សារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ត្រូវបានផ្សព្វផ្សាយជូនយោធិនខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ សារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបាន ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយជូនយោធិនក្នុងកិច្ចប្រជុំមួយនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់មេបញ្ជាការគ្រប់អង្គភាព និងស្ថាប័ន ការិយាល័យចំណុះ ព្រមទាំងយោធិនទាំងអស់ ត្រូវចូលរួមអនុវត្តដាច់ខាត តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវផ្ដើមចេញពីយោធិនម្នាក់ៗ និងក្រុមគ្រួសារនីមួយៗ ដោយមិនមានអ្នកណាម្នាក់ចូលរួមក្នុងការលេងល្បែងស៊ីសងខុសច្បាប់ ដែលនាំឲ្យខូចខាតផលប្រយោជន៍ក្រុមគ្រួសារ និងក្នុងសង្គមជាតិទាំងមូល។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព និងយោធិនគ្រប់រូប ត្រូវសហការជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដី ក្នុងការអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយក្នុងភូមិនីមួយៗ និងក្រុមគ្រួសារនីមួយៗ គ្មានការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ។
យោធិនគ្រប់រូប និងក្រុមគ្រួសារ បានប្តេជ្ញាចិត្តប្រកាសគាំទ្រទាំងស្រុង នូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងចូលរួមសហការអនុវត្តតាមបទបញ្ជានេះ ឲ្យមានប្រសិទ្ធភាពខ្ពស់និងទទួលបានជោគជ័យ ៕
ដោយ ប៊ុន រដ្ឋា

