អ្នកសារព័ត៌មានជើងចាស់ម្នាក់នៅកាសែតកម្ពុជាថ្មី បានជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតបុកជាមួយរថយន្តបណ្ដាលឲ្យស្លាប់គួរឲ្យសង្វេគ
ភ្នំពេញ ៖ អ្នកយកព័ត៍មានជេីងចាស់ម្នាក់របស់កាសែតកម្ពុជាថ្មី លោក ឌី រៀ បានជិះម៉ូតូឌ្រីមសង់ មួយគ្រឿងបានបុកជាមួយរថយន្ត Starex នៅផ្លូវបំបែកជាបួន បណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់រងរបួសក្បាលធ្ងន់ធ្ងរ និងបានស្លាប់ពេលរថយន្តសាមុយមកដឹកបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង០៩:៤៥នាទីព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅផ្លូវបំបែកជាបួន ក្នុងបរិវេណដីអភិវឌ្ឍន៍បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ភាគីខាងម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខភ្នំពេញ 1FD-9887 បេីកបរដោយបុរសម្នាក់ដែលគេស្គាល់ថា ឈ្មោះ ឌី រៀ ជាអ្នកយកព័ត៌មានរបស់កាសែតកម្ពុជាថ្មី បានបុកចំពីមុខពេញទំហឹងជាមួយរថយន្តម៉ាក Hyandai Starex ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខព្រះសីហនុ 2B-5858 បេីកបរដោយបុរសមិនទាន់ស្គាលអត្តសញ្ញាណ បណ្ដាលឲ្យរថយន្តនិងម៉ូតូរងការខូចខាតពីមុខដូចគ្នាយ៉ាងដំណំ ។ ភ្លាមៗតៃកុងរថយន្តត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍ស្រះចក ។ ចំណែកបុរសម្នាក់ភាគីខាងម៉ូតូ និងអ្នកសារព័ត៌មានរបស់កាសែតកម្ពុជាថ្មី បានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនសង្គ្រោះនៅឯមន្ទីពេទ្យកាលម៉ែត្រ តែអកុសលក៏បានស្លាប់បាត់បង់ជីវិតគួរឲ្យស្រណោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញចរាចរណ៍ខណ្ឌដូនពេញ បានចុះធ្វើការវាស់វែង និងប្រគល់ឲ្យទៅខាងការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា


