មេដឹកនាំពិភពលោកទៅដល់ប្រទេសអង់គ្លេស ដើម្បីជូនដំណើរ ព្រះមហាក្សត្រិយអេលីហ្សាប៊ែតទី២ ក្នុងព្រះរាជពិធីបុណ្យ ព្រះសព ថ្នាក់ជាតិ

អង់គ្លេស៖ពិធីបុណ្យព្រះសពព្រះមហាក្សត្រិយអេលីហ្សាប៊ែតទី២ ត្រូវបានរៀបចំធ្វើនៅថ្ងៃចន្ទ ទី១៩ ខែកញ្ញានេះ តាមការគ្រោងទុក ដោយ មានការចូលរួមពីសំណាក់ព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រមុខរដ្ឋា ភិបាល និងឥស្សរជនសំខាន់ៗនៅលើពិភពលោកប្រមាណ២០០រូប។

ជាព្រឹត្តិការណ៍ដ៏ធំសម្បើមក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេស ដែល រដ្ឋាភិបាល បានប្រឹងប្រែងរៀបចំយ៉ាងម៉ត់ចត់បំផុត ដោោយការ គោរព ទៅតាមទំនៀមទម្លាប់ ពិធីការរបស់ព្រះបរមរាជវាំង និងការការពារ សន្តិ សុខជូនដល់ថ្នាក់ដឹកនាំសំខាន់ៗរបស់ពិភពលោក ដោយបាន ដាក់ពង្រាយកងកម្លាំងសន្តិសុខរហូតដល់ទៅជាងមួយម៉ឺននាក់។
តាមរយៈពិធីបុណ្យព្រះសពនេះ គ្រួសារសែរាជវង្ស និងប្រជាជន អង់គ្លេស ត្រូវបែកពីព្រះមហាក្សត្រិយអេលីហ្សាប៊ែតទី២ ជារៀង រហូត។ ប៉ុន្តែ បើទោះបីជាដូច្នេះក៏ដោយ ក៏កេរ្តិ៍ដំណែលរបស់ ទ្រង់ដែល ជាមហាក្សត្រិយដឹកនាំចក្រភពអង់គ្លេសអស់ រយៈពេល ប្រាំពីរទសវត្ស នឹងនៅតែស្ថិតក្នុងដួងចិត្តប្រជាជនអង់គ្លេស និយាយ ដោយឡែក និងពិភពលោក និយាយជារួម។

បើតាមការឲ្យដឹងពីក្រុមពិធីការនៃព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយ ព្រះមឈូសារបស់ទ្រង់នឹងដង្ហែលើមហាវិថី អមដោយក្រុម ជំនុំ និងវត្តមាននៃថ្នាក់ដឹកនាំប្រទេសផ្សេងៗសរុបជាង២ពាន់នាក់។ ក្រុមគ្រួសាររាជវង្ស ដែលនឹងចូលរួមយាងដង្ហែក្បួនព្រះមឈូសានៃ ព្រះមហាក្សត្រិយ រួមមាន១៨អង្គ ដឹកនាំដោយព្រះមហាក្សត្រ ឆាលស៍។ ក្បួនដង្ហែនេះ នឹងតម្រង់ឆ្ពោះទៅកាន់ព្រះវិហារ Westminster ដែលជាទីកន្លែងប្រារព្ធបុណ្យសព។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ព្រះមហាក្សត្រថ្មីនៃចក្រភពអង់គ្លេស បានថ្លែងថា ទ្រង់និងក្រុមគ្រួសារមានសេចក្ដីរំជួលចិត្តឥតឧបមា ចំពោះការចែករំលែកទុក្ខរបស់ប្រជាជនអង់គ្លេសនិងពិភពលោកទាំងមូល ចំពោះការចូលទិវង្គតនៃមាតារបស់ទ្រង់។ ព្រះមហាក្សត្រឆាលស៍បន្ត៖ «នៅក្នុងពេលដែលយើងកំពុង តែប្រារព្ធ ព្រះរាជពិធីសពថ្វាយព្រះមាតាអេលីហ្សាប៊ែត ខ្ញុំសូមឆ្លៀតឱកាសនេះ ថ្លែងអំណរអរគុណទៅដល់មហាជនទាំងអស់ ដែលមិនត្រឹមតែ សម្ដែង នូវការរំលែកទុក្ខទេ តែថែមទាំងផ្ដល់ការគាំទ្រ និងភា ព កក់ក្ដៅដល់ខ្ញុំ និងក្រុមគ្រួសារ នៅក្នុងពេលដែលយើងកំពុងតែ ជួបទុក្ខក្រៀមក្រំនេះ»។

កាលពីយប់ថ្ងៃអាទិត្យ ទី១៨កញ្ញា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងភរិយា បានអញ្ជើញទៅគោរពព្រះសពព្រះមហាក្សត្រិយ អេលីហ្សាប៊ែតទី២ នៅវិមាន Westminister Hall មុនពេល ចូលរួមពិធីទទួលទានអាហារផ្លូវរដ្ឋ រៀបចំទទួលដោយ ព្រះមហាក្សត្រថ្មី នៃព្រះរាជវាំង Buckingham ដោយមានវត្តមាន ចូលរួមពីសំណាក់ប្រធានាធិបតី នាយករដ្ឋមន្ដ្រី សែរាជវង្សនៃប្រទេស ដទៃ និងឥស្សរជនជាន់ខ្ពស់ផ្សេងទៀតមកពីទូទាំងពិភពលោក សរុប ចំនួនជាង៥០០នាក់។ នៅយប់ថ្ងៃអាទិត្យនោះដែរ ការស្មឹងស្មាធមួយ នាទី ត្រូវប្រារព្ធធ្វើនៅទូទាំងប្រទេស នាវេលាម៉ោង៨យប់ ដើម្បីគោរព ព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយអេលីហ្សាប៊ែតទី២។
គួរបញ្ជាក់ជូនដែរថា រដ្ឋាភិបាលអង់គ្លេស បានអញ្ជើញព្រះមហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្ដ្រី និងឥស្សរជនសំខាន់ៗស្ទើតែទូទាំង ពិភពលោក ឲ្យចូលរួមព្រះរាជពិធីបុណ្យព្រះសពនៃព្រះមហាក្សត្រិយ អេលីហ្សាប៊ែតទី២នេះ លើកលែងតែថ្នាក់ដឹកនាំមកពីប្រទេសចំនួន៤ គឺកូរ៉េខាងជើង បេឡារុស ភូមា និងរុស្ស៊ី។ ប៉ុន្តែពីប្រទេសរុស្ស៊ី ដ្បិតតែមិនបានទទួលការអញ្ជើញក៏ពិតមែន តែលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន បានក៏បានថ្លែងសារចូលរួមរំលែកទុក្ខចំពោះការយាង សោយទិវង្គតរបស់ព្រះមហាក្សត្រិយអេលីហ្សាប៊ែតទី២ដែរ៕
ដោយ៖កែវកិរិយា

ads banner