ពិធីប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្ត និងនាយករដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២២ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ទៀ សីហាអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងវត្តមានជួរអភិបាលនៃគណៈអភិបាលខេត្ត ក្រុងស្រុក ថ្នាក់ដឹកនាំអង្គភាពមន្ទីរនានា មេឃុំចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ជាច្រើនរូបបានអញ្ជើញចូលរួម។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញអំពីសកម្មភាព និងសមិទ្ធផលនានាក្នុងខេត្តទាំងអស់កើតឡើងពីការខិតខំប្រឹងប្រែង រួមគ្នារវាងថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពជំនាញជុំវិញខេត្តផងដែរ ។ ឯកឧត្តម បន្តទៀតថា កិច្ចការអភិវឌ្ឍន៍ទាំងអស់គឺមានគោលបំណងបម្រើរផលប្រយោជន៍ទូទៅ បង្កើតការងារ និងបង្កើន ប្រាក់ចំណូល ជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ជាក់ស្តែងអត្រាភាពក្រក្រីរបស់ប្រជាពលរដ្ឋក្នុងខេត្ត មានការថយចុះជាលំដាប់ ក្នុងឆ្នាំ២០២២នេះ។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឲ្យល្អ និងត្រូវគិតគូរពីបញ្ហាមួយចំនួនដូចជា៖ ទប់ស្កាត់ និងបង្ការការរីករាលដាល នៃជម្ងឺកូវីដ១៩ ឲ្យបានល្អតាមរយៈកាផ្សព្វផ្សាយវិធានការ របស់ក្រសួង សុខាភិបាល និងត្រូវពិនិត្យ និងដោះស្រាយរាល់ជំលោះ តម្រូវការរបស់ប្រជាពលរដ្ឋអោយបានត្រឹមត្រូវនិងច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់ និងបង្រ្កាបឲ្យខាងតែបានបញ្ហាគ្រឿងញៀន។

ឯកឧត្តមរដ្ឋលេខាធិការ បានសំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត បានសហការគ្នាល្អ ក្នុងការអភិវឌ្ឍន៍ឲ្យខេត្តសៀមរាប មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។ ឯកឧត្តម ប៊ុន ហុន ក៏បានជម្រុញដល់អភិបាលរងខេត្តថ្មី ក៏ដូចនាយកទរដ្ឋបាលថ្មី ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តទាំងមូលឲ្យទទួលបានភាពរីកចម្រើនទៅមុខជាលំដាប់ និង ត្រូវចុះមូលដ្ឋានឲ្យបានជាប្រចាំ នឹងដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និង ត្រូវដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា ។ ឯកឧត្តមបាន ធ្វើការណែនាំមួយចំនួនដល់អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ លើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព សំខាន់នូវអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី លើការបង្ក្រាបបទល្មើសគ្រប់រូបភាព ពិសេសល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ត្រូវចេះរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្តទេសចរណ៍មួយនេះ ឲ្យកាន់តែមានការអភិវឌ្ឍន៍ជាបន្តទៀត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើកកម្ពស់សេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀត និង ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានសុំណូមពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និង មាននកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និង កសាងខេត្ត ឲ្យទទួលបានជោគជ័យថែមទៀត។

គួរបញ្ជាក់ថា លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប ឋានន្តរស័កឧត្តមមន្ត្រីថ្នាក់លេខ៥ , លោកស្រី ម៉ននី រងី្ស អភិបាលស្រុកក្រឡាញ់ ឋានន្តរស័កឧត្តមមន្ត្រីថ្នាក់លេខ៦ , លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ឋានន្តរស័ក វរៈមន្ត្រីថ្នាក់លេខ៥ និង លោក យុន លីនណេ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃឋានន្តរស័កឧត្តមមន្ត្រីថ្នាក់លេខ៤ ត្រូវបានប្រកាសតែងតាំងជាអភិបាលរងខេត្តសៀមរាប និង ប្រកាសតែងតាំងលោក លី វណ្ណៈ នាយករងរដ្ឋបាល ឋានន្តរស័កវរៈមន្ត្រីថ្នាក់លេខ១ ជានាយករដ្ឋបាលសាលាខេត្តសៀមរាប ជំនួសលោក សុខ ថុល បានទទួលភារកិច្ចថ្មីជាផ្លូវការហើយ៕ ដោយ ស៊ាន សុផាត
