សហរដ្ឋអាមេរិកដឹកនាំកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាមេនី និងអាស៊ែបៃហ្សង់ ក្នុងគោលបំណងជំរុញសន្តិភាព
ញូយ៉ក៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានជួបជាមួយសមភាគីអាមេនី និងអាស៊ែបៃហ្សង់ នៅថ្ងៃចន្ទទី១៩ ខែកញ្ញានេះ ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង និងរក្សាបទឈប់បាញ់ដ៏ផុយស្រួយរវាងប្រទេសអតីតសហភាពសូវៀត និងជាគូប្រជែងទាំងពីរនេះ បន្ទាប់ពីការផ្ទុះឡើងនៃអរិភាពដ៏ធំបំផុតក្នុងរយៈពេលជាងពីរឆ្នាំ។
លោក ប្លីងគែន បាននាំរដ្ឋមន្ត្រីការបរទេសអាមេនី លោក Ararat Mirzoyan និងរដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់ លោក Jeyhun Bayramov ជួបគ្នានៅសណ្ឋាគារញូយ៉ក នៅខាងក្រៅមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ វាគឺជាជំនួបទល់មុខគ្នាលើកដំបូងរបស់ប្រមុខការទូតទាំងពីរចាប់តាំងពីមានការបាញ់ផ្លោងរយៈពេលពីរថ្ងៃកាលពីសប្តាហ៍មុន ដោយភាគីទាំងពីរបានបាត់បង់ទាហានជាង ២០០នាក់។
នៅក្នុងកិច្ចប្រជុំខាងលើនេះ លោក ប្លីងគែន បានបញ្ជាក់យ៉ាងដូច្នេះថា យើងត្រូវបានលើកទឹកចិត្តដោយការពិតដែលថា ការប្រយុទ្ធគ្នាបានឈប់ ហើយមិនមានការបន្តនៃការបាញ់ផ្លោងទៀតនោះទេ។ លោកថា ការចូលរួមការទូតដ៏រឹងមាំ និងនិរន្តរភាព គឺជាផ្លូវដ៏ល្អបំផុតសម្រាប់មនុស្សគ្រប់គ្នា។ មានផ្លូវឆ្ពោះទៅកាន់សន្តិភាពយូរអង្វែង ដែលអាចដោះស្រាយភាពខុសគ្នាបាន ។
ប្រទេស Caucasus ទាំងពីរត្រូវបានជាប់គាំងនៅក្នុងជម្លោះដែលមានអាយុកាលរាប់ទសវត្សរ៍នៅតំបន់ Nagorno-Karabakh ដែលជាតំបន់មួយស្ថិតនៅក្នុងប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែវាបានស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងជនជាតិភាគតិចអាមេនីជាយូរយារណាស់មកហើយ ចាប់តាំងពីសង្គ្រាមនៅទីនោះ បានបញ្ចប់ក្នុងឆ្នាំ ១៩៩៤ ។
ចំណែកក្នុងអំឡុងសង្រ្គាមរយៈពេលប្រាំមួយសប្តាហ៍ក្នុងឆ្នាំ ២០២០ អាស៊ែបៃហ្សង់បានដណ្តើមយកមកវិញនូវតំបន់ Nagorno-Karabakh និងទឹកដីជាប់គ្នាដែលកាន់កាប់ដោយកងកម្លាំងអាមេនី។ មនុស្សជាង ៦,៧០០នាក់បានស្លាប់នៅក្នុងការប្រយុទ្ធនោះ៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

