្តមក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខខ្ពស់របស់បងប្អូនប្រជាពលរដ្ឋដោយ បានដោះស្រាយផលប៉ះពាល់ចំពោះអ្នកកាន់កាប់ដីធ្លីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ អោយមករស់នៅក្នុងតំបន់ថ្មី ដោយរៀបចំកសាងឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមានផ្លូវលំ សាលារៀន មន្ទីរពេទ្យសេវាទឹក ស្អាតនិងអគ្គិសនីជាដើមផងដែរ ។

សូមជម្រាបថា គ្រឿងឧបភោគ បរិភោគដែលយកទៅចែកជូនដលបងប្អូនប្រជាពលរដ្ឋជាង ៥០០គ្រួសារនោះ ក្នុង១គ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម មី ១កេសធំ ត្រីខ ១កេសធំ និងថវិកា ១លាន៤សែនរៀល ៕ សេឌី+លីដា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner