រដូវបុណ្យភ្ជុំ ឆ្នាំនេះ យុវជន យុវតីខ្មែរនាំគ្នាទៅវត្តមានការ កើនឡើង កាន់តែច្រើន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ពិធីបុណ្យកាន់បិណ្ឌបានរំកិលមកដល់បិណ្ឌទី៩ហើយ នៅថ្ងៃចន្ទ ទី១៩ខែកញ្ញាឆ្នាំ២០២២។ ពិធីបុណ្យ កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ដ្បិតតែមានការយល់ដឹងទូលំទូលាយពីសំណាក់ ពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈនិងគ្រប់វ័យក៏ ដោយក៏អ្នកជំនាញផ្នែកវប្បធម៌ សង្កេតឃើញថាកន្លងទៅពិធីបុណ្យដែលមានរយៈពេលយូរដល់ទៅ១៥ថ្ងៃនេះ មានការចូលរួមច្រើនតែពីសំណាក់ ពុទ្ធសាសនិកជន ដែលពេញវ័យ និងមនុស្សមានវ័យចំណាស់ព្រមទាំងក្មេងតូចៗ ដែលទៅជុំគ្នីគ្នាលេងកម្សាន្តនៅក្នុងទីធ្លា វត្តអារាមតែប៉ុណ្ណោះ។

ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះជាពិសេសក្នុងឆ្នាំនេះសង្កេតឃើញថាស្រទាប់យុវជន យុវតីត្រូវបានគេប្រទះឃើញ ច្រើននៅតាមវត្ត អារាម នានា ក្នុងអំឡុងពេលនៃពិធីកាន់បិណ្ឌកន្លងទៅជាមួយ សម្លៀក បំពាក់ប្រពៃណីមាន អាវប៉ាក់ សំពត់ហូលផាមួ ងជាដើម។ យុវវ័យ ខ្មែរបង្ហាញភាពសមសួនរបស់ខ្លួនក្នុងការចូលរួមប្រារព្ធបុណ្យទំនៀមទម្លាប់ ប្រពៃណីជាតិ។

កញ្ញា អៀ សុនីតា និស្សិតកំពុងសិក្សាឆ្នាំទី៤ នៅសកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ បានបង្ហាញការយល់ឃើញរបស់ ខ្លួនថា គោលបំណង ធំ បំផុតរបស់កញ្ញាគឺ ទៅវត្តដើម្បីរក្សាប្រពៃណី។ ក្នុងន័យនេះ កញ្ញា ចង់បញ្ជាក់ថាយ៉ាង ហោចណាស់ក៏បានទៅមួយវត្ត ក្នុងអំឡុងពេល កាន់ បិណ្ឌ និងភ្ជុំបិណ្ឌ ១៥ថ្ងៃ។ ម្យ៉ាងទៀត កញ្ញាលើកឡើងថា៖ «ទៅ វត្តក៏ដោយសារគិតរឿងធ្វើបុណ្យដូចគ្នា ព្រោះខ្ញុំក៏ជឿលើ ការ សាងបុណ្យ សន្សំកុសលដែរ។»

ប៉ុន្តែបើទោះបីជាយ៉ាងណា កញ្ញាសង្កត់ធ្ងន់ថាការធ្វើបុណ្យ របស់ កញ្ញាគឺប្រព្រឹត្តិទៅដោយគិតលើភាពត្រឹមត្រូវ មិនមែនគិតតែ ពី ជំនឿ។ ពោលគឺកញ្ញាមានបំណងធ្វើយ៉ាងណា ឱ្យជំនឿ និងភាព ជឿនលឿនដើរទន្ទឹមគ្នា។

ចំណែកឯកញ្ញា ឡេង ម៉ារឺឌី ដែលជានិស្សិតទើបបញ្ចប់ការសិក្សា ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញបានយល់ឃើញ បែបនេះវិញថាការ ទៅវត្តក្នុងអំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌជាកាតព្វកិច្ចដែលប្រជាពលរដ្ឋខ្មែរត្រូវបំពេញ។

កញ្ញា ឡេង ម៉ារឺឌីនិយាយថា៖ «ខ្ញុំខ្លួនឯងមានអារម្មណ៍ស្រឡះខ្លួន ក្រោយពេលបានទៅវត្តប្រគេនចង្ហាន់ដល់ ព្រះសង្ឃហើយ… ខ្ញុំយល់ ថាដូនតានឹងតាមថែរក្សាយើងវិញ។»

ងាកទៅកាន់បុគ្គលិកអប់រំវិញលោក សន ប៊ុនស៊ីម លោកយល់ថា ប្រពៃណីខ្មែរ លោកនៅតែរក្សាទុកប៉ុន្តែលោកគិត ទៅលើស្ថានភាព ជាក់ស្ដែងនៃជីវភាព។ ឈរលើគោលការណ៍នេះ នាំឱ្យលោកនិយម ចូលចិត្ត ទៅវត្តដាច់ស្រយាល ជាជាងវត្តនៅក្នុងរាជធានីភ្នំពេញ។

លោក សន ប៊ុនស៊ីម៖ «ទៅវត្តព្រោះចង់ជួបជុំអ្នកស្រុកអ្នកភូមិ និងចាស់ៗ ព្រោះខ្ញុំមិនដែលបានទៅញឹកញាប់ទេ។ ការធ្វើបុណ្យ និងធ្វើទានគឺដើម្បីសន្សំទឹកចិត្តខ្ញុំឲ្យចេះចែករំលែកជារឿយៗជាមួយសហគមន៍ដូចជាប្រគេនម្ហូបអាហារ ដល់ព្រះសង្ឃ និងហូបអាហារ ជុំគ្នាជាមួយពុទ្ធបរិស័ទឯទៀត។»

លោកបញ្ជា្របការយល់ឃើញរបស់លោកបន្ថែមទៀតថា ការធ្វើ បុណ្យ ធ្វើទាន មិនចាំបាច់ទាល់តែថ្ងៃបុណ្យធំៗ ទេ។ ពោលគឺ អាចធ្វើបានរាល់ថ្ងៃ គ្រប់កាលៈទេសៈ តាមរយៈការចែករំលែក ពេលវេលា ផ្ដល់ចំណេះដឹង និងការមិននាំទុក្ខដល់អ្នកដទៃជាដើម៕ ដោយ៖សាន ម៉ានិច្ច

ads banner