អ៊ុយក្រែនចោទរុស្ស៊ីថាបានបាញ់មីស៊ីលទៅក្បែររោងចក្រនុយក្លេអ៊ែរធំបំផុតទី២របស់ខ្លួន
កៀវ៖អ៊ុយក្រែនចោទប្រកាន់រុស្ស៊ីថា បានបាញ់មីស៊ីលមួយ កាល ពីព្រឹកប្រលឹមថ្ងៃចន្ទ ទី១៩ ខែកញ្ញានេះ ទៅក្បែររោងចក្រ ភីដេននុកក្រិនស្ក៍ (Pivdennoukrainsk) ដែលជារោងថាមពល នុយក្លេអ៊ែរដ៏ធំបំផុតទី២របស់ខ្លួន។ ការបាញ់មីស៊ីលនេះដ្បិតតែមិន បណ្ដាលឱ្យមានការប៉ះពាល់ម៉ាស៊ីនរ៉េអាក់ទ័រក៏ពិតមែន ប៉ុន្តែធ្វើឱ្យ ខូចខាតអគារ និងឧបករណ៍ក្នុងរោងចក្រផ្សេងទៀត។
ក្រុមហ៊ុនអ៊ុយក្រែន Energoatom ដែលជាប្រតិបត្តិកររោងចក្រ នុយក្លេអ៊ែរភីដេននុកក្រិនស្ក៍ បានអះអាងថា រុស្ស៊ីបានបាញ់មីស៊ីល មួយគ្រាប់ ទៅក្នុងបរិវេណនៃតំបន់ឧស្សាហកម្មភាគខាងត្បូង Mykolaiv ដែលជាទីតាំងរបស់រោងចក្រនេះ ហើយមីស៊ីលនោះ ធ្លាក់ចុះចម្ងាយប្រហែលជា ៣០០ ម៉ែត្រប៉ុណ្ណោះពីរោងចក្រ។ ការផ្ទុះរបស់គ្រាប់មីស៊ីលបានធ្វើឱ្យកញ្ចក់នៃអាគាររោងចក្រចំនួន ១០០ផ្ទាំង បែកខូចខាត។
ក្រុមហ៊ុន Energoatom អះអាងទៀតថា ការវាយប្រហារនេះ ក៏បណ្តាលឱ្យរោងចក្រវារីអគ្គិសនីនៅក្បែរនោះ ត្រូវបិទជា បណ្តោះអាសន្នផងដែរ ប៉ុន្តែមិនប៉ះពាល់ដល់រ៉េអាក់ទ័ររបស់ រោងចក្រនុយក្លេអ៊ែរនោះទេ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនហៅ ការវាយប្រហារនេះ ថាជាភេរវកម្មនុយក្លេអ៊ែរ។
រុស្ស៊ីនៅមិនទាន់ចេញមុខបកស្រាយយ៉ាងណាចំពោះការចោទប្រកាន់នេះទេ។
គួរបញ្ជាក់ថា រោងចក្រភីដេននុកក្រិនស្ក៍ ស្ថិតនៅតាមបណ្តោយទន្លេ Southern Bug និងមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រពី រដ្ឋធានី កៀវ។ វាគឺជារោងចក្រនុយក្លេអ៊ែរធំបំផុតទី២របស់អ៊ុយក្រែន ដែលដំណើរការម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៣។
ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនៅថ្ងៃចន្ទនេះ ធ្វើឡើង ក្រោយពីមានការព្រួយបារម្ភពីមហន្តរាយអ៊ុយក្លេអ៊ែរ នៅរោងចក្រ ថាមពលនុយក្លេអ៊ែរហ្សាប៉ូរីចារបស់អ៊ុយក្រែន ដែលកងទ័ពរុស្ស៊ី ចូលកាន់កាប់តាំងពីដើមខែមីនា។
ការបាញ់ផ្លោងច្រើនលើកច្រើនសារនៅតំបន់ជុំវិញ ក៏ដូចជានៅ ក្នុងបរិវេណនៃរោងចក្រនេះ តម្រូវឱ្យមានការចូលត្រួត ពិនិត្យពី ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ។ ទីភ្នាក់ងារ AIEA បាន អំពាវនាវឲ្យដាក់តំបន់ជុំវិញរោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីចា ជាតំបន់ «ការពារសុវត្ថិភាពនិងសន្តិសុខ», ឲ្យរុស្ស៊ីដកទ័ពចេញពីទីនោះ ប៉ុន្តែរហូតមកទល់ពេលនេះ កងទ័ពរុស្ស៊ីនៅតែមានវត្តមាននៅ តំបន់ នោះនៅឡើយ៕
ដោយ៖ហួន ឌីណា
ប្រភព៖ Ukraine says Russian missile struck close from nuclear plant