ភាពអត់ឃ្លាន កើនឡើងទ្វេដងនៅក្នុងប្រទេសដែលរងផលប៉ះពាល់ ខ្លាំងពីការប្រែប្រួលអាកាសធាតុ
អន្តរជាតិ៖ ការស្រាវជ្រាវថ្មីមួយ បង្ហាញថាភាពអត់ឃ្លានខ្លាំងបានកើន ឡើងលើសទ្វេដងក្នុងប្រទេសចំនួន ១០ ដែលរងផលប៉ះពាល់ ធ្ងន់ធ្ងរ ពី វិបត្តិអាកាសធាតុ។ ឆ្លើយតបនឹងបញ្ហានេះ អង្គការអុកស្វាម (Oxfam) បានអំពាវនាវដោយទទូចឲ្យក្រុមប្រទេសអ្នកមាន កាត់ បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យបានច្រើន និងផ្តល់សំណងដល់ ប្រទេស ដែលមានចំណូលទាប និងជាប្រទេសដែលបានបញ្ចេញ ឧស្ម័នកាបូនិកតិច។
គ្រោះរាំងស្ងួត ទឹកជំនន់ ព្យុះកំណាច និងវិបត្តិអាកាសធាតុធ្ងន់ធ្ងរ ផ្សេងទៀត បានទាញឲ្យប្រទេសចំនួន១០ ក្នុងពិភពលោក ជួប ប្រទះគ្រោះអត់ឃ្លានខ្លាំង កើនឡើងរហូតដល់ ១២៣ភាគរយ ក្នុងរយៈពេល ត្រឹមតែ ប្រាំមួយឆ្នាំចុងក្រោយ។ នេះបើតាម របាយការណ៍ របស់អង្គការអុកស្វាម ដែលបានចេញផ្សាយនៅថ្ងៃទី ១៥ កញ្ញា ឆ្នាំ ២០២២។
នៅក្នុងបណ្តាប្រទេសដែលត្រូវបានសិក្សា មានមនុស្ស ៤៨លាន នាក់ កំពុងរងគ្រោះពីភាពអត់ឃ្លានធ្ងន់ធ្ងរ កើនឡើងពីចំនួន ២១លាននាក់ក្នុងឆ្នាំ ២០១៦។
នាយកប្រតិបត្តិអន្តរជាតិរបស់អុកស្វាម អ្នកស្រី កាប៊្រីអេឡា ប៊ូខឺ (Gabriela Bucher) មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ គឺជាគ្រោះថ្នាក់ដែលកំពុងកើតឡើងនៅចំពោះមុខមនុស្សលោក។ វិបត្តិអាកាសធាតុ កំពុងធ្វើឲ្យមានគ្រោះរាំងស្ងួត ព្យុះស៊ីក្លូន និងទឹក ជំនន់កើនឡើង ៥ដងក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ ហើយវា កើតឡើងកាន់តែញឹកញាប់ និងកាន់តែកាចសាហាវជាមុន។
គួរជ្រាបថា ប្រទេសទាំង ១០ដែលរបាយការណ៍អង្គការអុកស្វាម រកឃើញថា រងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសធាតុ រួមមានប្រទេសសូម៉ាលី ហៃទី ជីប៊ូទី កេនយ៉ា នីហ្សេរីយ៉ា អាហ្វហ្គានីស្ថាន ហ្គាតេម៉ាឡា ម៉ាដាហ្គាស្ការ ប៊ូគីណាហ្វាសូ និងហ្ស៊ីមបាវ៉េ។ ភាគច្រើននៃប្រទេសទាំងនេះ ស្ថិតនៅទ្វីបអាហ្វ្រិក។
សូម៉ាលី កំពុងពើបប្រទះនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ក្នុង កំណត់ត្រា ហើយមនុស្សមួយលាននាក់បានរត់ភៀសខ្លួន ខណៈ នៅកេនយ៉ាឯណោះវិញ មានសត្វពាហនៈ ២,៥ លានក្បាលស្លាប់ និងមនុស្ស ២,៤ លាននាក់កំពុងរស់នៅជាមួយភាពស្រេកឃ្លាន។
ទាក់ទិនបញ្ហានេះ អ្នកស្រីនាយកប្រតិបត្តិអន្តរជាតិអង្គការអុកស្វាម និយាយថាមេដឹកនាំនៃបណ្តាប្រទេសដែលបញ្ចេញឧស្ម័នកាបូនិកច្រើន ត្រូវតែធ្វើតាមការសន្យារបស់ពួកគេ ក្នុងការកាត់បន្ថយការ បំភាយឧស្ម័ន។ «ប្រទេសទាំងនោះ ត្រូវតែផ្តល់ថវិកា សម្រាប់ជួយ ដល់ វិធានការសម្របខ្លួន និងការបាត់បង់ ព្រមទាំងការខូចខាត នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប ក៏ដូចជាការចាក់បញ្ចូល មូលនិធិសង្គ្រោះជីវិតភ្លាមៗ ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់ អង្គការសហប្រជាជាតិ ក្នុងការជួយដល់ប្រទេសដែលរងផលប៉ះពាល់ ខ្លាំងបំផុតពីការប្រែប្រួលអាកាសធាតុ»៕
ដោយ៖លី លីយ៉ា
ប្រភព៖