ក្រុមមិត្តភាពកងមាស រួមគ្នាកាន់បិណ្ឌ៩ និងដឹងគុណដល់លោក គ្រូអ្នកគ្រូ

អត្ថបទដោយ៖
ជា សេឌី

កំពង់ចាម៖ក្រុមមិត្តភាពកងមាសនៃវិទ្យាល័យ សម្តេច ហ៊ុន សែន ពាមជីកង បានមូលមតិគ្នាចូលួមកាន់បិណ្ឌ៩ ថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២២ដោយការប្រគេនចង្ហាន់ ទេយ្យទាន និងបច្ច័យកសាង នៅក្នុងទីអារាមនៃវត្តនិគ្រោធារាម នៃស្រុកកងមាស ខេត្តកំពង់ចាម។បន្ទាប់ពីការកាន់បិណ្ឌក៏មានពិសាបាយសាមគ្គីរួមគ្នារវាងអតីតសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បន្ទាប់ពីបែកគ្នាមួយរយៈកាលផងដែរ។

ក្រុមមិត្តភាពកងមាសផ្តើមឡើងពីអតីតសិស្សរៀនក្នុងទសវត្សរ៍៨០ និងទសវត្សរ៍៩០ នៃសាលាវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ក្នុងបំណងបង្ហាញពីសារៈសំខាន់នៃការរឹតចំណងមិត្តភាព ភាតរភាព និងការនឹករលឹកគ្នាទៅវិញទៅមកនិងការរំលឹកដឹងគុណ លោកគ្រូ អ្នកគ្រូ និង ស្រុកភូមិកំណើតរបស់ពួកគេ។ក្រុមិត្តភាពកងមាសក៏បានសន្យានឹងបន្តរួមគ្នាធ្វើសកម្មភាពដូចនេះ ឱ្យបានក្នុងមួយឆ្នាំម្តង ជារៀងរាល់ឆ្នាំបន្តទៀត ដើម្បីរឹតចំណង សាមគ្គីភាព ជាមួយគ្នាឱ្យកាន់តែរឹងមាំហើយយូរអង្វែង តទៅមុខ ទៀត។

លោក ស្រេង សំណាង មន្ត្រីគយនៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និងជាអតីតសិស្សជំនាន់ទី១នៅវិទ្យាល័យ សម្តេច ហ៊ុន សែន ពាមជីកង បាននិយាយថា ក្រុមមិត្តភាពកងមាសតែងតែ មានរៀបចំកម្មវិធីជួបជុំមិត្តភក្តិក្នុងឱកាសបុណ្យសំខាន់ៗ នេះ ដើម្បីបង្ហាញពីការរួបរួមសាមគ្គីគ្នា បង្ហាញពីការនឹករលឹកគ្នា រំលឹក អនុស្សាវរីយ៍កាលវ័យសិក្សា ជាពិសេសចែករំលែកថវិកា និងសម្ភារៈ ទៅដល់មិត្តភក្តិ លោកគ្រូ អ្នកគ្រូ ដែលជួបបញ្ហាខ្វះខាត ។

លោកបន្តថា ចាប់តាំងពីឆ្នាំ២០១០មក ក្រុមមិត្តភាពកងមាស បានរៀបចំពិធីកាន់បិណ្ឌ សាមគ្គីមិត្តភាពកងមាសជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារមានការរាតត្បាតនៃជំងឺកូវីដ១៩ក៏ត្រូវបានអាក់ខានរៀបចំរយៈពេលពីរឆ្នាំមកហើយ។សម្រាប់ឆ្នាំនេះដោយមាន ការដឹកនាំដ៏ ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យជំងឺដ៏កាច សាហាវ នេះមានសភាពធូរស្រាលទៅវិញ ដែលជាហេតុធ្វើឱ្យក្រុម មិត្តភាពកងមាស អាចរៀបចំកម្មវិធីនេះឡើងវិញបាន ដើម្បីធ្វើបុណ្យ សាងកុសលរួមគ្នាបន្តទៀត។

លោកស្រី នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ បានបង្ហាញនូវការ សប្បាយចិត្តនិងបានថ្លែងអំណរគុណដល់មិត្តរួមក្រុមចំពោះ ការរៀបចំ ឱ្យមានកម្មវិធីកាន់បិណ្ឌនេះឡើង ដែលនេះគឺជាឱកាស ដ៏ល្អបំផុត បានទាំងការជួបជុំធ្វើបុណ្យផងនិងជួបជុំរឹតចំណង មិត្តភាព ឱ្យកាន់តែល្អប្រសើរផង បន្ទាប់ពីបែកគ្នារយៈពេលយូរ ៕សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner