សហរដ្ឋអាមេរិកសន្យារក្សាការប្តេជ្ញាចិត្តរឹងមាំដូចដែក ក្នុងការគាំទ្រអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសរសើរជំនួយដ៏សំខាន់ ដែលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់អង្គការណាតូកំពុងផ្តល់ដល់អ៊ុយក្រែន ហើយបានសន្យារក្សាការប្តេជ្ញាចិត្តរឹងមាំដូចដែក ដើម្បីបន្តផ្គត់ផ្គង់សព្វាវុធទំនើបៗដល់អ៊ុយក្រែន រហូតដល់ប្រទេសនេះដណ្តើមយកទឹកដីទាំងមូលពីកងកម្លាំងរុស្ស៊ីមកវិញ។
នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញ ក្នុងកម្មវិធី “60 Minutes” របស់ទូរទស្សន៍ CBS News លោក បៃដិន បាននិយាយថា តម្លៃដែលប្រជាជនអ៊ុយក្រែនចំណាយសម្រាប់សង្គ្រាមនេះគឺខ្ពស់ខ្លាំងណាស់។ ប៉ុន្តែយើងនឹងនៅជាមួយពួកគេ ដរាបណាពួកគេត្រូវការជំនួយរបស់យើង។
មេដឹកនាំអាមេរិករូបនេះបន្ថែមថា ជាមួយនឹងជំនួយដ៏សំខាន់ដែលយើង និងសម្ព័ន្ធមិត្តរបស់យើងកំពុងផ្តល់ឱ្យពួកគេ និងភាពក្លាហានដ៏អស្ចារ្យ រួមទាំងការប្តេជ្ញាចិត្តមិនគួរឱ្យជឿរបស់ប្រជាជនអ៊ុយក្រែន គឺមិនចាញ់សង្រ្គាមទេ ហើយពួកគេកំពុងទទួលបានផលចំណេញនៅក្នុងតំបន់មួយចំនួន ។
គួរបញ្ជាក់ថា លោក ចូ បៃដិន បានអនុញ្ញាតឱ្យផ្តល់ជំនួយយោធាមានទំហំទឹកប្រាក់ ៦០០លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន បន្ថែមពីលើកញ្ចប់ថវិកាចំនួន ៦៧៥លានដុល្លារ ដែលបានប្រកាសកាលពីសប្តាហ៍មុន។ ចាប់តាំងពីរុស្ស៊ីបានបញ្ជូនទាហានចូលអ៊ុយក្រែនក្នុងខែកុម្ភៈមក សេតវិមានរបស់លោក បៃដិន បានសន្យាផ្តល់ជំនួយសរុបចំនួន ៤៤.៣ពាន់លានដុល្លារដល់អ៊ុយក្រែន៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា


