អាស៊ានមូលមាត់គ្នាធ្វើយ៉ាងណាធានាភាពធនរបស់សហគ្រាសធុនតូចនិងមធ្យម កុំឲ្យងាយដួលរលំ
ភ្នំពេញ៖អាស៊ានបានមូលមាត់គ្នាលៃលកធ្វើយ៉ាងណាធានាភាពធន និងទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម ឬអេស អឹម អ៊ី(SME) កុំឲ្យ ប្រឈមនឹងការដួលរលំ ព្រោះប្រទេសអាស៊ានទាំង១០ទទួល ស្គាល់ ដូច គ្នា នូវតួនាទីសហគ្រាសធុនតូចនិងមធ្យម ថាមានភាពសំខាន់ និងចាំបាច់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ច របស់ប្រទេសអាស៊ាន ទាំង ១០។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានលើក ឡើង ថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ដែល ទើប បិទបញ្ចប់នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ អាស៊ានបានចាប់ អារម្មណ៍ខ្លាំងក្នុងការជជែកលើប្រធានបទស្ដីពីសហគ្រាសធនតូចនិងមធ្យម។ លោកបន្ត៖ «ព្រោះសហគ្រាសធុនតូច និងមធ្យមងាយ រលំ ហើយក៏ងាយរីកចម្រើន ហើយការជជែកលើប្រធានបទ នេះ ទៀតសោត ក៏ដើម្បីពង្រឹងសហគ្រិនជាស្ត្រី និងសហគ្រិនជាយុវជន ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច»។
លោក ប៉ែន សុវិជាតិ បន្ថែមថា ដើម្បីឲ្យសហគ្រាសធនតូចនិងមធ្យម មិនប្រឈមងាយការរលំ គឺត្រូវពង្រឹងទេពកោសល្យនិងជំនាញ សហ គ្រិនភាពទាំងអស់ ក្នុងបរិយាកាសប្រកួតប្រជែងប្រកប ដោយ សមធម៌ ដែលអាស៊ានប្រកាន់យក។
លោកបន្ថែម៖ «ទន្ទឹមនឹងនេះ យើងក៏បានលើកឡើងពីទំនាក់ទំនង រវាងវិស័យឯកជននិងរដ្ឋាភិបាល ជជែកជាមួយគ្នាឲ្យមានភាព ស្និទ្ធស្នាល រវាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាសេដ្ឋកិច្ច នៃប្រទេសដៃគូផ្សេងៗទៀត។
រាល់ការជជែកទាំងអស់នឹងបង្កើនកម្រិតទំនាក់ទំនងនិងការរៀបចំឲ្យមានជាក្របខណ្ឌដៃគូររវាងគ្នានិងគ្នា នៅក្នុងតំបន់ និងទីផ្សារ ពិភព លោក ដែលអាចជម្រុញឲ្យអាស៊ានមានការប្រកួតប្រជែង»។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានសម្ដែងការស្វាគមន៍ដែលអាស៊ាន យកចិត្ត ទុក ដាក់លើអាយុជីវិតរបស់សហគ្រាសធុនតូចនិងមធ្យម ហើយ ឆ្លើយតប នឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ និងទី៤ របស់ រដ្ឋាភិបាល ក្នុងការកាត់បន្ថយការនាំផលិតផលសម្រេច ពី បរទេស។
ឧកញ៉ា តែ តាំងប៉៖ «អ៊ីចឹង យើងនាំគ្នាជំរុញគោលនយោ បាយ ឧស្សាហកម្ម២០១៥ និង២០២៥ ដើម្បីកែច្នៃផលិតផលចេញពី កសិកម្មឲ្យទៅជាចំណីអាហារ ទើបសហគ្រាសធុនតូចនិងមធ្យម មានការរីកចម្រើន និងទទួលបានប្រាក់បន្ថែម ក៏ដូចជាអាចជួយកាត់ បន្ថយការចំណាកស្រុករបស់ពលរដ្ឋដែលទៅធ្វើការនៅបរទេស»។
ឧកញ៉ាបានឲ្យដឹងទៀតថា ប្រទេសក្នុងតំបន់អាស៊ាន តួយ៉ាងដូចជា វៀតណាម ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី បាននាំគ្នាកែច្នៃផលិតផល កសិកម្ម ទៅជាចំណីអាហា រហើយមិនត្រឹមតែប្រទេសក្នុងតំបន់ អាស៊ាន ទេដែលយកសហគ្រាសធុនតូចនិងមធ្យមជាគោលនោះ សូម្បីតែជប៉ុន អាល្លឺម៉ង និងប្រទេសធំៗមួយចំនួនទៀតក៏ផ្ដល់ តម្លៃដល់ អេស អឹម អ៊ី ដែរ។
នៅកម្ពុជា អ្នកជំនាញរូប នេះ ចង់ឃើញ SME មានភាពទំនើបជាង រាល់ថ្ងៃ ជាពិសេសផ្ដោតលើការផលិតវត្ថុធាតុដើមសម្រាប់នាំចេញ។ លោកបន្ថែម៖ «SME ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់សង្វាក់ ផលិតកម្មទៅកាន់រោងចក្រ។ ឧទាហរណ៍នៅកម្ពុជាសព្វថ្ងៃ យើង មានតែរោងចក្រដំឡើងកង់ ម៉ូតូ និងរថយន្តអីប៉ុណ្ណោះ។
វាល្អជាងនេះ បើសិនជា SME មានលទ្ធភាពកែច្នៃជាវត្ថុធាតុដើម ដូចជាកង់អ៊ីចឹង យើងកែច្នៃ ជាកែប ខ្ចៅ ចន្ទុល តួកង ដើម្បីឲ្យមាន លក្ខណៈទំនើប ព្រោះរាល់ថ្ងៃនេះ SME យើងមានសមត្ថភាពត្រឹម កែច្នៃពីរបស់កសិកម្មទៅជាចំណីអាហារប៉ុណ្ណោះ ហើយទាល់តែ SME មានលក្ខណៈទំនើប ទើបអាចរួមចំណែកកាន់តែខ្លាំងក្នុង ការទ្រទ្រង់សេដ្ឋកិច្ចខ្មែរយើងបាន»៕
ដោយ៖អេង រាជនី

