លោក បៃដិន ថា កូវីដ-១៩ដល់ទីបញ្ចប់ហើយ តែស្នើសុំមូលនិធិ ២២.៤ពាន់លានដុល្លារពីសភា ក្នុងករណីផ្ទុះជំងឺនេះឡើងវិញ
វ៉ាស៊ីនតោន៖ នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយនៅថ្ងៃអាទិត្យទី១៨ ខែកញ្ញានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងអះអាងថា ជំងឺកូវីដ១៩បានដល់ទីបញ្ចប់ហើយ បើទោះជាប្រទេសមហាអំណាចពិភពលោកនេះ នៅតែប្រឈមនឹងករណីឆ្លងកូវីដ១៩ ដែលសម្លាប់ជនជាតិអាមេរិករាប់រយនាក់ជារៀងរាល់ថ្ងៃក៏ដោយ។
ចំនួនអ្នកឆ្លងកូវីដ១៩បានថយចុះយ៉ាងខ្លាំងចាប់តាំងពីដើមអាណត្តិរបស់លោក ចូ បៃដិន នៅពេលដែលពលរដ្ឋអាមេរិកជាង ៣,០០០នាក់ក្នុងមួយថ្ងៃបានស្លាប់ ដោយសារការថែទាំសុខភាពល្អប្រសើរឡើង រួមមានទាំងការចែកចាយថ្នាំពេទ្យ និងការចាក់វ៉ាក់សាំងការពារកាន់តែមានភាពទូលំទូលាយ។ ប៉ុន្តែមនុស្សជិត ៤០០នាក់ក្នុងមួយថ្ងៃនៅតែបន្តស្លាប់ដោយសារកូវីដ១៩នៅសហរដ្ឋអាមេរិក។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក។
នាពេលថ្មីៗនេះដែរ លោក ចូ បៃដិន ក៏បានស្នើសុំសភាផ្តល់មូលនិធិចំនួន ២២.៤ពាន់លានដុល្លារបន្ថែមទៀតផងដែរ ដើម្បីត្រៀមសម្រាប់ក្នុងករណី មានការកើនឡើងនូវករណីឆ្លងឡើងវិញ។ ទោះបីជាយ៉ាងណា នៅក្នុងបទសម្ភាសន៍មួយក្នុងកម្មវិធី ៦០នាទីរបស់ទូរទស្សន៍ CBS កាលពីថ្ងៃពុធសប្តាហ៍មុន នៅខាងក្រៅកម្មវិធី Detroit Auto Show លោក បៃដិន បាននិយាយយ៉ាងដូច្នេះថា ជំងឺកូវីដ១៩បានដល់ទីបញ្ចប់ហើយ។ លោកថា យើងនៅតែមានបញ្ហាត្រូវដោះស្រាយជាមួយជំងឺកូវីដ១៩។
យើងនៅតែធ្វើការជាច្រើនលើបញ្ហានេះ ប៉ុន្តែជំងឺឆ្លងរាតត្បាតបានដល់ទីបញ្ចប់ហើយ។ ប្រសិនបើយើងសង្កេតមើលឃើញថា គ្មាននរណាម្នាក់ពាក់ម៉ាសឡើយ។ គ្រប់គ្នាហាក់ដូចជាអាចបញ្ចេញ នូវភាពស្រស់ស្រាយ ដូច្នេះខ្ញុំគិតថា វាកំពុងផ្លាស់ប្តូរហើយ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា


