អេហ្ស៊ីបនឹងដំឡើងថ្លៃធ្វើដំណើរឆ្លងកាត់ព្រែកជីកស៊ុយអេ សម្រាប់ កប៉ាល់ដឹកទំនិញ ចាប់ផ្ដើមពីដើមឆ្នាំ២០២៣
អេហ្ស៊ីប៖ អាជ្ញាធរព្រែកជីកស៊ុយអេហ្សរបស់អាហ្ស៊ីបប្រកាសកាល ពីចុងសប្ដាហ៍ថាអាជ្ញាធរនឹងដំឡើងថ្លៃធ្វើដំណើរ ឆ្លងកាត់ព្រែក ចំពោះកប៉ាល់ដឹកទំនិញគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣តទៅ។
បើតាមការប្រកាសរបស់អាជ្ញាធរដដែលតម្លៃឆ្លងកាត់សម្រាប់កប៉ាល់ដឹកប្រេង ឬផលិតផលប្រេង នឹងត្រូវដំឡើង ១៥ភាគរយ ហើយតម្លៃ សម្រាប់កប៉ាល់ដឹកជញ្ជូនទំនិញទូទៅ និងកប៉ាល់សម្រាប់ ដំណើរ កម្សាន្ត នឹងត្រូវដំឡើង ១០ភាគរយ។
ជុំវិញការដំឡើងនេះ ប្រធានអាជ្ញាធរព្រែកជីកស៊ុយអេ លោក Osama Rabie បានអះអាងថាវាគឺជាការដែលមិនអាច ជៀស រួចនិងមានភាពចាំបាច់ ដោយសារតែកំណើននៃអត្រាអតិផរណា របស់ពិភពលោកដែលតម្រូវឱ្យការ ចំណាយលើការធ្វើប្រតិបត្តិ ការប្រចាំថ្ងៃរបស់អាជ្ញាធរ ការជួសជុលថែទាំ និងសេវាកម្ម របស់ ព្រែកមានការកើន ឡើង។
គួរបញ្ជាក់ថា ព្រែកជីកស៊ុយអេ គឺជាផ្លូវទឹកដ៏មមាញឹកបំផុត មួយ របស់ ពិភពលោក ហើយប្រហែល ១០ភាគរយនៃ ពាណិជ្ជកម្មពិភព លោក រួមទាំង ៧ ភាគរយនៃប្រេងរបស់ពិភពលោក ត្រូវបានដឹក ជញ្ជូនតាមព្រែកនេះ។ វាគឺជាប្រភពចំណូលដ៏ធំរបស់អេហ្ស៊ីប។ អេហ្ស៊ីប ដែលកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដ៏ច្រើន ហើយ ខ្វះធនធានដើម្បីនាំចូលទំនិញសំខាន់ៗ ដូចជាគ្រាប់ធញ្ញជាតិ និង ប្រេងឥន្ធនៈ។
យោងតាមអាជ្ញាធរព្រែកដដែល នាវាចំនួន ២០ ៦៤៩ ជើង បានឆ្លង កាត់ព្រែកក្នុងឆ្នាំ ២០២១ ដែលកើនឡើងប្រមាណ ១០ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២០។ កំណើននេះ ធ្វើឱ្យប្រាក់ចំណូល ដែលរកបានពីតម្លៃឆ្លងកាត់ព្រែកឡើងរហូតដល់ ៦,៣ ប៊ីលានដុល្លារ នៅឆ្នាំ ២០២១ ដែលជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រអេហ្ស៊ីប។
នាពេលនេះ អាជ្ញាធរកំពុងជីកពង្រីកព្រែកនៅភាគខាងត្បូង ឱ្យ ជ្រៅបន្ថែម បន្ទាប់ពីកប៉ាល់ Ever Given ជាប់ស្ទះនៅព្រែក នេះរយៈពេល ៦ ថ្ងៃ កាលពីខែមីនាឆ្នាំមុន ដែលធ្វើឱ្យរំខាន ដល់ដំណឹកជញ្ជូនទំនិញទូទាំងពិភពលោក៕ ដោយ៖ ហួន ឌីណា